ផ្នត់គំនិត គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ព្រោះថា បើអ្នកគិតថា ខ្លួនអាចទៅរួចនោះ លទ្ធផលក៏ល្អ ប៉ុន្តែបើគិតថា ទៅមិនរួចទេ នោះលទ្ធផលប្រាកដជាអាក្រក់មិនខាន។ មនុស្សជាច្រើន ដោយសារតែគិតលើផ្លូវមិនល្អច្រើនពេក ជាហេតុនាំឲ្យពួកគេជួបតែរឿងមិនល្អដែរ។ ដូច្នេះហើយ អ្នកត្រូវជម្រុះគំនិតដែលមិនល្អចេញ ហើយព្យាយាមបណ្ដុះផ្នត់គំនិតដែលសំខាន់ៗ ដែលអាចជួយឲ្យអ្នកដើរទៅរកផ្លូវជោគជ័យ៖
១. អតីតកាលជាមេរៀនដ៏សំខាន់ ប៉ុន្តែមិនមែនជាអនាគតរបស់អ្នកទេ៖ រាល់ អ្វីដែលអ្នកបានសាងកន្លងមក ទោះបីលទ្ធផលល្អក្តី មិនល្អក្តីគឺសុទ្ធតែជាមេរៀនដ៏សំខាន់បំផុតសម្រាប់អ្នករៀន សូត្រនៅពេលបច្ចុប្បន្ននេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ មិនត្រូវបណ្តោយឲ្យអតីតកាលរបស់អ្នក មកបំផ្លាញជីវិតរបស់អ្នកឡើយ ព្រោះអ្នកមិនអាចត្រលប់ទៅវិញបាននោះទេ ដូច្នេះហើយត្រូវធ្វើយ៉ាងណារៀបចំផ្លូវជីវិតឲ្យល្អប្រសើរ សម្រាប់ថ្ងៃនេះ និង ថ្ងៃស្អែក។
២. ជោគជ័យ អាស្រ័យលើកណ្តាប់ដៃអ្នក៖ ត្រូវចាំថា គ្មាននរណាម្នាក់ដែលអាចផ្តល់ភាពជោគជ័យដល់អ្នកបានឡើយ ពោលគឺមានតែខ្លួនឯងពឹងលើសមត្ថភាពខ្លួនឯងប៉ុណ្ណោះ។ ការគិតបែបនេះ នឹងជួយឲ្យអ្នកហ៊ានសម្រេចជោគវាសនារបស់ខ្លួន តាមរយៈការសម្រេចចិត្តដើរលើផ្លូវដែលខ្លួនពេញចិត្ត ហើយក៏មិនដេកចាំការជួយពីអ្នកដទៃដែរ។
៣. គ្មានអ្វីដែលមិនអាចធ្វើបានទេ គឺគ្រាន់តែមិនទាន់ដល់ពេល៖ បើ អ្នកគិតថា ខ្លួនអាចធ្វើបាននោះ ទោះបីជាជួបការលំបាកប៉ុណ្ណាក៏ដោយ អ្នកនឹងសម្រេចគោលដៅមិនខាន គ្រាន់តែវាទាមទារពេលវេលាសមស្របប៉ុណ្ណោះ។ ការគិតបែបនេះ អាចជួយលើកទឹកចិត្តឲ្យអ្នក អាចបន្តការងារទៅបានទៀត ដោយមិនបាក់ទឹកចិត្ត ជាពិសេសក្នុងពេលកំពុងធ្វើកិច្ចការដែលមិនទាន់មានលទ្ធផលល្អ។
៤. គ្មាននរណាម្នាក់ដែលមិនត្រូវគេរិះគន់ទេ៖ គ្រប់ មនុស្សទាំងអស់ សុទ្ធតែធ្លាប់ត្រូវបានគេរិះគន់ដោយហេតុផលផ្សេងៗគ្នា។ ការរិះគន់នេះ តែងតែកើតមានជានិច្ច ព្រោះថាមនុស្សមានចិត្តខុសគ្នា ដូច្នេះហើយការយល់ឃើញក៏ខុសគ្នាដែរ។ ប៉ុន្តែអ្វីដែលសំខាន់នោះ អ្នកត្រូវតែតាំងជំហរឲ្យបានល្អ ដោយមិនត្រូវទន់ជ្រាយទៅតាមពាក្យសម្ដីមនុស្សទាំងអស់នោះឡើយ ហើយត្រូវព្យាយាមធ្វើវាឲ្យសម្រេចដើម្បីបញ្ជាក់ថា អ្វីដែលអ្នកកំពុងធ្វើនោះជារឿងត្រឹមត្រូវ។
៥. រីករាយពេលឃើញអ្នកដទៃជោគជ័យ៖ អ្នកមិនត្រូវមានការច្រណែន និង ផ្ចាញ់ផ្ចាលនៅពេលឃើញអ្នកដទៃជោគជ័យនោះឡើយ ព្រោះថាវាគ្មានប្រយោជន៍អ្វីឡើយ ក្រៅពីនាំរឿងដាក់ខ្លួនកាន់តែច្រើនប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលអ្នកគួរធ្វើនោះ គឺបើកចិត្តឲ្យទូលាយ ហើយអបអរចំពោះជោគជ័យរបស់មនុស្សទាំងអស់នោះ ហើយព្យាយាមរៀនសូត្រពីពួកគេ ដើម្បីក្លាយជាបុគ្គលជោគជ័យមួយរូបដែរនៅពេលខាងមុខ៕
ប្រភព៖ www.entrepreneur.com, addicted2success.com , www.lifehack.org , bizkhmer