តារា សម្ដែងនិងចម្រៀងប្រុសស្រី២រូបគឺ Im Siwan និង Suzy ត្រូវបានអ្នកដឹកនាំក្នុងឧស្សាហកម្មសិល្បៈកូរ៉េបោះឆ្នោតជាតារា KPOP ដែលអាចសម្ដែងរឿងល្អជាងគេនាពេលបច្ចុប្បន្ន។
ការបោះឆ្នោត នេះមានការចូលរួមពីអ្នកដឹកនាំក្នុងឧស្សាហកម្មសិល្បៈកូរ៉េប្រមាណ ជាង៤០នាក់ ដោយត្រូវជ្រើសរើសកំពូលតារាសម្ដែងប្រុស៥នាក់និងស្រី៥នាក់ដែល កំពុងមានប្រជាប្រិយភាពនិងសម្ដែងល្អក្នុងបច្ចុប្បន្ន។
កាលពីថ្ងៃទី១ ខែ វិច្ឆិកា លទ្ធផលបោះឆ្នោតបានបង្ហាញតាមគេហទំព័រ TV Report ដោយសម្រាប់ផ្នែកខាងបុរស តារាសម្ដែង Im Siwan សមាជិកក្រុមចម្រៀង ZE:A ឈរលេខ១មាន៤៩ពិន្ទុ។ Siwan បានសម្ដែងក្នុងរឿងមួយចំនួនមុនពេលទទួលបានការគាំទ្រខ្លាំងនៅ ឆ្នាំ២០១៣ក្នុងរឿង “The Attorney”។ លេខ២ ធ្លាក់ទៅលើ Yook Sungjae សមាជិកក្រុមចម្រៀង BtoB ទទួលបាន២៧ពិន្ទុ។ គេទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនារឿងកូរ៉េតាមរយៈរឿង “Reply 1994″ សម្ដែងជាតួឈ្មោះ Sooksookie ។
ឯ D.O សមាជិកក្រុម EXO ស្ថិតនៅលេខ៣ បានសំឡេងឆ្នោត២២ពិន្ទុ។ តារាមាឌល្អិតនេះ បានបន្តល្បីខ្លាំងជាតារាដែលមានការសំដែងស្ទាត់ជំនាញ។ លេខ៤បានទៅសមាជិក ZE:A ម្នាក់ទៀតគឺ Park Hyung Sik មាន១៦ពិន្ទុ ដែលទទួលកាចាប់ចិត្តពីអ្នកទស្សនាតាមរយៈតួឈ្មោះ Cha Dal Bong in “What”s Happening To My Family?” ខណៈដែរ Choi Siwon ក្នុងក្រុម Super Junior គ្រងដំណែងលេខ៥មាន១៤ពិន្ទុ។
ក្រឡេកទៅខាងតារាសម្ដែងស្រីវិញ Suzy ក្រុម Miss A ជាប់លេខ១ជាតារាសម្ដែងស្រីល្អពេលបច្ចុប្បន្នទទួលការបោះឆ្នោត៥១ ពិន្ទុ។ នាងបានត្រលប់មកវិញសម្ដែងក្នុងរឿង “Dorihwaga” ក្នុងឆ្នាំនេះហើយក៏ត្រៀមនឹងសម្ដែងរឿងថ្មីជាមួយតារាសម្ដែង ប្រុស Kim Woo Bin ក្នុងពេលឆាប់ៗនេះដែរ។ លេខពីរបានទៅ Jung Eun Ji ក្រុម A Pink ដែលបានបង្កើតចំណាប់អារម្មណ៍ពីអ្នកទស្សនាតាមរយៈរឿង “Reply 1997″ និង “Trot Lovers” និងមានសំឡេងឆ្នោត៣៨ពិន្ទុ។
រីឯ IU ឈរលេខ៣មាន ២២ពិន្ទុ។ នាងបានសម្ដែងក្នុងរឿង “Producer” របស់ទូរទស្សន៍ KBS ។ Seolhyun ក្រុម AOA នៅលេខ៤មាន១៤ពិន្ទុដែលបានបង្កើតប្រជាប្រិយភាពតាមរយៈរឿង ”Gangnam 1970″ និង Hyeri ក្រុម Girl”s Day មាន៩ពិន្ទុគ្រងលេខ៥។
ប្រភព៖ ohkpop , sabay