ការពិត ៦​យ៉ាង ដែល​អ្នក​ត្រូវតែទទួលស្គាល់​ក្នុង​ជី​វត

19-November-2015 | ដោយ មួយឡា

​ជាទូទៅ មនុស្ស​ភាគច្រើន​មិនសូវ​ទទួលស្គាល់​ការពិត ឬ ចង់​ស្តាប់​ពាក្យពិត​នោះឡើយ ព្រោះថា រាល់​ការពិត​ភាគច្រើន​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិនសូវ​សប្បាយចិត្ត​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ បើ​អ្នកទទួល​ស្គាល់​ការពិត​នោះ វា​នឹង​ជួយ​ឲ្យ​អ្នក​រកឃើញ​ផ្លូវ​ដែល​អាច​ដោះស្រាយ​បញ្ហា និង អាចឈាន​ទៅរក​វិថី​ជោគជ័យ និង​សុភមង្គល​បាន​ក្នុង​ជីវិត​បាន​។​

​ខាងក្រោម​នេះ គឺជា​ការពិត​៦ យ៉ាង​ដែល​អ្នក​ត្រូវ​ទទួលស្គាល់​៖

១) អ្នក​គេច​មិន​ផុតពី​ការបរាជ័យ​៖ ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ គ្មាន​នរណាម្នាក់​ចង់​បរាជ័យ​ឡើយ ប៉ុន្តែ​ក៏​គ្មាន​នរណាម្នាក់​អាច​គេច​ផុតពី​ការបរាជ័យ​រហូត​នោះដែរ ពោលគឺ​តិច​ឬ​ច្រើន ជៀស​មិន​ផុត​ឡើយ​។ ដូច្នេះហើយ នៅពេល​អ្នក​ជួប​ការបរាជ័យ​ណាមួយ សូមកុំ​បាក់​ទឹកចិត្ត​ព្រោះថា មិនមែន​មានតែ​អ្នក​នោះទេ​ក្នុង​លោក ដែល​បរាជ័យ ពោល​គឺមាន​មនុស្ស​ជាច្រើន​ទៀត​ក៏​ជួប​បញ្ហា​នេះដែរ​។ ប្រការ​សំខាន់​ដែល​អ្នក​ត្រូវធ្វើ​នោះ គឺ​ត្រូវ​ទទួលស្គាល់​ការពិត​នេះ ហើយ​ចាត់ទុក​វា​ជា​មេរៀន​ជីវិត​ដ៏​សំខាន់ ដើម្បី​ដើរ​កុំ​ឲ្យ​ជាន់​ផ្លូវ​ចាស់​ទៀត ទើប​ជា​ជម្រើស​ល្អ​។​

២) អ្នកនឹង​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​នៅ​ថ្ងៃ​ណាមួយ​៖ ក្នុង​ជីវិត​របស់​មនុស្ស គឺ​មិនអាច​រស់នៅ​ជួបជុំ​ជាមួយ​អ្នក​ដែល​ខ្លួន​ស្រលាញ់ មានដូចជា សង្សារ ប្តី​ប្រពន្ធ ឪពុកម្ដាយ បងប្អូន និង មិត្តភក្តិ​ជា​រៀងរហូត​ឡើយ​។ មានន័យថា នៅពេល​ណាមួយ​អ្នកនឹង​បាត់បង់ ឬ ឃ្លាត​ពី​ពួកគេ​ក្រោម​ហេតុផល​ផ្សេងៗ​។ ដូច្នេះហើយ នៅពេល​រឿងនេះ​មកដល់​ក្នុង​ជីវិត​របស់​អ្នក គឺ​ត្រូវតែទទួលស្គាល់​ការពិត ហើយ​ហ៊ាន​ប្រឈមមុខ ដើម្បី​អាច​បន្តដំណើរ​ជីវិត​ទៅមុខទៀត​បាន ជៀសវាង​ការបាត់បង់​ស្មារតី​ដោយសារ​មិនអាច​ទទួលយកបាន​។​

៣) គ្មាន​នរណា​ដែល​មិនត្រូវ​បាន​គេ​រិះគន់​ឡើយ​៖ មិន​ថា​មនុស្ស​ប្រភេទ​ណា​ទេ គឺ​ជៀស​មិន​ផុតពី​ពាក្យរិះគន់​របស់​អ្នកដទៃ​ឡើយ ព្រោះ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​ការគិត និង ទម្លាប់​រស់នៅ​ផ្សេងៗ​គ្នា​។ ដូច្នេះហើយ នៅពេល​អ្នកធ្វើ​អ្វីមួយ ហើយ​មាន​មនុស្ស​ផ្សេងទៀត​រិះគន់​នោះ អ្នក​មិនគួរ​បាក់​ទឹកចិត្ត​ឡើយ ព្រោះ​វា​ជា​រឿង​ធម្មតា​នៅក្នុង​ជីវិត​ប៉ុណ្ណោះ​។ បើ​អ្នកដឹង​ច្បាស់​ថា អ្វីដែល​ខ្លួន​កំពុង​ធ្វើ​គឺជា​រឿង​ត្រឹមត្រូវ​នោះ សូមកុំ​បោះបង់​ឲ្យ​សោះ ហើយ​មិនបាច់​ខ្វល់​ជាមួយនឹង​ពាក្យរិះគន់​ទាំងនោះ​ឡើយ ប៉ុន្តែ​អ្វីដែល​ត្រូវធ្វើ​នោះ គឺ ព្យាយាម​សម្រេច​គោលដៅ​ឲ្យ​បាន​ដើម្បី​បញ្ជាក់ថា ពាក្យរិះគន់​ទាំងនោះ​សុទ្ធតែ​ខុស​ទាំងអស់​។​

