វិធី​ងាយៗ ក្នុងការ​ទន្ទេញមេរៀន​ឲ្យ​ឆាប់​ចាំ និង មិន​ងាយ​ភ្លេច​

27-November-2015 | ដោយ មួយឡា

​ជីវិត​ជា​សិស្ស​គ្រប់រូប តែងតែមាន​មេរៀន​ជាច្រើន​ដែល​ត្រូវ​អាន និង ទន្ទេញ​ដើម្បី​ប្រាកដថា អ្នក​អាច​រក្សាទុក​មេរៀន ក៏ដូចជា​ចំណេះដឹង​ទាំងនោះ​ក្នុង​ខួរក្បាល​របស់​អ្នក​បានយូរ​អង្វែង​។ ប៉ុន្តែ​ដោយសារ​តែមាន​មេរៀន​ច្រើនពេក ជាហេតុ​នាំ​ឲ្យ​មានការ​លំបាក​ក្នុងការ​ទន្ទេញ​ឲ្យ​ឆាប់​ចាំ ហើយ​ពេលខ្លះ​ក៏មាន​អារម្មណ៍​ថា ស្មូញស្មាញ​លែង​ចង់​ទន្ទេញ ឬ មើល​មេរៀន​ទាំងនោះ​ទៀតឡើយ​។​

​បើ​អ្នក​ចង់​ទន្ទេញ​ឲ្យ​ឆាប់​ចាំ និង មិនសូវ​ស្មុគស្មាញ​នោះ សូម​អនុវត្តតាម​ចំណុច​ងាយៗ​ទាំងនេះ ៖

១. ជ្រើសរើស​ទីតាំង​៖ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែមាន​ចំណង​ចំណូលចិត្ត​ផ្សេងគ្នា អ្នកខ្លះ​ចូលចិត្ត​អាន និង ទន្ទេញមេរៀន​នៅក្នុង​បន្ទប់​ស្ងាត់ ដោយឡែក​អ្នក​ខ្លះទៀត​ចូលចិត្ត​ទន្ទេញ​នៅក្រោម​ដើមឈើ ឬ នៅក្បែរ​សួនច្បារ​ជាដើម​។ ការជ្រើសរើស​ទីតាំង​នេះ​ពិតជា​សំខាន់​ខ្លាំងណាស់ ព្រោះថា ជ្រើសរើស​ទីតាំង​ដែល​ត្រូវ ចិត្ត​របស់​អ្នក វា​ជួយ​ឲ្យ​ខួរក្បាល​ឆាប់​ចាប់យក​អ្វីដែល​អ្នកអាន ហើយក៏​កត់ត្រា​ទុក​ក្នុង​អង្គ​ចងចាំ​បានយូរ​ផងដែរ​។ ដូច្នេះហើយ ត្រូវ​ប្រាកដថា​កន្លែង​ណា​ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក មុនពេល​ចាប់ផ្តើម​ទន្ទេញមេរៀន​។​

២. ថត​សម្លេង​ទុក​៖ ក្នុងពេលដែល​អ្នក​កំពុង​ទន្ទេញ​នោះ គឺ​ត្រូវ​ប្រើ​ម៉ាស៊ីនថតសម្លេង​ជា​ជំនួយ​ទើប​វា​ប្រសើរ​។ ការធ្វើ​បែបនេះ​នឹង​ជួយ​ឲ្យ​អ្នក​ឆាប់​ចងចាំ ព្រោះ​បន្ទាប់ពី​បាន​ទន្ទេញ​ចប់ អ្នក​អាច​ចាក់​ស្តាប់​ឡើងវិញ​ម្តងទៀត​អ្វីដែល​បាន​ទន្ទេញ​។​

៣. សរសេរ​ក្នុង​សៀវភៅ​៖ បន្ទាប់ពី​បាន​ទន្ទេញ និង បាន​ស្តាប់​សម្លេង​ដែល​បាន​ថត​ទុក​រួចមក អ្នក​គួរតែ​សរសេរ​អ្វីដែល​ចងចាំ​ក្នុង​ខួរក្បាល​នោះ​ទៅក្នុង​សៀវភៅ​។ ការសរសេរ​នេះ នឹង​ជួយ​ឲ្យ​អ្នក​អាច​ចងចាំ​បានយូរ មិន​ងាយ​នឹង​ភ្លេច​នោះឡើយ ហើយក៏​ជាការ​ធ្វើតេស្ដ​សមត្ថភាព​ខួរក្បាល​ផងដែរ ថា​តើ​អ្វីខ្លះ​ដែល​អ្នក​បាន​ចងចាំ​។​

៤. សរសេរ​ចំណុច​សំខាន់ៗ​លើ​ក្រដាស​បិទ​ជញ្ជាំង​៖ អ្នក​គួរតែ​សរសេរ​ចំណុច​សំខាន់ៗ​ជាងគេ នៅលើ​ក្រដាស​( ទំហំ​សមល្មម​តាម​ការពេញចិត្ត​) ហើយ​បិទ​នៅលើ​ជញ្ជាំង​ឬ ទីតាំង​ណាមួយ​នៅក្នុង​ផ្ទះ​របស់​អ្នក ដែល​ងាយស្រួល​ក្នុងការ​មើលឃើញ​។  ការធ្វើ​បែបនេះ នឹង​ជួយ​ឲ្យ​អ្នក​អាច​រម្លឹក​មេរៀន​សំខាន់ៗ​ឡើងវិញ ព្រោះ​គ្រាន់តែ​ដើរ​ម្តង ងាកមើល​ម្តង​ក៏​អាចធ្វើ​ឲ្យ​អាច​ចាំបាន​ដែរ ដោយហេតុថា​ចំណុច​សំខាន់ៗ​ទាំងនោះ គឺ​សុទ្ធតែ​បាន​ទន្ទេញ​រួច​អស់​ទៅហើយ​។​

៥. ពន្យល់ ឬ ប្រាប់​អ្វីដែល​អ្នក​ចងចាំ​ទៅកាន់​អ្នកដទៃ​៖ នៅពេល​អ្នក​បាន​ទន្ទេញ និង ចងចាំ​នូវ​មេរៀន​មួយចំនួន​ហើយ​នោះ​សូមកុំ​នៅ​ស្ងៀម​ឬ​ទុក​វា​ចោល ពោលគឺ​ត្រូវតែ​ព្យាយាម​ពន្យល់ ឬ បង្រៀន​អ្វីដែល​អ្នក​យល់​ទៅកាន់​មនុស្ស​ដទៃទៀត​ដែល​ត្រូវការ​ចំណេះ ដឹង​ទាំងនោះ ព្រោះ​ការធ្វើ​បែបនេះ​គឺជា​ការអនុវត្ត​ដ៏​សំខាន់ ដើម្បី​រម្លឹក​វា​ឡើងវិញ ហើយក៏​មិន​ងាយ​ភ្លេច​ដែរ​៕

​ប្រភព​៖ www.inc.com & www.lifehack.org , bizkhmer

ចំនួនអ្នកទស្សនា

    19611737

  • ថ្ងៃនេះ1931
  • ម្សិលមិញ3421
  • សប្តាហ៍នេះ1931
  • ខែនេះ48031
  • ឆ្នាំនេះ384291
  • សរុប19611737