តារាកំប្លែង Steve Harvey បានសាងកំហុសដ៏ធំកាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញ នៅពេលដែលលោកបានប្រកាសឲ្យបវរកញ្ញាតំណាងឲ្យកូឡុំប៊ី Ariadna Gutierrez ជាម្ចាស់មកុដ តែតាមការពិតបវរកញ្ញាតំណាងឲ្យហ្វីលីពីន Pia Wurtzbach ទេដែលជាអ្នកឈ្នះពិតប្រាកដ។
តារាកំប្លែងវ័យ៥៨ឆ្នាំ រូបនេះបានពន្យល់ហេតុផលជាច្រើន នៅពេលដែលលោកជួបអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ការប្រលង។ ពិធីករនិងតារាសម្ដែងនេះបានពន្យល់នៃការប្រកាសខុសថា៖ “វាមិនសមមានរឿងកើតឡើងបែបនេះទេ”។
Steve បន្តថា លោកបានច្រឡំនិយាយពាក្យ “បវរកញ្ញាចក្រវាល” (Miss Universe) ជំនួសពាក្យ “បវរកញ្ញាលេខពីរ” (First Runner Up) នៅពេលដែលលោកហៅឈ្មោះបវរកញ្ញាកូឡុំប៊ី ប៉ុន្តែពេលដែលលោកមើលក្រដាសលទ្ធផលម្ដងទៀតទើបដឹងថាប្រកាសខុស។ “ពេលដែលខ្ញុំអានក្នុងក្រដាសលទ្ធផលគេបានសរសេរថា បវរកញ្ញាតំណាងឲ្យកូឡុំប៊ីជាប់លេខ២មិនមែនលេខ១ទេ ហើយខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលប្រកាសខុសបែបនេះ” ។
តារាកូន៤ខាងលើបានបន្ថែមថា លោកមិនសមការប្រកាសថានរណាជាអ្នកឈ្នះពានបវរកញ្ញាចក្រវាល ព្រោះពួកគេក៏មិនទាន់ដឹងថានរណាជាអ្នកឈ្នះដែរ។ បន្ទាប់ពីលោកប្រកាសថា បវរកញ្ញាកូឡុំប៊ីជាអ្នកឈ្នះ នៅពេលនោះលោកទទួលពាក្យមិនល្អជាច្រើន។
ក្រោយពីមានរឿងហេតុនេះកើតឡើង Steve Harvey ក៏បានសរសេរសារទាំងលើបណ្ដាញ Twitter និង Facebook ដើម្បីសុំទោសទៅកាន់បវរកញ្ញាទាំងពីរ Ariadna Gutierrez និង Pia Wurtzbach ចំពោះកំហុសឆ្គងដ៏ធំមួយនេះ៕
ប្រភព៖ cbsnews , sabay