៤) មានតែ​ខ្លួន​អ្នក​ប៉ុណ្ណោះ​ជា​អ្នកសម្រេច​ជោគវាសនា​ខ្លួន​៖ ជីវិត គឺ​ស្ថិតនៅលើ​ការសម្រេចចិត្ត និង ការចេះ​ដឹកនាំ​ផ្លូវ​ជីវិត​របស់​អ្នក ពោលគឺ​គ្មាន​នរណាម្នាក់​អាច​កំណត់ថា អ្នកនឹង​ជោគជ័យ ឬ បរាជ័យ​នោះឡើយ​។ នេះ​ជាការ​ពិត​មួយ​ដែល​អ្នក​ត្រូវ​ទទួលស្គាល់​ជា ដាច់​ខាត់ ព្រោះ​បើ​អ្នក​ចង់បាន​ជីវិត​ប្រសើរ តាមរយៈ​សកម្មភាពរ​បស់​អ្នកដទៃ គឺ​មិនអាច​ទៅរួច​ជាដាច់ខាត​។ ដូច្នេះហើយ សូមកុំ​ផ្ញើរ​វាសនា​របស់ខ្លួន ទៅលើ​ឆន្ទៈ​របស់​អ្នកដទៃ ព្រោះ​គ្មាន​នរណាម្នាក់​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​ក្តី​ប្រាថ្នា ឬ​គោលដៅ​បានឡើយ ក្រៅពី​ដៃ​ទាំងពីរ​របស់​អ្នក​។​

៥) សុភមង្គល​គ្រួសារ​សំខាន់​ជាង​លុយ​៖ មាន​មនុស្ស​ជាច្រើន​ណាស់ ដែល​ផ្តល់​តម្លៃ​ឲ្យ​«​លុយ​»​ហួសហេតុ​ពេក ដល់​ថ្នាក់​លែង​ខ្វល់​អំពី​គ្រួសារ ប៉ុន្តែ​ដល់​ដំណាក់កាល​ចុងក្រោយ​ទើប​ដឹងថា លុយ​មិនអាច​ជំនួស​ភាពកក់ក្តៅ ក្នុង​គ្រួសារ​បានឡើយ​។ ដូច្នេះហើយ អ្នក​ត្រូវតែទទួលស្គាល់​ការពិត​នេះ បើទោះបីជា​លុយ​សំខាន់​ក្នុង​ការធ្វើ​ឲ្យ​ជីវភាព​គ្រួសារ មាន​ភាពល្អប្រសើរ​មែន​ក្តី ប៉ុន្តែ​ទោះ​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក្តី ក៏​អ្នក​មិនអាច​ទិញ​សុភមង្គល​គ្រួសារ​បាន​ដោយ​ងាយ​ឡើយ​។​

៦) ស្លាប់ទៅ​មិនអាច​យក​អ្វី​ទៅជា​មួយ​បានទេ​៖ មនុស្ស​ខ្លះ​ព្យាយាម​រកលុយ​ខ្លាំងណាស់​ក្នុង​ជីវិត​បើទោះបីជា ពួកគេ​មាន​សឹង​ដល់​ចំណុចកំពូល​ទៅហើយ ជាពិសេស​គឺ​មិនដែល​ចែករំលែក​ដល់​អ្នក​ដែល​ខ្វះខាត​ឡើយ តែ​ពេលខ្លះ​មានតែ​កេងប្រវ័ញ្ច​ថែមទៀត​។ ទោះ​មាន​លុយ​ច្រើន​មហាសាល​ក្តី ប៉ុន្តែ​នៅពេល​ស្លាប់ទៅ គឺ​មិនអាច​យក​អ្វី​ទៅជា​មួយ​បានឡើយ ដូច្នេះហើយ​គួរតែ​ចេះ​ចែករំលែក និង សាង​អំពើ​ល្អ​ជាមួយ​អ្នកដទៃ ជាពិសេស​អ្នក​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ​៕

​ប្រភព​៖ Businesskhmer

ចំនួនអ្នកទស្សនា

    19607807

  • ថ្ងៃនេះ1431
  • ម្សិលមិញ2621
  • សប្តាហ៍នេះ24031
  • ខែនេះ44101
  • ឆ្នាំនេះ380361
  • សរុប19607807