មហាសេដ្ឋី ទឹកប្រាក់ពាន់លានដុល្លារហុងកុង Joseph Lau បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ក្រោយសម្រេចទិញពេជ្រខៀវដ៏ធំ២គ្រាប់ តម្លៃដល់ទៅ៧៧លានដុល្លារអាមេរិក ក្នុងការលក់ដេញថ្លៃមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឲ្យកូនស្រីអាយុទើបតែ៧ឆ្នាំរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោក Lau បានឈ្នះការទិញដេញថ្លៃគ្រាប់ពេជ្រពណ៌ដ៏កម្រមួយគ្រាប់ទំហំ ១២,០៣ការ៉ាត់ ឬហៅ Blue Moon Diamond ដែលបានលក់តាំងពីយប់ថ្ងៃពុធ ក្នុងតម្លៃ ៤៨,៥លានដុល្លារ និងជាពេជ្រថ្លៃជាងគេបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ចំណែកមួយគ្រាប់ទៀតមានពណ៌ស៊ីជម្ពូ ទំហំ ១៦,០៨ការ៉ាត់ តម្លៃ ២៨,៥លានដុល្លារ ដែលទិញបានមុនមួយយប់ថ្ងៃពុធ។
ពេជ្រទាំងពីរគ្រាប់នេះ ត្រូវបានលោក Joseph Lau ដាក់ឈ្មោះថ្មីថាទីមួយ«The Blue Moon of Joesphine » និងពេជ្រស៊ីជម្ពូឈ្មោះ «Sweet Josephine»។ លោក Lau មានជំនួញក្រុមហ៊ុនអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិ ៩,៩ពាន់លានដុល្លារ និងមានទម្លាប់ទិញពេជ្រ និងត្បូងថ្លៃៗឲ្យកូនរបស់ខ្លួន។
កាលពីឆ្នាំ ២០០៩ ក្នុងបន្ទប់លក់ដេញថ្លៃនៅទីក្រុងហ្សឺណែវដូចគ្នា លោកក៏បានទិញពេជ្រខៀវមួយគ្រាប់ដែរ ទំហំ ៧,០៣ការ៉ាត់ តម្លៃ ៩,៥លានដុល្លារ ឈ្មោះ «Star of Josephine»។
ចំណែកកាលពីខែវិច្ឆិកាឆ្នាំមុន មហាសេដ្ឋីរូបនេះក៏បានទិញត្បូងពីរគ្រាប់ទៀតដែរឲ្យកូនស្រីវ័យ ១៣ឆ្នាំ ឈ្មោះ Zoe ដោយមួយគ្រាប់ពណ៌ខៀវទំហំ ៩,៧៥ការ៉ាត់តម្លៃជាង ៣៣លានដុល្លារ នៅញ៉ូយក សហរដ្ឋអាមេរិក ដាក់ឈ្មោះថា «Zoe Diamond» និងមួយគ្រាប់ទៀតត្បូងទទឹមទំហំ ១០,១ការ៉ាត់តម្លៃ ៨,៤លានដុល្លារ មានឈ្មោះ «Zoe Red»។
ទោះជាយ៉ាងនេះក្ដី លោក Lau ត្រូវបានតុលាការទីក្រុងម៉ាកាវចោទប្រកាន់ពីបទស៊ីសំណូកពុករលួយ ចរាចរលុយកខ្វក់ ដោយកាត់ទោសឲ្យជាប់ពន្ធនាគារជាង៥ឆ្នាំ ប៉ុន្តែលោកមិនបានចូលរួមសវនាការឡើយ ហើយលោកនៅតែមានសេរីភាពដដែល៕
ប្រភព៖ cbsnews , sabay