កាលពីថ្មីៗនេះ ទស្សនាវដ្ដី Forbes ទើបតែប្រកាសឈ្មោះតារាចម្រៀងពិភពលោកទាំង១០រូប ដែលរកបានប្រាក់ចំណូលច្រើនជាងគេក្នុងឆ្នាំ ២០១៥។ នៅក្នុងនោះតារាដែលគួរឲ្យចាប់អារម្មណ៍រួមមាន Taylor Swift , Justin Timberlake, One Direction…។
តារាចម្រៀងអាមេរិក Katy Perry ទើបតែវ៉ាមុខគូប្រជែង Taylor Swift និងតារាផ្សេងៗទៀតដើម្បីគ្រងតំណែងកំពូលតារាចម្រៀងដែលរកចំណូល បានច្រើនជាងគេក្នុងឆ្នាំ ២០១៥ ជាមួយចំនួនប្រាក់សរុបឡើងដល់ ១៣៥ លានដុល្លារ។ តារាចម្រៀងវ័យ ៣១ ឆ្នាំបានលោតផ្លោះពីចំណាត់ថ្នាក់លេខ ២៣ កាលពីឆ្នាំមុនមកលេខ ១ ក្នុងឆ្នាំនេះ។ ប្រាក់ចំណូលដែលម្ចាស់បទ “I Kiss a Girl” រកបានភាគច្រើនគឺបានមកពីការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក “Prismatic” របស់ខ្លួន។
រីឯតារាចម្រៀងរាងខ្ពស់ស្រឡះ Taylor Swift វិញបានជាប់ចំណាត់ថ្នាក់លេខ៤ ជាមួយប្រាក់ចំណូល ៨០ លានដុល្លារពីការលក់អាល់ប៊ុមក៏ដូចជាការប្រគុំតន្ត្រីរបស់ខ្លួន។
តាមបណ្ដាញព័ត៌មាន TMZ បានឲ្យដឹងថា ជម្លោះរវាង Katy និង Talyor ផ្ទុះឡើងនៅពេលតារាចម្រៀងអាយុ ៣១ ឆ្នាំប្រឹងអូសទាញអ្នករាំបីនាក់របស់ម្ចាស់អាល់ប៊ុម “1989” ឲ្យមកធ្វើការឲ្យខ្លួន។
ចំណាត់ដទៃទៀតនៅក្នុងតារាងរួមមាន ក្រុមចម្រៀង One Direction ជាប់លេខពីររកបាន ១៣០ លានដុល្លារ។ លេខបីបានទៅលើតារាចម្រៀងជើងចាស់ Garth Brooks ជាមួយចំណូល ៩០ លានដុល្លារ និងចុងក្រោយលេខប្រាំបានទៅលើក្រុមចម្រៀង The Eagles ដែលរកបាន ៧៣,៥ លានដុល្លារ៕
ប្រភព៖ dailymail , sabay