បើអ្នកតែងតែមានអារម្មណ៍មិនសប្បាយចិត្ត ដោយសារតែបញ្ហាផ្សេងៗនោះ សូមសាកល្បងអនុវត្តវិធីសំខាន់ៗនេះ ដើម្បីជួយឲ្យមានភាពរីករាយជាប្រចាំ៖
១. ស្រលាញ់ខ្លួនឯង៖ គ្មាននរណាម្នាក់អាចស្រលាញ់ អ្នកឡើយ ប្រសិនបើសូម្បីតែខ្លួនឯងមិនស្រលាញ់ផង។ ការស្រលាញ់ខ្លួនឯងឲ្យបានច្រើននេះ ជួយឲ្យអ្នកផ្តល់តម្លៃចំពោះខ្លួនឯង ហើយមានអារម្មណ៍រីករាយក្នុងការធ្វើកិច្ចការផ្សេងៗ។ ក្នុងន័យនេះ មិនមែនមានន័យថា អ្នកត្រូវអាត្មានិយមលែងខ្វល់ពីអ្នកដទៃនោះទេ ប៉ុន្តែការស្រលាញ់ខ្លួនឯងនេះ គឺជាមូលដ្ឋានមួយដែលជួយឲ្យអ្នកមានកម្លាំងចិត្ត ទោះបីជាគ្មាននរណាម្នាក់មិនស្រលាញ់អ្នកក៏ដោយ។
២. ធ្វើអ្វីដែលខ្លួនពេញចិត្ត៖ កុំព្យាយាមធ្វើតាមអារម្មណ៍របស់អ្នកដទៃ ព្រោះអ្នកគ្មានថ្ងៃអាចបំពេញតាមការចង់បានរបស់ពួកគេបានឡើយ ហើយវាក៏ធ្វើឲ្យអ្នកមិនសប្បាយចិត្តផងដែរ។ ដូច្នេះហើយ គួរធ្វើអ្វីមួយដែលអ្នកពេញចិត្តជាមួយនឹងភាពត្រឹមត្រូវ ទើបធ្វើឲ្យភាពរីករាយកើតឡើងពិតប្រាកដ។
៣. អធ្យាស្រ័យឲ្យខ្លួនឯង៖ ជាធម្មជាតិរបស់មនុស្ស គ្មាននរណាម្នាក់ដែលមិនធ្លាប់ខុសនោះទេ ដូច្នេះហើយបើអ្នកបានសាងកំហុសមែន គឺត្រូវតែអធ្យាស្រ័យឲ្យខ្លួនឯង ប៉ុន្តែត្រូវប្រាកដថា វានឹងមិនកើតឡើងម្តងទៀតនៅថ្ងៃក្រោយនោះទេ។ ការអធ្យាស្រ័យឲ្យខ្លួនឯងនេះ គឺប្រៀបដូចជាការលើកដុំថ្មមួយផ្ទាំងចេញពីដើមទ្រូងដូច្នោះដែរ។ ដូច្នេះ កុំដាក់សម្ពាធលើខ្លួនឯងពេក ពោលគឺ កុំព្យាយាមគិតជាប់ក្នុងចិត្តថាអ្នកបានសាងកំហុស។
៤. រាប់អានជាមួយមនុស្សដែលមានគំនិតវិជ្ជមាន៖ ការគិតអ្វីៗក្នុងផ្លូវអាក្រក់ច្រើនពេក វាក៏ធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ ដូច្នេះហើយដើម្បីបណ្ដុះភាពរីករាយផ្លូវចិត្តឲ្យបានច្រើន អ្នកគួរតែរាប់អាន និង ជជែកលេងជាមួយមនុស្សដែលមានគំនិតវិជ្ជមាន៕
ប្រភព៖ httwww.lifehack.org , sportkh