៩០ភាគរយនៃខ្សែភាពយន្ត “ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ: ការចងចាំរបស់កុមារីម្នាក់” ដែល ដឹកនាំដោយតារាអាមេរិក Angelina Jolie នឹងត្រូវថតនៅក្នុងខេត្តសៀមរាប ហើយប្រជាជនខ្មែរប្រមាណ ២០០០ទៅ៣០០០នាក់ នឹងចូលរួមសម្ដែង រួមទាំងការងារផ្សេងៗក្នុងដំណើរការថត។
តារាល្បីក្នុងវិស័យមនុស្សធម៌ Angelina Jolie បានមកស្វែងរកទីតាំងថតខ្សែភាពយន្ត ដែលជាស្នាដៃដឹកនាំថ្មីបំផុតរបស់នាង នៅខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីខែមុន។ ហើយឥលូវនេះ សារព័ត៌មានអង់គ្លេស DailyMail បានបង្ហាញរូបភាពជាច្រើនសន្លឹកពីទីតាំងសម្រាប់ថតខ្សែ ភាពយន្ត និងការរៀបចំ។
តារាសម្ដែងវ័យ ៤០ឆ្នាំនឹងដឹកនាំក្រុមការងាររួមទាំងប្រជាជនកម្ពុជាជាច្រើននាក់ សម្រាប់ការផលិតខ្សែភាពយន្តបែបប្រវត្តិសាស្ត្រនេះ ហើយកូនប្រុសច្បង Maddox របស់តារារូបនេះ ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ក៏នឹងចូលរួមយ៉ាងសកម្មផងដែរ។
ក្រុមការងារផលិតខ្សែភាពយន្តមួយនេះបានបង្ហើបថា ពួកគេអាចនឹងប្រឈមមុខនឹងបញ្ហាលំបាកៗជាច្រើន ដោយទីតាំងថតទាំងនោះ គឺជាតំបន់ដាច់ស្រយាលដែលសម្បូរដោយសត្វមានពិស ដូចជាពីងពាង ខ្យាដំរី ពស់វែក … ហើយអ្វីដែលកាន់តែពិបាកនោះ គឺថាប្រសិនបើមានបញ្ហាផ្សេងៗ ពួកគេត្រូវចំណាយពេលយ៉ាងហោច ៤៥នាទីទើបទៅដល់មន្ទីរពេទ្យ។
តារាសម្ដែង Angelina នឹងស្នាក់នៅប្រទេសកម្ពុជាមួយរយៈ កំឡុងពេលដឹកនាំខ្សែភាពយន្តនេះចាប់ពីខែវិច្ឆិកានេះ រហូតដល់ខែកុម្ភៈឆ្នាំ២០១៦។
ស្ត្រីជាអ្នកភូមិខ្មែរម្នាក់ដែលបានចូលរួមក្នុងដំណើរការថត ខ្សែភាពយន្តនេះបានឲ្យដឹងថា ភាពយន្តនេះបានផ្ដល់ការងារដល់ប្រជាជនកម្ពុជាជាច្រើននាក់ ជាពិសេសប្រជាជនក្រីក្រនៅតំបន់នោះ។
“ឥលូវនេះអ្នកភូមិជាង១០០នាក់ ត្រូវបានផ្ដល់ការងារសម្រាប់ការរៀបចំថតខ្សែភាពយន្តនេះ ដូចជាការរៀបចំទីតាំងថត រៀបចំដាំដំណាំចេក ដាំស្រូវ ចម្ការដំឡូង ក៏ដូចជាដេរសំលៀកបំពាក់ឯកសណ្ឋានក្នុងសម័យខ្មែរក្រហមជាដើម។ ពួកគេអាចទទួលបានប្រាក់ពី ១៥ដុល្លារ ទៅ២៥ដុល្លារ ក្នុងមួយថ្ងៃ អាស្រ័យតាមទំហំការងាររៀងៗខ្លួន ដែលនេះគឺជាចំណូលខ្ពស់សម្រាប់អ្នកភូមិនៅទីនេះ”។
“ភាពយន្តនេះពិតជាល្អណាស់សម្រាប់អ្នកភូមិខ្មែរយើង ដោយសារពេលនេះរដូវធ្វើស្រែបានបញ្ចប់។ ដូច្នេះហើយការងារទាំងនេះអាចឲ្យពួកគាត់រកចំណូលបានខ្លះៗកំឡុង ពេលរដូវលម្ហើយនេះ” ៕
ប្រភព៖ dailymail , sabay