តារាចម្រៀងប៉ុប Justin Bieber នឹងត្រូវចេញប្រគំតន្ត្រីទេសចរណ៍ជាលើកដំបូងនៅឆ្នាំក្រោយ បន្ទាប់ពីខកខានធ្វើអស់រយៈពេល៣ឆ្នាំ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលប្រសិនបើអ្នកគាំទ្រចង់ជួប និងថតរូប selfie ជាមួយតារាវ័យក្មេងនេះត្រូវចំណាយប្រាក់ ២០០០ដុល្លារ។
ការប្រគំតន្ត្រីទេសចរណ៍នេះបានចែកសំបុត្រ VIP ជា២ប្រភេទដែលអ្នកគាំទ្រអាចរកទិញបាន ដើម្បីបានជួប Justin មុនការប្រគំតន្ត្រី។ កញ្ចប់សំបុត្រទី១មានឈ្មោះថា “The Ultimate #Purpose Experience” ដែលមានតម្លៃ២០០០ដុល្លារសម្រាប់មនុស្សម្នាក់ និងកញ្ចប់សំបុត្រទី២គេឲ្យឈ្មោះថា “The ‘I’ll Show You’ VIP #Purpose Experience” មានតម្លៃថោកជាងកញ្ចប់សំបុត្រទី១ត្រឹមតែ៩២៥ដុល្លារសម្រាប់មនុស្សម្នាក់។
អ្នកដែលទិញសំបុត្រប្រភេទទី១ “The Ultimate #Purpose Experience” គឺអនុញ្ញាតឲ្យថតរូប selfie ជាមួយអតីតមិត្តប្រុស Selena Gomez នៅខាងក្រៅឆាកនិងបានឈរជិតឆាកពេលដែលការប្រគំតន្ត្រីចាប់ផ្ដើម។ រីឯ សំបុត្រប្រភេទទី២ “The ‘I’ll Show You’ VIP #Purpose Experience” អ្នកគាំទ្រអាចជួបនិងនិយាយសំណេះសំណាលជាមួយ Justin ប៉ុន្តែមិនអនុញ្ញាតឲ្យថតរូប selfie ទេ បានត្រឹមតែទទួលអាល់ប៊ុមរូបថតតែប៉ុណ្ណោះ។
នេះមិនមែនជាលើកទី១របស់ Justin Bieber ដែលធ្វើបែបនេះ កាលពីការប្រគំតន្ត្រីទេសចរណ៍ចុងក្រោយរបស់គេសម្រាប់អាល់ប៊ុម ចម្រៀង “Believe” អ្នកគាំទ្រដែលទិញសំបុត្រ VIP ជាកញ្ចប់ត្រូវបង់៦៥០ដុល្លារ។ ប៉ុន្តែសម្រាប់តម្លៃ២០០០ដុល្លារខាងលើគឺនៅថោកជាងតម្លៃសំបុត្រ VIP នៃការប្រគំតន្ត្រីទេសចរណ៍រួមគ្នារវាង Nick Jonas និងDemi Lovato ដែលមានឈ្មោះថា “FUTURE NOW: THE TOUR” មានតម្លៃដល់ទៅ១០ ០០០ដុល្លារឯណោះ។
ប្រភព៖ nydailynews , sabay