នារីៗ​មិនគួរ​ធ្វើ​អ្វី​តាមតែ​ចិត្ត​បុរស​ដែល​ខ្លួន​ស្រលាញ់​នោះទេ​

18-December-2015 | ដោយ មួយឡា

​នារីៗ​ភាគច្រើន​មិនសូវ​ជា​ងាយ​ដាក់ចិត្ត​ស្រលាញ់​មនុស្ស​ប្រុស​ណា​ម្នាក់​ងាយៗ​ទេ ប៉ុន្តែ​បើ​នាង​ស្រលាញ់​ហើយ មានរឿង​ជាច្រើន​ដែល​នារីៗ​នឹង​ហ៊ាន​ធ្វើ​ដើម្បី​មនុស្ស​ប្រុស​ដែល​នាង ស្រលាញ់​បាន​។ ប៉ុន្តែ​ករណី​មួយចំនួន នាង​មិនគួរ​ធ្វើ​តាមតែ​ចិត្ត​មិត្ត​ប្រុស​គ្រប់ពេល​នោះឡើយ​។​

១. កែប្រែ​ទម្លាប់​ល្អ​របស់​ខ្លួនឯង
​សកម្ម​ភាពល្អៗ​ដែល​មិត្ត​នារី​តែង​ធ្វើជា​ចំណែក​មួយ​ក្នុង​ជីវិត របស់​នាង​តាំងតែ​ពី​ដើម​រៀងមក​។ វា​ជា​ទម្លាប់​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​នាង​មាន​ភាពស្រស់​បំព្រង​។ នៅពេល​មនុស្ស​ប្រុស​ណា​ម្នាក់​ចង់​ផ្លាស់ប្ដូរ​អត្តចរិត​ល្អ​របស់​នាង​ចេញ គឺ​មានន័យថា​រូបគេ​មិន​ឲ្យ​តម្លៃ និង​មិន​គោរព​ស្រលាញ់​អ្នក​ដោយ​ចិត្ត​ស្មោះ​ឡើយ​។ វា​ជា​រឿង​សំខាន់​មួយ​ដែល​មនុស្ស​ស្រី​មិនគួរ​ដាក់ចិត្ត ដាក់​កាយ លើ​មនុស្ស​ប្រុស​ណា​ដែល​មិនចេះ​ឲ្យ​តម្លៃ​នាង និង​មិន​គោរព ការងារ ឬ​វេលា​របស់​នាង​ជាដើម​។ ផ្ទុយទៅវិញ មិត្ត​នារី​គួរ​ស្វែងរក​មនុស្ស​ប្រុស​ណា​ម្នាក់ ដែល​ជឿជាក់ និង​ឲ្យ​តម្លៃ​លើ​ចរិយា​មារយាទ​នាង​ផ្ទាល់ ទោះបី​វា​ត្រូវការ​ពេលវេលា​យូរ ប៉ុន្តែ​មនុស្ស​ប្រុស​បែប​នោះ​ប្រាកដ​ជាមាន​។​
 
២. គេ​ចង់​ឲ្យ​អ្នក​ផ្លាស់ប្ដូរ​រូបរាង​ខាងក្រៅ​
​វា​ជា​រឿង​ល្អ​មួយ​សម្រាប់​មិត្តស្រី​ចង់​តែងខ្លួន​ឲ្យ​បាន​ស្អាតបាត​សមរម្យ ដើម្បី​មនុស្ស​ប្រុស​ដែល​នាង​ស្រលាញ់​។ វា​មិនមែនជា​បញ្ហា​អ្វី​ទេ ដោយ​គ្រាន់តែ​ស៊ីពេល​បន្តិច ក្នុងការ​ធ្វើ​សក់ ផាត់មុខ ពេល​ចេញទៅ​ក្រៅ​ជាមួយ​មិត្ត​ប្រុស​។ ប៉ុន្តែ​ករណី​មិត្ត​ប្រុស​សុំ​ឬ​ជាការ​បង្ខំ​ឲ្យ​អ្នក​ត្រូវតែ​ស្លៀក ពាក់ ឲ្យ​ត្រូវចិត្ត​គេ កាត់សក់​តម្រូវ​ចិត្ត​គាត់ ឬ​វះកាត់​កែ​សម្ផស្ស តម​អាហារ​នោះ គឺ​បង្ហាញថា​គាត់​មិនសូវ​ជា​ស្រលាញ់​អ្នក​ស្មោះ​ទេ​។ បើ​មាន​នរណាម្នាក់ បង្ហាញ​ពី​ចិត្ត​គេ​ថា​អ្នក​ស្អាត បើទោះជា​អ្នក​នៅក្នុង​របៀប​បែបណាក៏ដោយ នោះ​ហើយ​គឺជា​ស្នេហា​ពិត​សម្រាប់​អ្នក​។​
 
