ម្សិលម៉ិញមានការភ្ញាក់ផ្អើលធំមួយពេញមួយថ្ងៃ នៅលើបណ្តាញសារពត៌មាន ទាំងនៅស្រុកខ្មែរ និងក្រៅប្រទេស ដែលគ្រប់គ្នានាំគ្នានិយាយពី ស្ថាបនិករបស់ហ្វេសប៊ុកគឺលោក ម៉ាក ហ្សាក់ប៉ឹក ប្រកាសផ្តល់ទ្រព្យរបស់គាត់ ដែលមាននៅក្នុងក្រុមហ៊ុនហ្វេសប៊ុក ជាង ៤០ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាធំៗ។
នៅក្នុងលិខិត ដែលលោក ម៉ាក បង្ហោះនៅលើ ទំព័រហ្វេសប៊ុករបស់លោកផ្ទាល់ លោកបានលើកទ្បើងនូវបញ្ហាជាច្រើនរបស់មនុស្ស ដូចជា បញ្ហាជម្ងឺ អប់រំ ភាពក្រីក្រជាដើម។ លោកថា ទោះយ៉ាងណាក្នុងរយៈពេលចុងក្រោយនេះ ពិភពលោក បានធ្វើដំណើរទៅមុខ កាន់តែឆ្ងាយ ទៅលើបញ្ហាទាំងនោះ។ តែយ៉ាងណា លោកថា លោកចង់ប្រើពេលវេលារបស់លោក និងទ្រព្យដែលលោកមាន ដើម្បីជួយបន្តដំណើរនៃការអភិវឌ្ឍន៍នៃបញ្ហាទាំងនោះ ដើម្បីធ្វើឲ្យពិភពលោក ក្លាយជាកន្លែងដែលល្អប្រសើរជាងថ្ងៃនេះទៅទៀត សម្រាប់ក្មេងជំនាន់ក្រោយ ដែលក្នុងនោះគឺ ក៏ដើម្បីកូនស្រីរបស់លោកគឺ Max ផងដែរ។
មានការបញ្ចេញមតិជាច្រើនលើការលះបង់របស់ ម៉ាក។ មានអ្នកខ្លះបានស្ងើចសរសើរ ពីការលះបង់ដ៏ធំរបស់ប្រធានហ្វេសប៊ុកវ័យក្មេងរូបនេះ តែក៏មានអ្នកឆ្ងល់ណាស់ ហេតុអ្វី ក៏មិនយកលុយដ៏ច្រើននោះ មកជួយខ្លួនដែលកំពុងរស់នៅខ្វះមុខ ខ្វះក្រោយ។ ទោះមានមតិ យ៉ាងណា អ្វីដែលយើងគួររៀនពីព្រឹត្តការណ៍នេះ គឺ បើលោកអ្នកចេះឈប់ធ្វើការ ឬរកស៊ីដោយគិតតែលុយ នោះលុយនឹងលែងបានធ្វើជា ចៅហ្វាយរបស់លោកអ្នកហើយ។
លោកម៉ាក ជាសហគ្រិនវ័យក្មេងបំផុតហើយ ហើយក៏ជាមនុស្សទីមួយហើយ ដែលហ៊ានអនុវត្ត នូវគំនិតលះបង់លុយដ៏ច្រើនយ៉ាងនេះ។ តែអ្វីដែលលោកទទួលវិញក៏ធំដែរ។
ទី១ លោកបានមានឱកាសធ្វើការ ដើម្បីសម្រេចទស្សនៈអនាគតរបស់ខ្លួនគឺ ជួយសង្គមមនុស្សឲ្យមានការរីកចម្រើន ដោយមិនខ្វល់រឿងលុយ ឬគ្រប់គ្រងលុយរបស់ខ្លួន ដូចដែលអ្នកមានជាច្រើនកំពុងតែធ្វើ ដូចអ្នកមានជាច្រើននៅកម្ពុជា កំពុងតែបារម្ភតែលុយរបស់ពួកគេ។ លុយកាន់តែច្រើន បន្ទុកចាយលុយ និងរកលុយថែមកាន់តែច្រើន ដូចដែល លោក Jack Ma ធ្លាប់បានមានប្រសាសន៍។
ទី២ លោកនឹងក្លាយជាគំរូក្នុងចិត្តរបស់មនុស្សរាប់លាននាក់ ដែលនេះក៏ពង្រឹង កសាង យីហោ ផ្ទាល់ខ្លួនកាន់តែច្រើនដែរ។ ការកើនឡើងនូវប្រជាប្រិយភាពលោក នឹងជំរុញឲ្យ យីហោរបស់ហ្វេសប៊ុកកាន់តែល្បី នឹងមានការគាំទ្រកាន់តែខ្លាំងដែរ។ សូមអានពី ការកសាងយីហោឈ្មោះ ផ្ទាល់ខ្លួនរបស់សហគ្រិន ដែលចុះផ្សាយក្នុងទស្សនាវដ្តី ពាណិជ្ជកម្មកម្ពុជាលេខ ២៩។ និងចុងបញ្ចប់ កូនស្រីរបស់លោក នឹងមានមោទនៈភាពណាស់ មានឪពុកដែលមាន គំនិតអស្ចារ្យ ជួយមនុស្សរាប់លាននាក់ និងជាបុគ្គលដែលធ្វើឲ្យពិភពលោកមានការផ្លាស់ប្តូរយ៉ាងខ្លាំង៕
ប្រភព៖ businesscambodia