ការចំណាយពេលវេលា ជាមួយនឹងក្រុមគ្រួសារ ពិតជាសំខាន់ និងជួយឲ្យអ្នកបានបន្ធូរអារម្មណ៍ច្រើនណាស់។ ជាការពិតណាស់ គ្រប់ពេលដែលអ្នក ស្ថិតនៅក្បែរក្រុមគ្រួសារ កូនរបស់អ្នក ពិតជាមិនអាចភ្លេច អនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ទាំងនោះបាននោះទេ។
កូនក្មេង អាចនឹងជួបបញ្ហាស្ត្រេស ប្រសិនបើអ្នក មិននាំកូនដើរលេង ឲ្យបានញឹកញាប់នោះទេ។ ការដើរលេងនេះ អាចជាការលំហែរកំសាន្ត ថ្ងៃឈប់បុណ្យទាន នៅតាមទីរមណីយដ្ឋាននានា ឆ្នេរសមុទ្រ ដើរផ្សារទិញឥវ៉ាន់ សួនច្បារ ឬកន្លែងក្មេងលេងជាដើម។
ការដើរលេងក៏ជួយឲ្យអ្នក បានសម្រាកពីសម្ពាធការងារ និងកសាងសុភមង្គលក្នុងគ្រួសារដែរ។
អ្នកជំនាញផ្នែកសុខភាព បាននិយាយថា កូនក្មេង អាចនឹងទទួលយក បញ្ហាទាំងអស់ដែលឪពុកម្តាយមាន។ ជាមួយគ្នានេះផងដែរ អារម្មណ៍នៃភាពឯកោ និងបញ្ហាធ្លាក់ទឹកចិត្ត នឹងកើតមាន ប្រសិនបើកុមារ ខ្វះការយកចិត្តទុកដាក់ ពីឪពុកម្តាយ។
ដំណើរកំសាន្ត ជួយឲ្យកុមារបាត់ទុក្ខកង្វល់
ថ្ងៃឈប់សម្រាក ឬដំណើរកំសាន្ត ជួយឲ្យកូនរបស់អ្នក បានធូរស្រាលក្នុងអារម្មណ៍ ពីព្រោះកុមារ ត្រូវការពេលវេលាសម្រាក បន្ទាប់ពីគេខិតខំរៀនសូត្រ អស់រយៈពេលជាច្រើនខែ។ សព្វថ្ងៃ សិស្សគ្រប់គ្នាតែងរវល់ ជាមួយនឹងកិច្ចការសាលាជាច្រើន អំឡុងពេលសិក្សា។ ដូច្នេះ ប្រសិនបើមានថ្ងៃឈប់សម្រាកហើយ តែគេបែរជាមិនបាន ដើរលំហែរខួរក្បាល នោះបញ្ហាធុញថប់របស់គេ នឹងចេះតែកើនឡើង។ ដូច្នេះហើយ ទើបសាលាថ្លៃៗមួយចំនួន តែងតែនាំកូនសិស្សរបស់ខ្លួនជាក្រុម ធ្វើដំណើរកំសាន្តតាមរម្មណីដ្ឋាននានា អំឡុងពេលថ្ងៃឈប់សម្រាក។
ដំណើរកំសាន្ត ជួយរក្សាទំនាក់ទំនងល្អ រវាងអ្នក និងកូន
សព្វថ្ងៃនេះ ឪពុកម្តាយជាច្រើន មិនសូវបានមើលថែទាំកូន បានដឹតដល់នោះទេ ដោយសារតែពួកគេ រវល់នឹងការងារចិញ្ចឹមជីវិត។ ក្រោយពេលត្រឡប់ពីធ្វើការវិញ គេមានតិចតួចបំផុត ដើម្បីលេងជាមួយកូន ឬគ្មានតែម្តង។ ដូច្នេះ ដំណើរកំសាន្តថ្ងៃចុងសប្តាហ៍ ពិតជាអាចដោះស្រាយ បញ្ហាមួយចំនួនបាន។
អ្នកអាចឆ្លៀតពេល បង្រៀនកូនបាន
សាលាបានបង្រៀនកូនអ្នក នូវរឿងរ៉ាវជាច្រើន ប៉ុន្តែ មិនមែនគ្រប់រឿងនោះទេ ពីព្រោះ មានរឿងច្រើនណាស់ ដែលអ្នកអាចបង្រៀនកូន ពីអ្វីដែលសាលាមិនបានបង្រៀន។ អ្នកណែនាំគេ អំពីទំនាក់ទំនងសង្គម និងការគោរពចាស់ទុំជាដើម។
ចំណាយពេលនៅជាមួយគ្នា ធ្វើការងារជាមួយគ្នា
ចូរសាកល្បងសកម្មភាពថ្មីៗ ដែលកូនអ្នកចង់ធ្វើ ដូចជា រៀនចម្អិនម្ហូប ដាំដំណាំ ឬផ្កាក្នុងសួន ផាត់រូប ...។
ធ្វើខ្លួនឲ្យរីករាយ និងក្មេងវ័យ
វិធីសាស្ត្របន្ធូរអារម្មណ៍ និងទប់ស្កាត់ការចាស់ជរា ដែលល្អបំផុតសម្រាប់អ្នក និងកូន គឺដំណើរកំសាន្តនេះហើយ។ ចូរស្វែងរកកន្លែងណា ដែលមានបរិយាកាសល្អ ឆ្ងាយពីខ្យល់ពុលក្នុងទីក្រុង ដើម្បីរកសេចក្តីសុខផ្ទាល់ខ្លួន ជាមួយនឹងក្រុមគ្រួសារ នោះទំនាក់ទំនងរបស់អ្នករាល់គ្នា នឹងកាន់តែល្អប្រសើរឡើង ហើយអ្នកក៏មិនអាចភ្លេច អនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនេះផងដែរ៕
ប្រភព៖ Health