ថ្មីៗនេះ មានព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនភេសជ្ជៈ Pepsi នឹងធ្វើការប្រកាសនូវទូរសព្ទស្មាតហ្វូនដំបូងរបស់ខ្លួននៅក្នុង ប្រទេសចិនឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនប្រាប់ទៅកាន់សារព័ត៌មាន Reuters។
ក្រុមហ៊ុនផលិតភេសជ្ជៈ PepsiCo នៅក្នុងប្រទេសចិនបានសហការជាមួយដៃគូរបស់ខ្លួនថា នឹងផលិតទូរសព្ទស្មាតហ្វូនមួយម៉ូដែលក្រោម Brand របស់ខ្លួនផ្ទាល់។ តែក្រុមហ៊ុនបានបញ្ជាក់ថា ទូរសព្ទស្មាតហ្វូននោះគឺមិនមែនខ្លួនជាអ្នកផលិតផ្ទាល់នោះទេ តែជាក្រុមហ៊ុនដៃគូទៅវិញ។
ទូរសព្ទស្មាតហ្វូនដែលគ្រោងនឹងប្រកាសនោះមានឈ្មោះថា Pepsi P1 ដែលជាប្រភេទទូរសព្ទមានតម្លៃសមរម្យមួយ។ ចំណែកឯលក្ខណៈសម្បត្តិរបស់វាវិញ តាមរូបភាពដែលបានបែកធ្លាយបានបង្ហាញថា Pepsi P1 គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop, បំពាក់ដោយអេក្រង់ទំហំ ៥,៥ អ៊ីញកម្រិតបង្ហាញ 1080p , CPU ល្បឿន 1.7GHz , ទំហំ RAM 2GB , ទំហំម៉េមូរី 16 GB និងមានថាមពលថ្ម 3,000 mAh ។
បន្ថែមទៀតនោះ Pepsi P1 នឹងបំពាក់ដោយកាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខទំហំ 5MP។ ចំណែកកម្រាស់វិញគឺស្ដើងត្រឹមតែ ០,៣០ អ៊ីញតែប៉ុណ្ណោះ។
ចំពោះថ្ងៃប្រកាសវិញតាមការបង្ហាញនៅលើ គេហទំព័រ mashable បានឲ្យដឹងថា Pepsi P1 ប្រហែលជានឹងបង្ហាញខ្លួនក្នុងខែតុលានេះតែម្ដង។ ចំណែកឯតម្លៃវិញគឺប្រហែលជា ២០៥ ដុល្លារតែប៉ុណ្ណោះ៕
ប្រភព៖ mashable , sabay