៣. តម​អាហារ​ខ្លួនឯង​
​ពេល​មាន​ស្នេហា​មនុស្ស​ស្រី​អាច​នឹង​ធ្វើតាម​អ្វីដែល​ជាការ​ចង់បានរ​បស់​មិត្ត​ប្រុស សូម្បីតែ​រឿង​សម្រក​ទម្ងន់​ឲ្យ​ដូច​ម៉ូ​ដែល​ក៏​នាង​ហ៊ាន​ព្រម​។ ប៉ុន្តែ​គួរ​ចាំ​ថា អ្នក​មិនមែន​តារា​ម៉ូ​ដែល​ឯណា​? អ្នក​គឺ​អ្នក ជា​មនុស្ស​ស្រី​ដែល​ស្អាត​សម្រាប់​ខ្លួន​អ្នក ដូចនេះ​អ្នក​មិនគួរ​ត្រូវ​មិន​ញ៉ាំ​អាហារ​ព្រឹកល្ងាច​ឲ្យ​ស្រ​ករាង តាមតែ​ចិត្ត​គេ​នឹកឃើញ​នោះទេ​។ ការហាត់​ប្រាណ ញ៉ាំ​គ្រប់គ្រាន់ គេង​គ្រប់គ្រាន់ គឺជា​ការរក្សា​ទម្ងន់​របស់​អ្នក បើ​ការស្រលាញ់​របស់​បុរស​ម្នាក់​ចូលចិត្ត​អ្នក ដូច​ទៅនឹង​អត្ថន័យ​នៃ​បទ​ចម្រៀង “Just The Way You Are” របស់លោក Bruno Mars នោះ​ហើយ​គឺជា​ការស្រលាញ់​ពិត​។​
 
៤. គេ​ចង់​ឲ្យ​អ្នកធ្វើ​តាមតែ​ចិត្ត​គេ​គ្រប់ពេល​
​បុរស​និង​នារី បើទោះជា​ស្ថិតក្នុង​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ប៉ុន្តែ​ពួកគេ​ទាំងពីរ​គឺមាន​សិទ្ធ​ស្មើគ្នា​និង​ភាព​ឯករាជ្យ ដូចគ្នា​។ ជា​គូសង្សារ​អាចមាន​ចិត្ត​ដូចគ្នា និង​ចេះ​សម្របសម្រួល​តាម​គ្នា​បាន​ច្រើន ប៉ុន្តែ​បើ​ខាង​បុរស​ចង់​ឲ្យ​មិត្ត​នារី​ម្នាក់​ធ្វើ​តាមតែ​ចិត្ត​រហូត ទោះបី​នាង​ស្រលាញ់​បុរស​នោះ​ខ្លាំង​យ៉ាងណាក៏ដោយ តែ​មិនគួរ​ឲ្យ​គេ​គ្រប់គ្រង​ជីវិត​រហូត ហើយ​ពាក្យសម្ដី​របស់គាត់​មិនមែនជា​ច្បាប់​ដែល​តម្រូវ​ឲ្យ​នាង​ធ្វើតាម រហូត​នោះទេ​…​ព្រោះ​ម្នាក់ៗ​គឺមាន​សិទ្ធ​ស្មើគ្នា​។​

