យោងតាមគេហទំព័របស់ Tripadvisor ដែលជាគេហទំព័រផ្តល់ការប្រឹក្សា ដល់អ្នកធ្វើដំណើរទេសចរ ពេញនិយមជាងគេបំផុតលើពិភពលោក បានចាត់ចំណាត់ថា្នក់ខេត្តសៀមរាប របស់ប្រទេសកម្ពុជា ជាប់ជាទិសដៅទេសចរលេខ ២ នៅលើពិភពលោក ដែលឈរបន្ទាប់ពីទីក្រុង Marrakech របស់ប្រទេស Morocco សម្រាប់ឆ្នាំ ២០១៥នេះ ។
សម្រាប់ឆ្នាំ ២០១៦ ខាងមុខនេះ តើកម្ពុជាអាចជាប់ចំណាត់ថា្នក់លេខ ១ ជាទិសដៅទេសចរណ៍ល្អបំផុតលើពិភពលោក ដែរឬទេ?
ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលបានទស្សនាកម្ពុជា មានកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ តួយ៉ាង នៅឆ្នាំ ២០១៤ កម្ពុជាសម្រេចបានកំណើនអត្រា ៧ភាគរយ ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤.៥លាននាក់ ដែលទទួលបានប្រាក់ចំណូលសរុបជិត ៣ពាន់លានដុល្លារអាមេរិក។ ដោយឡែក ក្នុងរយៈពេល ១១ខែ ឆ្នាំ ២០១៥ នេះ ចំនួនភ្ញៀវទេសចរ ដែលបានមកទស្សនានៅតំបន់អង្គរវត្តមានចំនួន ១,៨៧៧,៤៣៧ នាក់ កើនឡើង ២.២១ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤។
យ៉ាងណាមិញ ក្នុងឆ្នាំ ២០១៥នេះ រាជរដ្ឋាភិបាលកម្ពុជាបានព្យាករថា កម្ពុជានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ៥លាននាក់ ហើយនឹងកើនដល់ ៨លាននាក់ នៅឆ្នាំ ២០២០។
បើយោងតាមគេហទំព័រ Oxford Business Group បានបង្ហាញថា ចំនួនភ្ញៀវទេសចរដែលបានមកទស្សនាក្នុងទីក្រុង Marrakech របស់ប្រទេស Morocco ឯណេះវិញ គឺមានចំនួនប្រមាណ ១០លាន ៣ សែននាក់ ក្នុងឆ្នាំ ២០១៤ ហើយគេរំពឹងទុកថា នៅឆ្នាំ ២០២០ ទីក្រុងនេះ នឹងទាក់ទាញភ្ញៀវទេសចរឲ្យបាន ២០លាននាក់ ខណៈដែលកម្ពុជារំពឹងនឹងកើនដល់ ៨លាននាក់។
យ៉ាងណាមិញ ការប្រៀបធៀបតួលេខនៃចំនួនភ្ញៀវទេសចរ ដែលបានមកទស្សនារវាងប្រទេសទាំងពីរនេះ មិនអាចបង្ហាញថា ជាលទ្ធផលដែល Tripadvisor បានចាត់ថ្នាក់ប្រទេសទាំងពីរនេះ ជាប់ជាទិសដៅទេសចរណ៍ល្អនោះទេ។ ចំនុចដែល Tripadvisor បានចាត់ថ្នាក់ប្រទេសទាំងពីរនេះ ជាប់ចំណាត់ថ្នាក់ជាទិសដៅទេសចរណ៍ល្អនោះ អាចជាសោភ័ណភាព នៃតំបន់ទេសចរណ៍រវាងប្រទេសទាំងពីរ ដែលមានភាពទាក់ទាញពីអ្នកសំណាក់ អ្នកទស្សនាតាមរយៈ ការបោះឆ្នោតលើគេហទំព័រ Tripadvisor មួយនេះ។
គួរជម្រាបថា Tripadvisor បានចាត់ថ្នាក់ខេត្តសៀមរាប ជាទិសដៅទេសចរលេខ ១ នៅអាស៊ី។ នេះសបញ្ជាក់ឲ្យឃើញថា វាគឺជាមោទនភាពមួយរបស់កម្ពុជា ដែលអាចយកឈ្នះទីក្រុងល្បីៗ ផ្សេងៗទៀតក្នុងពិភពលោកបាន មានដូចជា ទីក្រុងបាងកក ទីក្រុងហុងកុង និងសូម្បីតែទីក្រុងស៊ីដនី របស់ប្រទេសអូស្ត្រាលី ដែលជាប្រទេសលោកខាងលិច ក៏ចាញ់ក្រុងសៀមរាបលើទឹកដីអង្គរដែរ ដែលដូច្នេះ សម្រាប់ឆ្នាំ ២០១៦ខាងមុខនេះ ខេត្តសៀមរាប មានសង្ឃឹមច្រើនដែលអាចក្លាយជាទិសដៅទេសចរណ៍លេខ ១ ទូទាំងពិភពលោក៕
ប្រភព៖ BusinessCambodia