ក្រុមហ៊ុន ទូរសព្ទមួយរបស់ប្រទេសចិនបានបង្ហាញទូរសព្ទស៊េរីថ្មីរបស់ខ្លួន មានតម្លៃទាបមិនគួរឲ្យជឿ ស្របពេលដែលវាមានលក្ខណៈសម្បត្តិមិនធម្មតា។
ក្រុមហ៊ុនចិន UMi បានធ្វើការបង្ហាញពីស្មាតហ្វូនម៉ូដែល ROME ជាស្មាតហ្វូនសមត្ថភាពខ្ពស់ដែលមានតម្លៃទាបជាងគេនៅលើទីផ្សារបច្ចុប្បន្ន។ ROME ត្រូវបានរចនារូបរាងឡើងដោយមានលក្ខណៈស្រដៀងគ្នាខ្លាំងនឹង ទូរសព្ទ Galaxy Note 5 នេះបើមើលតាមរូបរាងផ្នែកខាងក្រោយ។ និយាយពី Hardware វិញគឺមានបំពាក់នូវអេក្រង់ប្រភេទ Super AMOLED ទំហំ៥,៥អ៊ីញ មាន Resolution ៧២០x១២៨០ភីកសែល និងមានដង់ស៊ីតេ២៦៧ppi។
ដើម្បីជួយឲ្យទូរសព្ទនេះធ្វើប្រតិបត្តិការបានលឿនគេបានបំពាក់ នូវ Processor ប្រភេទ MediaTek MT6753 ជាមួយនឹង GPU ប្រភេទ ARM Mali T-720។ អ្វីដែលពិសេសនោះគឺមានបំពាក់នូវ RAM ទំហំធំដល់ទៅ៣GB ឯណោះ។ ROME មានមកជាមួយនូវអង្គចងចាំជាប់នឹងម៉ាស៊ីនទំហំ១៦GB ហើយនៅមិនទាន់មានការបញ្ជាក់នៅឡើយថាតើនឹងមានរន្ធសម្រាប់ដោត អង្គចងចាំបន្ថែមឬយ៉ាងណានោះ។ សម្រាប់កាមេរ៉ាខាងក្រោយគឺមានទំហំ១៣MP ដែលមានប្រើប្រាស់ Sensor IMX164 របស់ក្រុមហ៊ុន Sony រួមជាមួយនឹងភ្លើងពិលចំនួនពីរ ឯកាមេរ៉ា Selfie វិញមានទំហំ២MP។ ទូរសព្ទនេះនឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop ហើយថ្មទូរសព្ទមានថាមពល២៥០០mAh។
បើយោងតាមវិបសាយ PhoneArena បានឲ្យដឹងថា ទូរសព្ទ ROME ដែលមានតម្លៃ៩០ដុល្លារនេះ (តម្លៃនៅក្រៅប្រទេស) គ្រោងនឹងដាក់លក់នៅខែក្រោយនេះដោយមិនបានបញ្ជាក់ពីពេលវេលា ច្បាស់លាស់នោះឡើយ៕
ប្រភព៖ PhoneArena , sabay