តារាសម្ដែង មាន សូនីតា កាលពីរសៀលម្សិលមិញនេះ ត្រូវបានរោងភាពយន្តទំនើប Legend តែងតាំងជាឯកអគ្គរាជទូតប្រចាំរោងភាពយន្ត ដែលតំណែងនេះកន្លងមកមិនធ្លាប់មានតារាកម្ពុជាទទួលបានឡើយ។
មូលហេតុដែលនាំឲ្យរោងភាពយន្ត Legend សម្រេចជ្រើសរើស និងបង្កើតតំណែងឯកអគ្គរាជទូតនេះឡើង ក៏ព្រោះតែរោងភាពយន្តមួយនេះ ចង់ធ្វើការងារស្និទ្ធជាមួយនឹងអ្នកសិល្បៈក៏ដូចជាអ្នកគាំទ្រ នេះបើតាមការលើកឡើងរបស់ កញ្ញា វ៉ន សុធី ប្រធានផ្នែកទីផ្សារនៃរោងភាពយន្ត Legend ។
ប្រធានផ្នែកទីផ្សារដដែលបានលើកឡើងថា កញ្ញា មាន សូនីតា គឺជាតារាម្នាក់ មានសក្ដានុពលគ្រប់គ្រាន់ ដែលអាចកាន់តំណែងឯកអគ្គរាជទូត របស់រោងភាពយន្ត Legend ព្រោះក្រុមហ៊ុន បានពិនិត្យឃើញថា តារារូបនេះមានអ្នកគាំទ្រច្រើន ចូលចិត្តធ្វើមនុស្សធម៌ និងចូលចិត្តមើលកុន។ “គាត់ឧស្សាហ៍មកមើលកុនកន្លែងយើង គាត់តែងតែចូលរួមជាមួយយើង គាត់ចូលចិត្តធ្វើមនុស្សធម៌ មាន Fans គាំទ្រច្រើន ហើយគាត់រៀនបានច្រើនទៀត តំណែងនេះសមគាត់ណាស់” កញ្ញា វ៉ន សុធី ថ្លែងបញ្ជាក់។
ជាមួយ តួនាទីខាងលើ មាន សូនីតា បានចុះកុងត្រាជាមួយរោងភាពយន្ត Legend ១ឆ្នាំ ដោយនាងត្រូវធ្វើការងារជាច្រើនបន្តទៀតជាមួយរោងភាពយន្តមួយនេះ។ ក្រោយចប់កុងត្រា១ឆ្នាំនេះ កញ្ញា មាន សូនីតា អាចបន្តទៀត ឬយ៉ាងណា ប្រធានផ្នែកទីផ្សារនៃរោងភាពយន្ត Legend មិនទាន់អាចបញ្ជាក់បានឡើយ ដោយរង់ចាំមើលការងារជាមួយគ្នាសិន។
តារាសម្ដែង មាន សូនីតា បានលើកឡើងថា នាងពិតជាសប្បាយចិត្តជាខ្លាំងនៅពេលត្រូវបាន រោងភាពយន្ត Legend តែងតាំងជាឯកអគ្គរាជទូតបែបនេះ ព្រោះអីតំណែងនេះ កន្លងមកមិនទាន់មានតារាកម្ពុជាណាមួយទទួលឡើយ។ តារាវ័យ២៥ឆ្នាំម្នាក់នេះ លើកឡើងថា រោងភាពយន្ត និងអ្នកសិល្បៈ គឺទាមទារដាច់ខាត នូវការសហការគ្នាមិនអាចខ្វះបានឡើយ ព្រោះអី បើមិនមានអ្នកសិល្បៈ ក៏មិនមានរោងភាពយន្តដែរ។
តារារូបនេះបានបន្តទៀតថា នាងជាមនុស្សម្នាក់ដែលចូលចិត្តមើលកុន មិនថាជាខ្សែភាពយន្តខ្មែរ ឬបរទេសឡើយ គឺនាងឧស្សាហ៍មកទស្សនា។ ការធ្វើបែបនេះ ក្រៅពីកម្សាន្តអារម្មណ៍ ក៏បានជួយពង្រឹងមួយផ្នែកធំទៅលើ ការសម្ដែងរបស់ខ្លួនផងដែរ។ បន្ថែមពីលើនេះទៀត កញ្ញា មាន សូនីតា បានប្ដេជ្ញាចិត្តថា នឹងបន្តសហការធ្វើការងារឲ្យបានល្អ ដើម្បីឲ្យសមទៅនឹងការផ្ដល់ទំនុកចិត្តពី Legend ដែលបានផ្ដល់កិត្តិយសឲ្យនាង។
តំណែងឯកអគ្គរាជទូត ដែល កញ្ញា មាន សូនីតា ទទួលបានពីរោងភាពយន្ត Legend ខាងលើនេះ មិនមែនជាលើកទី១ របស់តារាស្រីដែលមានកំណើតមកពី ខេត្ត កំពង់ចាម ឡើយ តាមការរៀបរាប់ នាងធ្លាប់បានទទួលតំណែងឯកអគ្គរាជទូតនេះ៦លើកមកហើយ ពីអង្គការ ក៏ដូចជាក្រុមហ៊ុននានា៕
ប្រភព៖ sabay