Free Basics ដាក់​ឲ្យ​ប្រើ​អ៊ីនធឺណិត ដោយ​ឥតគិតថ្លៃ​នៅ​កម្ពុជា​

09-October-2015 | ដោយ ខ្លុយខ្មែរ-ID-1

Free Basics គឺជា​គម្រោង​ថ្មី​មួយ​របស់​ក្រុមហ៊ុន Facebook ដែល​ទើប​នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅលើ​ពិភពលោក ដោយ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី ២២ ដែល​ក្រុមហ៊ុន Facebook ដាក់​ដំណើរការ​គម្រោង​ប្រើ​អ៊ីនធឺណិត​ដោយ​ឥតគិតថ្លៃ​នេះ​។

​គោលបំណង​នៃ​គម្រោង​នេះ​ដែលមាន​ការសហការ​ពី​ក្រុមហ៊ុន Smart នេះ​គឺ​ដើម្បី​ភ្ជាប់​ប្រជាជន​កម្ពុជា​ច្រើនជាង ១​លាន​នាក់​ឲ្យ​មានលទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត​កម្រិត​មូលដ្ឋាន​ដោយ​ឥតគិតថ្លៃ​។​

​កញ្ញា Anna Nygren ដែល​តំណាង​ក្រុមហ៊ុន Facebook បាន​មានប្រសាសន៍ថា​៖ ” ភាពជា​ដៃគូ​នេះ នឹង​ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​រាប់លាន​នាក់​របស់​កម្ពុជា ដែល​មិនមាន​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត​បាន ព្រោះ​ការប្រើប្រាស់​អ៊ីនធឺណិត​មាន​សារសំខាន់​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ និង​មាន​ភាពងាយស្រួល​ទំនាក់ទំនង​ជាង​មុន​។​

​គម្រោង​ថ្មី​នេះ នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា អាច​ទទួលបាន​នូវ​សំណុំ​គេហទំព័រ ( Website) កម្រិត​មូលដ្ឋាន​ដ៏​មាន​ប្រយោជន៍ ដែល​ទាក់ទង​ទៅនឹង​បញ្ហា​សុខភាព ការអប់រំ ការស្វែងរក​ព័ត៌មាន​អំពី​ការងារ និង​ការផ្ដល់សេវា​ក្នុងស្រុក ដោយ​មិន​គិត​ប្រាក់​សូម្បី​មួយ​សេន​។​
 
​គម្រោង​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​កម្រិត​មូលដ្ឋាន​ដោយ​ឥតគិតថ្លៃ របស់ Facebook បាន​ចូលរួម​សហការ​ដោយ​ក្រុមហ៊ុន Smart Axiata​។​

​លោក Thomas Hundt ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​រសៀល​ម្សិលមិញ​ថា ការសហការ​ជាមួយ​ក្រុមហ៊ុន Facebook ដែលជា​ក្រុមហ៊ុន​ធំ​នៅក្នុង​ពិភពលោក អាចជួយ​ឲ្យ​វិស័យសេដ្ឋកិច្ច​ប្រទេស​កម្ពុ​ជាមាន​ភាព​រីកចម្រើន ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាជនមាន​ការកើនឡើង និង​ធ្វើអោយ​សង្គម​មានការ​អភិវឌ្ឍ​ន៍​។​
 
​ប្រជាជន​កម្ពុជា​ដែល​ប្រើប្រាស់​សេវា​របស់​ក្រុមហ៊ុន Smart អាច​ចូលទៅ​ប្រើប្រាស់​គេហទំព័រ​កម្រិត​មូលដ្ឋាន​មួយចំនួន​ដែលមាន​ប្រយោជន៍ ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​រួមមាន គេហទំព័រ​របស់ Facebook, Dictionary.com, wikipedia, Ask, Bing, Messenger ជាដើម​។ សេវាកម្ម​នឹង​បាន​ចាប់ដំណើរការ​ចាប់ពី​ថ្ងៃ​ថ្ងៃនេះ​តទៅ​។​

​ប្រិយមិត្ត អាច​ប្រើ​គម្រោង Free Basic ដោយ​ចូលទៅ​ទាញ App នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដោយ​វាយ​ពាក្យ​ថា free basics ឬ​អាច​ប្រើ​ដោយ​ចូល​លើ​វិ​ប​សាយ www.freebasics.com ដើម្បី​ប្រើប្រាស់​អ៊ីនធឺណិត​កម្រិត​មូលដ្ឋាន​ដោយ​ឥតគិតថ្លៃ ៕

​ប្រភព​៖ sabay

ចំនួនអ្នកទស្សនា

    20470067

  • ថ្ងៃនេះ1261
  • ម្សិលមិញ4461
  • សប្តាហ៍នេះ5731
  • ខែនេះ27611
  • ឆ្នាំនេះ27611
  • សរុប20470067