តារាសម្ដែងវ័យ ៤៤ ឆ្នាំ Athena Chu បាននិយាយពីរឿងស្នេហារវាងខ្លួននិង “ស្ដេចកំប្លែងហុងកុង” ជាលើកទីមួយ ក្រោយបែកគ្នាអស់រយៈពេលជាង ២០ ឆ្នាំ។
Athena Chu និង Stephen Chow បានជួបនិងស្រលាញ់គ្នាក្នុងឆ្នាំ ១៩៩២ នៅពេលសហការគ្នាក្នុងរឿង “Fight Back to School 2”។ តារាសម្ដែងទាំងពីរបានចែកផ្លូវគ្នាដើរ ក្រោយស្រលាញ់គ្នាបាន ៣ ឆ្នាំ។ នៅពេលនោះ Athena ប្រកាសថារវាងខ្លួននិង ទិនហ្ វីគឺអស់និស្ស័យនឹងគ្នាគ្មានអ្វីត្រូវនិយាយទៀត បើជួបគ្នានៅថ្ងៃក្រោយក៏មិនមែនមិត្តភ័ក្ដិនឹងគ្នាទៀតដែរ។
យ៉ាងណាមិញនៅពេលចូលរួមក្នុងកម្មវិធីជជែកកម្សាន្តមួយនៅពេលថ្មីៗនេះ Athena បានផ្លាស់ប្ដូរការគិតចំពោះចំណងស្នេហ៍មួយនេះ។ ក្នុងកែវភ្នែករបស់នាង ហេតុផលដែលនាំឲ្យពួកគេបែកគ្នាបានផ្លាស់ប្ដូរ។ “កំហុសឆ្គងមិនស្ថិតនៅតែភាគីម្ខាង តែនៅទាំងសងខាង។ ខ្ញុំក៏មានភាពរឹងរូសរបស់ខ្ញុំ គេក៏មានភាពឆ្មើងឆ្មៃផ្ទាស់ខ្លួន។ ពួកយើងស្រលាញ់គ្នាដោយភាគីទាំងសងខាងមានភាពទាក់ទាញរៀងៗខ្លួន ប៉ុន្តែដើម្បីកាន់ដៃគ្នាដើរទៅដល់ទីបញ្ចប់ត្រូវមានភាពដូចគ្នាទាំងការគិតនិងជំហរ”។ តារាសម្ដែងស្រីរូបនេះបានប្រាប់ឲ្យដឹងថា គំនិតផ្ទុយពីគ្នាជាមូលហេតុនាំឲ្យចំណងស្នេហាមួយនេះត្រូវប្រេះស្រាំ។
Athena Chu ទទួលស្គាល់ថាធ្លាប់មានរយៈពេលមួយនាងឈឺចាប់ខ្លាំងក្រោយពេលបែកគ្នា។ នាងត្រូវចំណាយពេលអស់បីឆ្នាំដើម្បីធ្វើចិត្តឡើងវិញ និងរៀនចេះស្រលាញ់ខ្លួនឯង។ “រឿងគ្រប់យ៉ាងបានក្លាយទៅជាអតីតកាលទៅហើយ។ នៅពេលនេះខ្ញុំអរគុណមនុស្សទាំងឡាយណាដែលបានឆ្លងកាត់ជីវិតខ្ញុំ។ ទោះល្អឬអាក្រក់ក្ដី ពួកគេសុទ្ធតែបានជះឥទ្ធិពលមកលើជីវិតខ្ញុំ ធ្វើឲ្យខ្ញុំក្លាយជាមនុស្សម្នាក់ដូចសព្វថ្ងៃ”។ តារាសម្ដែងចែករំលែក។
ក្រោយបែកពី ទិន ហ្វី Athena Chu មានទំនាក់ទំនងស្នេហាជាមួយកវីនិពន្ធចម្រៀង Paul Wong។ អ្នកទាំងពីរបានស្វែងយល់ចិត្តគ្នាអស់រយៈពេល១០ ឆ្នាំ មុនពេលសម្រេចចិត្តរៀបការក្នុងឆ្នាំ ២០១២។ ប្ដីប្រពន្ធមួយគូនេះមានកូនស្រីម្នាក់។ Athena បានឲ្យដឹងថាស្វាមីនាងជាមួយមនុស្សបែបប្រពៃណី និងមានគំនិតដូចនាង ដែលជាអ្វីនាងចង់បាន៕
ប្រភព៖ giaitri , sabay