Jack Ma បានលក់រូបគំនូរដំបូងបង្អស់របស់គាត់ ក្នុងតម្លៃ ៥.៤លានដុល្លារអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងការដេញថ្លៃ នៅ Sotheby ដែលតម្លៃលក់នេះ គឺស្មើនឹង ១៧ដងនៃការប៉ាន់ស្មានទុក។
តាំងពីចាប់ផ្តើមរៀនគូរគំនូរក្នុងឆ្នាំ ២០១៣ មកដល់បច្ចុប្បន្ន វាជាលើកដំបូងហើយ ដែលលោក Jack Ma បានគូរគំនូររូបផែនដីនេះ ជាមួយនឹងមិត្តរបស់គាត់ឈ្មោះ Zeng Fanzhi ដែលជាវិចិត្រករជនជាតិចិនដ៏ចំណាន ហើយលោក Jack Ma បានពន្យល់ថា យើងទាំងអស់គ្នាជាអ្នកបង្កើតភពផែនដីនេះ យើងមានតួនាទីការពារផែនដី ការពារមហាសមុទ្រ ការពារខ្យល់អាកាស និងការពារទឹក។
គំនូរនេះត្រូវបានលក់ទៅឲ្យវិនិយោគិនជនជាតិចិន លោក Qian Fenglei ហើយប្រាក់នេះ នឹងបរិច្ចាគជូន ស្ថាប័នអភិរក្សបរិស្ថាន Paradise International Foundation ដែលគាំទ្រដោយ Jack Ma ក្រុមសប្បុរសជននិងវិនិយោគិនចិន ហើយវាក៏ជាយុទ្ធសាស្ត្រជម្រុញឲ្យ ពិភពលោកបានស្គាល់ពីក្រុមអភិរក្សបរិស្ថានរបស់ពួកគេផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនយក្ស Alibaba ទើបតែសម្រេចទិញ ក្រុមហ៊ុនកាសែតដ៏ល្បីល្បាញរបស់ហុងកុង គឺ South China Morning Post ក្នុងតម្លៃ ២៦៦លានដុល្លារអាមេរិក ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានដ៏ទូលំទូលាយ ច្បាស់លាស់ និងវិភាគពីហេតុការណ៍សំខាន់ៗក្នុងហុងកុង និងចិន៕
ប្រភព៖ BusinessCambodia