ការប្រើប្រាស់ទូរស័ព្ទដៃរបស់ មេដឹកនាំធំៗនៅក្នុងលោក គឺមានប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសបន្ទាប់ពីមានរឿងលួចស្ដាប់ទូរស័ព្ទបានផ្ទុះឡើងកាលពី ឆ្នាំកន្លងទៅ។ ចុះលោកអ្នកដឹងទេថា មេដឹកនាំល្បីៗនៅក្នុងលោកប្រើប្រាស់ទូរស័ព្ទម៉ាកអ្វីខ្លះទេ?
១) លោក អូបាម៉ា៖ BlackBerry ជាទូរស័ព្ទដែលលោកបានប្រើប្រាស់ក្នុងការទំនាក់ទំនង និងបំពេញកិច្ចការរបស់លោក។ ទូរស័ព្ទដែលលោកប្រើត្រូវបានត្រួតពិនិត្យយ៉ាងពិសេសពី ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (US NSA)។ ទូរស័ព្ទត្រូវបានចាត់ទុកថា ជាទូរស័ព្ទដែលមានសុវត្ថិភាពបំផុត។ មិនត្រឹមតែលោកអូបាម៉ាទេ សូម្បីលោកស្រី Hillary Clinton ក៏ប្រើទូរស័ព្ទម៉ាក BlackBerry ដែរ។
២) នាយករដ្ឋមន្ត្រីអង់គ្លេស David Cameron៖ លោកក៏ប្រើទូរស័ព្ទ BlackBerry ដែរដោយហេតុផលសុវត្ថិភាពទិន្នន័យនៅក្នុងទូរស័ព្ទ។
៣) អធិការបតីអាល្លឺម៉ង់ Angela Merkel៖ លោកស្រីប្រើទូរស័ព្ទពីរនេះបើតាមសេចក្ដីរាយការណ៍ពី The Guardian។ មួយគឺទូរស័ព្ទបត់ Nokia 6260 Slide ដែលគេសង្ស័យថាភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកលួចស្ដាប់កិច្ច សន្ទនារបស់លោកស្រី និងមួយគ្រឿងទៀតគឺ BlackBerry Z10។
៤) ប្រធានាធិបតីបារាំង Francois Hollande៖ តាមសេចក្ដីរាយការណ៍ពី Telegraph ចេញផ្សាយកាលពីឆ្នាំទៅមិញ ឱ្យដឹងថា លោក Hollande ប្រើ iPhone 5។
៥) ប្រធានាធិបតីរុស្ស៊ីលោក ពូទីន៖ លោកធ្លាប់បានប្រកាសកាលពីឆ្នាំ២០១០ ថា លោកមិនបានប្រើទូរស័ព្ទទេ។ លោកថា ៖«បើខ្ញុំប្រើទូរស័ព្ទ វានឹងរោទ៍»។ ទោះជាយ៉ាងណា កាលពីឆ្នាំ២០១២ មានអ្នកថតបានថាលោកប្រើទូរស័ព្ទ MTS-Glonass 945 របស់រុស្ស៊ីដែលដំណើរការដោយ Android។
៦) លោក គីម ជុងអ៊ុន៖ លោកប្រើទូរស័ព្ទ HTC Butterfly ដែលផលិតដោយក្រុមហ៊ុនតៃវ៉ាន់កាលពីប៉ុន្មានឆ្នាំមុន។ បច្ចុប្បន្នកូរ៉េខាងជើងក៏អាចផលិតទូរស័ព្ទម៉ូដែលរបស់ខ្លួនបានហើយ។ មានសេចក្តីរាយការណ៍ខ្លះអះអាងថា ទូរស័ព្ទនោះផលិតដោយក្រុមហ៊ុនចិនតែដាក់ឈ្មោះកូរ៉េខាងជើង។
៧) នាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi៖ ជាអ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុន Apple ម្នាក់។
៨) អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់៖ Telegraph រាយការណ៍ថា លោកស្រីប្រើទូរស័ព្ទដល់ទៅ ៥គ្រឿងឯណោះក្នុងនោះក៏មាន iPhone និង Nokia ដែរ។
៩) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ឡោក Nawaz Sharif៖ ក៏ជាអ្នកគាំទ្រទូរស័ព្ទ BlackBerry ដែរ។
១០) ភរិយាប្រធានាធិបតីចិន៖ គ្មានសេចក្តីរាយការណ៍ថាលោកស៊ីជីនពីងប្រើទូរស័ព្ទម៉ាកអីនោះទេ ប៉ុន្តែកាលពីឆ្នាំ ២០១៣ គេគ្រាន់តែដឹងថា ភរិយារបស់លោកប្រើ iPhone ៥៕