គន្លឹះ​៤យ៉ាង ជួយពង្រឹងដល់អ្នកដែល​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត

01-December-2015 | ដោយ មួយឡា

ការ​សម្រេច​ចិត្ត​​ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​​មនុស្ស​ម្នាក់ៗ ​ ​ព្រោះ​ថា​បើ​ទោះបីជា​មាន​ឱកាស​ល្អ​ប៉ុណ្ណោះ​ក៏​ដោយ ​​តែ​បើ​​​ការ​សម្រេច​ចិត្ត​របស់​អ្នក​នៅ​តែ​អន់​នោះ ​​​វា​នឹង​ធ្វើ​ឲ្យ​​អ្នក​មិន​អាច​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ​។ ​​បើ​អ្នក​មា​ន​បញ្ហា​នេះ​ ​គឺ​គួរ​តែ​ព្យាយាម​ពង្រឹង​​ការ​សម្រេច​ចិត្ត​របស់​អ្នក​ឲ្យ​កាន់​តែ​ល្អ​ ជាង​មុន​ ​​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​សោកស្តាយ​នៅ​ថ្ងៃ​ក្រោយ​។

​ខាង​ក្រោម​នេះ​ ​គឺ​ជា​គន្លឹះ​សំខាន់ៗ​ដែល​ជួយ​ឲ្យ​អ្នក​ ​អាច​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព៖

១. ​កំណត់​គោលដៅ​​ឲ្យ​ច្បាស់៖ ​វា​ពិត​​ជា​សំខាន់​បំផុត​ ​​​ក្នុង​ការ​កំណត់​គោលដៅ​ឲ្យ​ច្បាស់​មុន​នឹង​ធ្វើ​អ្វី​មួយ​ ​ព្រោះ​ថា​បើ​សូម្បី​តែ​ខ្លួន​អ្នក​ ​មិន​ដឹង​ថា​ចង់​ធ្វើ​អ្វី​ ​និង ​ចង់​បាន​អ្វី​ឲ្យ​ប្រាកដ​ផង ​នោះ​វា​នឹង​នាំ​ឲ្យ​ការ​សម្រេច​ចិត្ត​របស់​អ្នក​គ្មាន​កោះ​​ត្រើយ​ ច្បាស់លាស់​ដូច​គ្នា​ដែរ​។ ​ដូច្នេះ​ហើយ​ ​ត្រូវ​​​ចំណាយ​ពេល​​គិត​ឲ្យ​ច្បាស់​ថា ​​អ្វី​ជា​គោល​ដៅ​របស់​អ្នក​ឲ្យ​ប្រាកដ​ ​​មុន​នឹង​សម្រេច​ចិត្ត​ចេញ​សកម្មភាព។

២. ​ប្រមូល​ព័ត៌មាន​​គ្រប់ជ្រុងជ្រោយ​៖ ​ដរាប​ណា​អ្នក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​​នោះ​ទេ ​សូម​កុំ​សម្រេច​ចិត្ត​​ធ្វើ​​ឲ្យ​សោះ​ ​ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នក​ធ្លាក់​ក្នុង​ភាព​អន្តរាយ​។ ​កាលណា​អ្នក​មាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​ហើយ​ ​អ្នក​ប្រាកដ​ជា​ដឹង​ច្បាស់​ថា គួរ​សម្រេច​ចិត្ត​​ដោយ​វិធី​ណា​ ​ហើយ​ក៏​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​អ្វី​កើត​ឡើង​នោះ​ដែរ​។

៣. ​គិត​ទៅ​លើ​គុណ​សម្បត្តិ ​និង ​គុណ​វិបត្តិ​៖ ​ជា​ធម្មតា​ទេ​ ​រាល់​សកម្មភាព​អ្វី​ក៏​ដោយ​គឺ​តែងតែ​មាន​គុណ​សម្បត្តិ​ ​និង ​គុណ​វិបត្តិ​របស់​វា​ ​ដែល​មិន​អាច​គេច​ផុត​ឡើយ​។ ដូច្នេះ​ហើយ​​មុន​ពេល​អ្នក​សម្រេច​ចិត្ត​ថា នឹង​ធ្វើ​អ្វី​មួយ​នោះ ​គឺ​ត្រូវ​គិត​ឲ្យ​ច្បាស់​ថា នឹង​មាន​ផល​ល្អ​ ​និង ផល​អាក្រក់​អ្វី​ខ្លះ​កើត​ឡើង​ ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដោះស្រាយ​។

៤. ​រៀបចំ​ផែន​ការ​​ដើម្បី​សម្រេច​គោល​ដៅ​៖ ​បើ​ទោះ​បី​ជា​​ ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ស្ថិត​​លើ​ផ្លូវ​ត្រូវ​ក្តី​​ ​ប៉ុន្តែ​បើ​គ្មាន​ផែនការ​ ​ឬ​ ​គម្រោង​សំខាន់ៗ​ដើម្បី​ធានា​អំពី​ដំណើរ​ការ​នោះ​ទេ ​​វា​អាច​នឹង​បង្ក​ការ​ស្មុគស្មាញ​ផង​ដែរ​។ ដូច្នេះ​ហើយ​ ​ត្រូវ​​តែ​ដឹង​ច្បាស់​ថា ​អ្នក​នឹង​សម្រេច​គោល​ដៅ​នោះ​ដោយ​វិធី​ណា​ ​ជាពិសេស​នៅ​ពេល​មាន​ឧបសគ្គ​ធំៗ​កើត​​ឡើង​៕

ប្រភព៖ www.forbes.com & www.corporatewellnessmagazine.com , bizkhmer

 

ចំនួនអ្នកទស្សនា

    19609977

  • ថ្ងៃនេះ171
  • ម្សិលមិញ3421
  • សប្តាហ៍នេះ171
  • ខែនេះ46271
  • ឆ្នាំនេះ382531
  • សរុប19609977