បើទោះកន្លងមក ផលិតកម្មធ្លាប់ព្យាយាមលាក់បាំង ប៉ុន្តែទីបំផុតវត្តមាន ប្រាក់ មុន្នីឧត្ដម ដែលចូលរួមសម្ដែងតួឯកក្នុងខ្សែភាពយន្តអ្វី ផលិតកម្មណា លែងជាអាថ៌កំបាំងទៀតហើយ ខណៈផលិតកម្ម Mega Film បានបញ្ចេញព័ត៌មានពីសមាសភាពកីឡាករខ្សែបម្រើក្រុមគោព្រៃកម្ពុជារូបនេះជារឿយៗ មួយរយៈចុងក្រោយនេះ។
យោងតាមបណ្ដាញសង្គមផ្លូវការរបស់ផលិតកម្មខាងលើបានឱ្យដឹងថា កីឡាករជម្រើសជាតិកម្ពុជា ប្រាក់ មុន្នីឧត្ដម នឹងមានវត្តមានសម្ដែងជាតួឯកក្នុងភាពយន្តរបស់គេមានចំណងជើងថា “មេកប់ស៊េរី” រួមគ្នាជាមួយតារាមួយចំនួនផ្សេងទៀត ដែលសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ស្រាប់ដូចជា ប៉ីប៉ីឌី, គង់ វិច្ឆិកា, នាយ ពាង និងតារាមាឌល្អិតនាយ ក្រឹប ជាដើម។ ប្រភពដដែលបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេ ភាពយន្តនេះ នឹងដំណើរការចាក់បញ្ចាំងតាមរោងភាពយន្តនានានៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ។
ទោះយ៉ាងនេះក្ដី មិនទាន់ដឹងនៅឡើយថា តារាបាល់ទាត់រូបនេះ សម្ដែងតួអង្គមានអត្តចរិតបែបម៉េច ដំណើររឿងយ៉ាងណានៅឡើយ ព្រោះនៅមិនទាន់អាចទាក់ទងបាន ឯសាមីខ្លួន ប្រាក់ មុន្នីឧត្តមក៏ដូចគ្នា។ ប៉ុន្តែតាមរូបភាព Cover បញ្ចេញដោយផលិតកម្ម Mega Film ផ្ទាល់ គឺខ្សែបម្រើក្លឹបស្វាយរៀងរូបនេះ ត្រូវប៉ះជាមួយ ប៉ីប៉ី ឌី ក្នុងនាមម្នាក់ជាកំពូលអ្នកចម្បាំងអង្គរ និងម្នាក់ទៀតជាកំពូលតារា Facebook។
កន្លងមកចាងហ្វាងផលិតកម្មលោក វ៉ន ប៊ុនស៊ីម បានព្យាយាមសុំរក្សាសិទ្ធមិនបង្ហាញអត្តសញ្ញាណតួឯកប្រុសក្នុង ភាពយន្តនេះ។ ប៉ុន្តែធ្លាប់អះអាងថា ស្នាដៃទី២របស់លោកនឹងចរាចរណ៍តាមរោងភាពយន្តនៅចុងឆ្នាំនេះប្រាកដ មែន ដោយអាស្រ័យលើការជជែកគ្នាជាក់ស្ដែងជាមួយភាគីរោងភាពយន្ត។ លោកថា ការជ្រើសរើសពេលវេលាចាក់បញ្ចាំងបានត្រឹមត្រូវជាផ្នែកនៃភាព ជោគជ័យសមិទ្ធផលភាពយន្តរបស់លោកដែរ។
ដោយឡែកចំពោះការសម្រេចចិត្ត ផលិតភាពយន្តនេះឡើង ក៏ដោយសារមើលឃើញពីលទ្ធផលល្អក្នុងភាពយន្តដំបូងរបស់ខ្លួនមានចំណង ជើងថា “កំណប់ឪខ្ញុំ” ដែលទទួលបានការគាំទ្របង្គួរពីទស្សនិកជននានា ហើយពួកគេលើកទឹកចិត្តឱ្យមានការផលិតភាពយន្តបន្តបន្ទាប់ទៀត។ ម្យ៉ាងទៀត លោកក៏ចង់លើកស្ទួយវិស័យភាពយន្តនៅប្រទេសកម្ពុជាផងដែរ៕
ប្រភព៖ sabay