៥. លាក់​ការចេះដឹង​របស់ខ្លួន
​ពិតណាស់ នារី​មួយចំនួន​អាចមាន​ចំណេះដឹង​ច្រើន​ជា​បុរស មិនថាតែ​រឿង​ជួសជុល​ម៉ូតូ ពេល​មេរោគ​ឆ្លង​ចូល​កុំព្យូទ័រ នាង​អាច​នឹង​យល់ដឹង​ច្រើនជាង​មិត្ត​ប្រុស​ខ្លួន​។ ប៉ុន្តែ​មិត្ត​នារី​ទាំងនោះ តែង​គិតថា ការធ្វើ​មិនដឹង​មិន​យល់​ពី​កិច្ចការ​នោះ អាចជា​ការទាក់ទាញ​មួយ​ពី​ការជួយ​ពី​មិត្ត​ប្រុសៗ​។ ប៉ុន្តែ​នោះ​មិនមែន ទាំងអស់​នោះទេ បុរសៗ​មួយចំនួន​គឺ​ចូលចិត្ត​មនុស្ស​ស្រី​ដែល​រឹងប៉ឹង ចេះ​សព្វបែបយ៉ាង​ទៅវិញ ទោះបី​មនុស្ស​ប្រុស​ភាគច្រើន​ចូលចិត្ត​ក្លាយជា​តួអង្គ​ជិះ​សេះស​ជួយ​ស្រី​ស្អាត ប៉ុន្តែ​គេ​ក៏​ពេញចិត្ត​មនុស្ស​ស្រី​មានចំណេះដឹង​ទូលំទូលាយ​ច្រើន​ដែរ ដែលជា​ហេតុ​ឲ្យ​មនុស្ស​ស្រី​មិនគួរ​លាក់​ការចេះដឹង​របស់ខ្លួន​នោះទេ​។​
 
៦. បោះបង់ចោល​បំណងប្រាថ្នា​របស់ខ្លួន​
​ពេល​មាន​ទំនាក់ទំនង​ស្នេហា​មិនមែន​មានន័យថា​អ្នក​ត្រូវ​បោះបង់ ក្ដី​ស្រមៃ​របស់ខ្លួន​ទៅតាម​មនុស្ស​ដែល​អ្នក​ស្រលាញ់​នោះទេ​។ គេ​អាច​ពេញចិត្ត​គាំទ្រ​ឬមួយ​មិន​យល់ស្រប​នឹង​ក្ដី​បំណង​របស់​អ្នក ដោយមាន​ហេតុផល ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​ការលើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​។ បើ​គេ​អាច​នឹង​គាំទ្រ​ជួយ​លើកទឹកចិត្ត​អ្នក​ឲ្យ​សម្រេច​ក្ដី​ប្រាថ្នា នោះ នោះ​ហើយ​ទើប​ជាការ​ស្រលាញ់​ពិត​។ ដូចនេះ កុំ​បោះបង់ចោល បើក​អាជីវកម្ម ទៅ​រៀន​ត​ថ្នាក់អនុបណ្ឌិត ទៅ​រត់​ម៉ា​រ៉ា​តុង​ហាលថ្ងៃ​ក្ដៅ ទៅ​ចូលរួម​ស្ម័គ្រចិត្ត​ការងារ​សង្គម ទៅ​ប្រលង​ចម្រៀង អ្នកនឹង​អាចធ្វើ​បាន ៕

​ប្រភព​៖ health
 

ចំនួនអ្នកទស្សនា

    19632087

  • ថ្ងៃនេះ3431
  • ម្សិលមិញ2891
  • សប្តាហ៍នេះ22281
  • ខែនេះ68381
  • ឆ្នាំនេះ404641
  • សរុប19632087