នាឡិកា ដៃផ្ទាល់ខ្លួនមួយគ្រឿង ដែលធ្លាប់បានពាក់ដោយអវកាសយានិកមួយរូបក្នុងបេសកកម្ម Apollo ១៥ ដំណើរឆ្ពោះទៅកាន់ឋានព្រះចន្ទ នឹងដាក់ដេញថ្លៃក្នុងខែតុលានេះ ដោយរំពឹងអាចដេញថ្លៃបានប្រមាណ១លានដុល្លារ ។
តើនាឡិកានេះមានរឿងរាវពិសេសអ្វីខ្លះទាក់ទងនឹងវា ដែលធ្វើឲ្យគេរំពឹងថានឹងដេញថ្លៃបានខ្ពស់បែបនេះ?
រាល់អ្នកអវកាសរបស់អង្គការណាសាទាំងអស់គឺសុទ្ធតែប្រើប្រាស់ នាឡិការបស់អង្គការ ដែលឌីហ្សាញឡើងជាពិសេស។ ប៉ុន្តែចំពោះអវកាសយានិកមួយរូបដែលមានឈ្មោះ Dave Scott បាននាំយកនាឡិកាផ្ទាល់ខ្លួនមួយផ្សេងទៀតទៅជាមួយ នៅពេលបំពេញបេសកកម្មក្នុងលំហអាកាស។ អ្វីដែលពិសេសនោះគឺនាឡិកាទីពីរ Bulova Chronograph ដែល Scott បានយកទៅជាមួយគឺមិនមានការខូចខាតដូចជានាឡិកាដែលអង្គការណាសា បានប្រគល់ឲ្យគាត់នោះឡើយ។
លោក Dave Scott បានសរសេររៀបរាប់លើលិខិតមួយដែលដាក់បញ្ចូលក្នុងការដេញថ្លៃថា លោកបានពាក់នាឡិកា Bulova Chronograph ពេលបំពេញបេសកកម្ម Apollo ១៥។ សារៈសំខាន់នៃការប្រើប្រាស់នាឡិកានេះលើឋានព្រះចន្ទគឺដើម្បី ពិនិត្យមើលបរិមាណនៃអុកស៊ីហ្សែន ទឹក និងថាមពល ដែលមាននៅក្នុងកាបូបស្ពាយពីក្រោយរបស់លោក។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០១៤ ឧបករណ៍សម្រាប់បញ្ជាការចុះចតរបស់យាន Lunar Module ដែលប្រើប្រាស់ដោយលោក Scott ដូចគ្នានេះគឺដេញថ្លៃបានប្រមាណជា ៦១០,០០០ដុល្លារ ។ ហើយចំពោះនាឡិកា Bulova Chronograph គេរំពឹងថា នឹងអាចដេញថ្លៃបានចន្លោះពី ០,៧៥លានដុល្លារទៅ១លានដុល្លារ ដោយតម្លៃដេញថ្លៃចាប់ផ្ដើមពី៥ម៉ឺនដុល្លារ៕
ប្រភព៖ CNET , sabay