Louis Koo និង Angelababy បានក្លាយជាស្ដេច និងរាជិនី ដែលរកបានចំណូលច្រើនជាងគេក្នុងវិស័យសិល្បៈហុងកុង ឆ្នាំ ២០១៥ វ៉ាអស់តារាទាំងឡាយ។
បណ្ដាញព័ត៌មាន South Capital News របស់ចិនថ្មីៗនេះទើបតែប្រកាសតារាងឈ្មោះកំពូលតារាហុងកុង ដែលរកប្រាក់ចំណូលបានច្រើនជាងគេប្រចាំឆ្នាំ២០១៥។ តាមរយៈតារាងនេះ តារាសម្ដែងសម្បុរស្រអែម Louis Koo បានគ្រងតំណែងស្ដេចរកលុយបានច្រើនជាងគេ ដោយបានសម្ដែងរហូតទៅដល់ ១៤ ភាពយន្ត ថតពាណិជ្ជកម្ម ១៣ស្ប៉ត និងប្រាក់ចំណូលសរុបនោះគឺ ៤០០លានដុល្លារហុងកុង (៥១ លានដុល្លារអាមេរិក)។
បណ្ដាញព័ត៌មានផ្សេងៗបានឲ្យដឹងថា បើទោះបីជាឈានចូលវ័យ ៥០ ឆ្នាំហើយក៏ដោយ ក៏ប្រជាប្រិយភាពរបស់ Louis គឺមិនដែលធ្លាក់ចុះនោះទេ។ លើសពីនេះទៅទៀត ដោយសារតែតារាស្រស់សង្ហាររូបនេះគ្មានមិត្តស្រី ឬភរិយា ទើបធ្វើឲ្យចំនួនអ្នកគាំទ្រស្រីរបស់លោកនៅតែរក្សាបានដូចដើម។
ជាប់ចំណាត់ថ្នាក់ទី២គឺតារាស្រីវ័យក្មេង Angelababy។ ភរិយារបស់ Huang Xiao Ming បានក្ដាប់តំណែងតារាស្រីដែលរកចំណូលបានច្រើនជាងគេរបស់ហុងកុង។ ក្នុងឆ្នាំ ២០១៥ ស្រីស្អាតកើតឆ្នាំ ១៩៨៩ ទទួលថតរឿងចំនួន ១០ (ទាំងរឿងភាគនិងភាពយន្ត) ថតផ្សាយពាណិជ្ជកម្មចំនួន ១៥ ស្ប៉ត និងរកចំណូលបានសរុប ២៦៥ លានដុល្លារហុងកុង (៣៤ លានដុល្លារអាមេរិក)។ West Capital News បានបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹងរឿង Angela ក្លាយជារាជិនីរកលុយថា “រឿងដែល Angelababy ក្លាយជាកំពូលតារាស្រីដែលរកបានលុយច្រើនជាងគេនៅហុងកុង គឺរឿងដែលនឹកស្មានមិនដល់”។
ជាមួយគ្នានេះដែរតួឯករឿង “Ip Man 3” Donnie Yen រកបានសរុប ២២០ លានដុល្លារហុងកុង (២៨ លានដុល្លារអាមេរិក) ពីការថតភាពយន្តរបស់ខ្លួន ហើយរក្សាបានចំណាត់ថ្នាក់លេខ ៣។ តារាសម្ដែងដទៃទៀតដែលមានវត្តមាននៅក្នុងតារាងនេះរួមមាន Nicholas Tse និងតារាសម្ដែងរៀមច្បង Chow Yun Fat ព្រមទាំង Aaron Kwok៕