Youtube នឹងផ្ដល់ជម្រើសដល់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន អាចទស្សនាវីដេអូផ្សេងៗដោយមិនចាំបាច់ឃើញពាណិជ្ជកម្ម, Save វីដេអូទុកមើលពេលអត់អ៊ីនធឺណិត និងចូលប្រើប្រាស់សេវាកម្មបទចម្រៀងរបស់ Google ដោយគ្រាន់តែបង់មួយខែ១០ដុល្លារ។
គម្រោងនេះមានឈ្មោះថា “Red” នឹងចាប់ផ្ដើមនៅសហរដ្ឋអាមេរិកមុនសិន ចាប់ពីថ្ងៃទី២៨ ខែតុលានេះ ជាមួយនឹងការហ្វ្រីសាកល្បងមួយខែ។ បើទោះបី Youtube នឹងដំណើរការនូវគម្រោងថ្មីនេះក្ដី ប៉ុន្តែអ្នកដែលមិនចង់ទិញសេវានេះ នៅតែអាចមើលវីដេអូដែលមានការផ្សាយពាណិជ្ជកម្មខ្លះៗមកជាមួយ ដូចធម្មតាដដែល។
ខាង Youtube ឲ្យដឹងថា ចំណូលជាចម្បងរបស់ខ្លួនគឺបានមកពីរការផ្សាយពាណិជ្ជកម្ម ដូច្នេះខ្លួនត្រូវតែរកមធ្យោបាយផ្សេងទៀតដើម្បីបង្កើតប្រាក់ចំណូល ដូចដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតកំពុងតែធ្វើដែរ។
មុខងារ Red ត្រូវគេទាយថា អាចស្រដៀងគ្នានឹងវិបសាយ Hulu ដែលអាចឲ្យគេទស្សនាភាពយន្តភាគតាមអនឡាញ ដូច NBC និង FOX។ Hulu ចាប់ផ្ដើមដំបូងជាវិបសាយហ្រ្វី ប៉ុន្តែឥឡូវវាគិតលុយ មួយខែ៨ដុល្លារ និង១២ដុល្លារសម្រាប់ការទស្សនាដោយគ្មានការជ្រៀតជ្រែកពី ពាណិជ្ជកម្ម៕
ប្រភព៖ CNN , sabay