ប្រធានសមាគមសិល្បករខ្មែរ បានអះអាងថា រូបលោកនិងសិល្បករ សិល្បការិនី ៤ រូបទៀត បានប្តេជ្ញាចិត្តឈប់ច្រៀងចម្រៀងចម្លងពីបរទេសចាប់ពីពេលនេះតទៅ បើទោះបីជាផលិតកម្មតម្រូវឲ្យច្រៀងក៏ដោយ។ បើតាមលោក សុះ ម៉ាច តារាចម្រៀងទាំងនោះ បានតាំងចិត្តថា ទោះបីខ្លួនមានជីវភាពមិនប្រសើរ ហើយត្រូវផលិតកម្មចម្រៀងបញ្ឈប់ពីការងារក្តី ក៏ពួកគេមិនច្រៀងចម្រៀងចម្លងពីបរទេសដែរ។
អ្នកនាង ម៉េង កែវ ពេជ្រចិន្តា កញ្ញា មាស សុខសោភា អ្នកនាង ពេជ្រ សោភា និងលោក ហេង ពិទូ សុទ្ធតែជាតារាចម្រៀងដែលបានប្តេជ្ញាចិត្តថា នឹងមិនច្រៀងចម្រៀងដែលចម្លងពីបរទេសទៀតនោះឡើយ។ នេះជាការអះអាងរបស់លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ ហើយក៏ជាអ្នកច្រៀងដែលបដិសេធច្រៀងចម្រៀងលួចពីបរទេសផងដែរនោះ។ កូនប្រុសរបស់ លោក សុះ ម៉ាត់ តារាល្បីជំនាន់លោក ស៊ិន ស៊ីសាមុត រូបនេះ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា តារាចម្រៀងទាំង ៤ នាក់ខាងលើបានប្តេជ្ញាចិត្តជាមួយរូបលោកហើយថា បើទោះបីជាពួកគេត្រូវមានជីវភាពខ្សត់ខ្សោយ និងម្ចាស់ផលិតកម្មបញ្ឈប់ពីការងារក្តី ក៏ដាច់ខាតមិនច្រៀងចម្រៀងដែលលួចពីបរទេសដែរ។
លោក សុះ ម៉ាច បានបន្ថែមថា មូលហេតុដែលរូបលោកនិងតារាចម្រៀង ៤ រូបទៀតប្រកាសឈប់ច្រៀងចម្រៀងពីបរទេស គឺដោយសារពួកខ្លួនឈឺចាប់នឹងបរទេសដែលមើលងាយ និងបន្តុះបង្ហាប់វិស័យចម្រៀងខ្មែរ ដោយសារតែតារា និងផលិតកម្មចម្រៀងខ្មែរលួចចម្លងចម្រៀងពីបរទេស។ «ប៉ុន្មានឆ្នាំហើយដែលខ្ញុំមិនបានចេញ Album ថ្មី ហើយខ្ញុំចង់ធ្វើបដិវត្ត ខ្ញុំចង់រើសបម្រាស។ ខ្ញុំមិនចង់ឲ្យគេមើលងាយសិល្បៈចម្រៀងយើងទេ។ ខ្ញុំមានការឈឺចាប់ណាស់ដែលប្រទេសជិតខាងបង្អាប់ចម្រៀងរបស់យើង»៕
ប្រភព៖ thmeythmey