ពិបាកលាក់ណាស់ ពេលលួចស្រឡាញ់មនុស្សម្នាក់នោះ? ទោះបីជាខំប្រឹងលាក់យ៉ាងណា ក៏អ្នកគង់នឹងដឹងដែរ ពីព្រោះទោះបីជាមាត់គេមិននិយាយ ប៉ុន្តែ កាយវិការលួចស្រឡាញ់អ្នករបស់គេ នឹងបង្ហាញចេញមកដោយមិនដឹងខ្លួនជាមិនខានឡើយ។ ខាងក្រោមនេះ ជាកាយវិការមួយចំនួន ដែលបញ្ជាក់ថា អ្នកកំពុងមានគេតាមស្រឡាញ់ហើយ ៖
ផ្កា
បើគេចូលចិត្តហុចផ្កាឲ្យអ្នក ទោះបីជាផ្កាបេះតាមផ្លូវ ឬផ្កាជ័រ ក្នុងន័យលេងសើចក្តី ប៉ុន្តែ អ្នកអាចកត់សម្គាល់មើលថា គេប្រហែលជាកំពុងចាប់ចិត្តលើអ្នកហើយ។ ផ្កា តំណាងឲ្យសេចក្តីស្រឡាញ់ និងភាពផ្អែមល្ហែម។
លុបចោលការជួបជុំទាំងអស់ ដើម្បីអ្នក
បើអ្នកពឹងគេឲ្យជូនអ្នកទៅផ្ទះ ឬធ្វើនេះ ធ្វើនោះ ពិតណាស់ គេនឹងព្យាយាមធ្វើឲ្យបាន ហើយបើទោះបីជាគេរវល់យ៉ាងណា ក៏គេសុខចិត្តរំសាយ ការងាររបស់គេចោលដែរ។
បង្ហាញអ្នកឲ្យមិត្តភក្តិ ឬគ្រួសារគេស្គាល់
ពិតណាស់ វាជាសញ្ញាបញ្ជាក់ច្បាស់ថា គេកំពុងគិតប្រាកដជាមួយហើយ ទើបហ៊ានណែនាំអ្នក ឲ្យគ្រួសារគេស្គាល់។
បង្កើតភាពភ្ញាក់ផ្អើល
គេឧស្សាហ៍ធ្វើឲ្យអ្នកសើច រំភើប និងភ្ញាក់ផ្អើលម្តងហើយម្តងទៀត។
លើកទឹកចិត្តអ្នក
គេនឹងនៅក្បែរ និងលើកទឹកចិត្តជានិច្ច ពេលអ្នកជួបការលំបាក តាមរយៈការទូរស័ព្ទ ឬផ្ញើរសារជាដើម។
ធ្វើការងារគគ្រិចៗជំនួសអ្នក
គ្មានបុរសណា ទ្រាំមើលឃើញមនុស្សដែលខ្លួនស្រឡាញ់ ប៉ះពាល់របស់កខ្វក់ ឬការងារលំបាកៗឡើយ អញ្ចឹង បើគេហ៊ានធ្វើការងារទាំងនោះជំនួសអ្នក វាច្បាស់ណាស់ថា គេពិតជាស្រឡាញ់អ្នកខ្លាំងណាស់៕
ប្រភព៖ health