ភពផែនដីអាចប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារតែការធ្វើដំណើរឆ្លងកាត់កាឡាក់ស៊ីរបស់ព្រះអាទិត្យ អាចបណ្ដាលឲ្យមានផ្កាយដុះកន្ទុយហោះមកបុកភពផែនដីបាន។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្ត្រ។
ក្រុមអ្នកស្រាវជ្រាវបានកំណត់ពីវដ្ដ២៦លានឆ្នាំ នៃផលប៉ះពាល់របស់ផ្កាយដុះកន្ទុយមកលើផែនដី ដែលស្របនឹងពេលវេលានៃការផុតពូជរបស់ជីវិតកាលពី២៦០លានឆ្នាំមុន។ ព្រឹត្តិការផុតពូជ Doomdays កាលពី២៦០លានឆ្នាំមុននេះ កើតមានឡើងដោយសារចលនារបស់ព្រះអាទិត្យធ្វើដំណើរឆ្លងកាត់ Milky Way។
ការធ្វើដំណើរឆ្លងកាត់នេះបានប៉ះពាល់ដល់កម្លាំងទំនាញរបស់ Oort Cloud ដែលគេជឿថា វាបានបណ្ដាលឲ្យកើតមានព្យុះផ្កាយដុះកន្ទុយធ្លាក់មកចំផែនដី។ បាតុភូតនេះគេជឿថា បានកើតមានឡើងនៅលើកចុងក្រោយបង្អស់កាលពី១១លានឆ្នាំមុន ដែលពេលវេលាដូចគ្នាទៅនឹងការផុតពូជនៅ Middle Miocene ដែរ។
បើយោងតាមលោក Michael Rampino សាស្ត្រាចារ្យខាងផ្នែកភូមិសាស្ត្រ បានមានប្រសាសន៍ថា វាអាចជាការយល់ខុសដែលគិតថា បច្ចុប្បន្ននេះគឺជាសម័យកាលមានសុវត្ថិភាពមួយ។ លោកបានបន្តថា មានភស្តុតាងមួយចំនួនបានបញ្ជាក់ថា ផ្កាយដុះកន្ទុយមានសកម្មភាពខ្លាំងក្លាឡើងក្នុងរយៈពេល១ទៅ២លានឆ្នាំចុងក្រោយនេះ ហើយមានផ្កាយដុះកន្ទុយខ្លះទៀតគឺស្ថិតនៅលើកន្លងដល់ផ្ដល់ការគំរាមកំហែងដល់ផែនដី។ ដូចនេះព្យុះផ្កាយដុះកន្ទុយអាចនឹងកើតមានឡើងក្នុងសម័យកាលបច្ចុប្បន្ននេះ។
គួររំលឹកថា កន្លងមកអ្នកវិទ្យាសាស្ត្របានរកឃើញពីបាត់ភូតផុតពូជមួយរបស់សត្វដាយណូស័រដែលបានកើតមានឡើងកាលពី៦៥លានឆ្នាំមុន ដោយបណ្ដាលមកពីផ្កាយដុះកន្ទុយ ឬ ដុំអាចម៍ផ្កាយទំហំធំហោះមកប៉ះផែនដី៕
ប្រភព៖ DailyMail , sabay