កាលពីពេលថ្មីកន្លងទៅនេះ សារព័ត៌មានរបស់អង់គេ្លស Express News បានចុះផ្សាយថា លោកស្រី Margaret Thatcher ជាស្ត្រីដែលមានឥទ្ធិពល លើពិភពលោកក្នុងរយៈកាល ២០០ឆ្នាំចុងក្រោយនេះ ហើយលោកស្រី ក៏ត្រូវបានប្រជាជនអង់គ្លេសចាត់ទុកថា លោកស្រីជាស្ត្រីដែកថែបផងដែរ ពោលគឺ ជានាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេសដ៏ឆ្នើមមួយរូប ដែលតែងតែចូលរួមបំផុសបំផុលយ៉ាងសកម្ម លើសកម្មភាពសង្គម ជាពិសេសគឺ សុខមាលភាព និងការរួបរួមគ្នា ដើម្បីសុខសន្តិភាព។
ខាងក្រោមនេះយើងខ្ញុំនឹងលើកយកពាក្យពំនោលមួយចំនួន របស់លោកស្រី Margaret Thatcher មកបកស្រាយចែកជូនប្រិយមិត្តអ្នកអាន៖
ចង់ជោគជ័យ កុំធ្វើតាមអ្នកដទៃ ត្រូវធ្វើជាគំរូរបស់អ្នកដទៃ៖ ការចំលង ឬធ្វើអ្វីមួយតាមអ្នកដទៃ ពុំមែនជារឿងដែលលោកអ្នក បង្ហាញពីសមត្ថភាពពិតរបស់ខ្លួនទេ វាគ្រាន់តែជាការប្រើប្រាស់គំនិត ដែលគេបានអនុវត្តហើយតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត វាក៏មិនប្រាកដដែរថា លោកអ្នកយកមកអនុវត្ត បានជោគជ័យនោះទេ តែដរាបណា លោកអ្នកប្រើផ្នត់គំនិតរបស់ខ្លួនឯង នោះភាពជោគជ័យរបស់លោកអ្នក នឹងក្លាយជាផ្នត់គំនិតថ្មីមួយ សម្រាប់អ្នកដទៃយកគំរូតាម។
រៀបចំផែនការងារសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក កុំចាំដល់ពេល បានធ្វើ៖ ការត្រៀមខ្លួនទុកជាមុន ពិតជាកត្តាសំខាន់ណាស់សម្រាប់ភាពជោគជ័យ ជាពិសេសនៅពេលដែល លោកអ្នកប៉ងប្រាថ្នាធ្វើការងារធំដុំអ្វីមួយ ការត្រៀមខ្លួននឹងជម្រុញឲ្យលោកអ្នក កា្លយជាមេដឹកនាំល្អក្នុងក្រុមការងារ និងទទួលបានការជឿជាក់ពីអ្នកជុំវិញខ្លួនផងដែរ។
ជោគជ័យមិនមែនជាសំណាងនោះទេ តែវាកើតចេញពីការខិតខំ៖ ពុំមានភាពជោគជ័យណាមួយ ដែលគ្មានការខិតខំប្រែងប្រឹងប្រែងនោះទេ ព្រោះជោគជ័យមិនមែនជាសំណាង តែវាជាការខិតខំប្រឹងប្រែង និងការព្យាយាមតស៊ូអំណត់អត់ធ្មត់ របស់លោកអ្នកក្នុងពេលបច្ចុប្បន្ន ដើម្បីក្លាយជាលទ្ធផលដ៏ល្អ និងជោគជ័យសម្រាប់ថ្ងៃអនាគត។
ដើម្បីយកឈ្នះលើអ្វីមួយ ត្រូវតែធ្វើឲ្យច្រើនជាងពីរដង៖ ចូរកុំបោះបង់នូវ អ្វីដែលខ្លួនធ្វើមិនបានជោគជ័យជាលើកដំបូង ហើយកុំឆាប់បាក់ទឹកចិត្ត មិនចង់ហ៊ានប្រឡូកធ្វើវាជាថ្មីម្តងទៀត ព្រោះបើសិនជាលោកអ្នកមានជំនឿជឿជាក់លើខ្លួនថា វាពិតជាអាចធ្វើទៅរួច លោកអ្នកគួរតែធ្វើវាឲ្យបានច្រើនជាង ពីរដង ពោលគឺ ដួលហើយក្រោកៗ នេះទើបហៅថា ជាការប្រយុទ្ធពិតប្រាកដ៕
ប្រភព៖ BusinessCambodia