គ្មាននរណាម្នាក់ចង់ឲ្យគេបណ្តេញចេញពីការងារនោះឡើយ ប៉ុន្តែវានៅតែអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ព្រោះការបណ្តេញចេញនោះ វាមានហេតុផលជាច្រើនដែលពេលខ្លះមិនអាចស្មានដល់។ យ៉ាងណាក៏ដោយ មិនមែនជួបការបណ្តេញចេញ វាមានន័យថា ជីវិតរបស់អ្នកគឺចប់នោះឡើយ ពោលគឺវាគ្រាន់តែផ្នែកមួយនៃជីវិតប៉ុណ្ណោះ។
ដូច្នេះហើយ បើអ្នកត្រូវបានគេបណ្តេញចេញពីការងារ ត្រូវធ្វើកិច្ចការសំខាន់ៗនេះជាបន្ទាន់៖
១. រកមូលហេតុនៃការបណ្តេញចេញ ៖ មិនមែន ក្រុមហ៊ុនសម្រេចចិត្តបណ្តេញបុគ្គលិកណាម្នាក់ ដោយគ្មានមូលហេតុច្បាស់លាស់នោះឡើយ ពោលគឺប្រាកដជាមានមូលហេតុ។ ដូច្នេះហើយ អ្នកត្រូវតែរកឲ្យឃើញថា អ្វីជាមូលហេតុដែលនាំឲ្យមានការបណ្តេញចេញបែបនេះ ហើយវាពិតជាកំហុសរបស់អ្នកមែនឬ។ ប្រសិនបើ វាជាកំហុសរបស់អ្នកមែន គឺត្រូវតែទទួលស្គាល់ ហើយត្រូវធ្វើយ៉ាងណាកុំឲ្យកើតមានទៀតនៅថ្ងៃក្រោយ។ ប៉ុន្តែបើវាមិនមែនជាកំហុសរបស់អ្នកទេ គឺត្រូវចាត់ទុកថា ខ្លួនអ្នកពិតជាមានសំណាងដែលអាចឆាប់ចាកចេញពីក្រុមហ៊ុនមួយ ដែលមិនស្គាល់អ្វីល្អ និង អាក្រក់។
២. លើកទឹកចិត្តខ្លួនឯង៖ ថ្វីបើអ្នកត្រូវបានថ្នាក់លើបណ្តេញចេញពីការងារក៏ដោយ សូមកុំអស់សង្ឃឹមឲ្យសោះ ព្រោះវាមិនមែនជាទីបញ្ចប់នៃជីវិតនោះឡើយ តែវាអាចជាមេរៀនមួយដ៏សំខាន់ ដែលអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដ៏ជោគជ័យម្នាក់នៅពេលខាងមុខ ក៏ថាបាន។ ត្រូវគិតថា មិនមែនមានតែអ្នកម្នាក់ឯងនោះទេ ក្នុងលោកនេះ ដែលត្រូវបានគេបណ្តេញចេញ ហើយត្រូវព្យាយាមក្រោកឈរ ដើម្បីសាងអនាគតជាថ្មី។
៣. ត្រៀមខ្លួនរកការងារថ្មី ដែលខ្លួនពេញចិត្ត៖ មូលហេតុមួយដែលនាំឲ្យអ្នក ត្រូវបានគេបញ្ឈប់ពីការងារនោះ គឺអាចបណ្តាលមកពីវាជាការងារដែលអ្នកមិនចូលចិត្ត ដូច្នេះហើយមិនអាចបញ្ចេញផលិតភាពបានល្អនោះឡើយ។ មុននឹងសម្រេចចិត្តរើសការងារថ្មី គឺត្រូវតែគិតឲ្យច្បាស់ ដើម្បីប្រាកដថា វាជាការងារដែលខ្លួនពេញចិត្ត ហើយវានឹងជួយឲ្យអ្នកបញ្ចេញសក្ដានុពលអស់ពីក្នុងខ្លួន ហើយមិនដើរជាន់លើផ្លូវចាស់។
៤. កុំព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះក្រុមហ៊ុន៖ ថ្វីត្បិតតែ អ្នកមិនសប្បាយចិត្តនោះឡើយ នៅពេលក្រុមហ៊ុនសម្រេចបណ្តេញចេញ ប៉ុន្តែក៏មិនត្រូវព្យាយាមនិយាយអាក្រក់ ឬ បំផ្លាញកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននោះឡើយ ព្រោះអ្នកអាចនឹងប្រឈមមុខនឹងបញ្ហាជាច្រើន។ អ្វីដែលសំខាន់នោះ គ្មានក្រុមហ៊ុនណាចង់ទទួលអ្នកឲ្យធ្វើការឡើយ ប្រសិនបើអ្នកហ៊ានធ្វើបែបនេះ។
៥. ព្យាយាមរក្សាទំនាក់ទំនងល្អជាមួយបុគ្គលិកផ្សេងទៀត៖ បើ ទោះបីជា អ្នកលែងមានសិទ្ធិបន្តការងារទៀតក៏ដោយ អ្នកមិនត្រូវបញ្ចប់ទំនាក់ទំនងជាមួយនឹងបុគ្គលិកផ្សេងទៀតដែល ធ្លាប់ធ្វើការរួមគ្នាឡើយ ។ ការរក្សាទំនាក់ទំនងនេះ ពិតជាសំខាន់ ព្រោះវាជាបណ្ដាញមួយដែលមានប្រយោជន៍សម្រាប់ការងារថ្ងៃក្រោយ៕
ប្រភព៖ www.forbes.com, www.businessinsider.com , www.lifehack.org & bizkhmer