តារាចម្រៀងអ្នកនាង យក់ ថិតរដ្ឋា បានឲ្យដឹងថា សព្វថ្ងៃនាងមានភាពមមាញឹកច្រើនខ្លាំងណាស់ទាំងការច្រៀង ចម្រៀងថ្មី និងមុខជំនួញរកស៊ីផ្ទាល់ខ្លួន ដោយបច្ចុប្បន្នកំពុងពង្រីកបន្ថែម។
“ទាំងការងាររកស៊ី និងសិល្បៈបង គឺមានការមមាញឹកដូចគ្នា ហើយថ្មីៗនេះត្រៀមបើកហាងលក់គ្រឿងសម្អាងមួយទៀត” យក់ ថិតរដ្ឋា បានថ្លែងប្រាប់។ តារាស្រីរូបនេះ បានបន្តទៀតថា នាងទើបបានបើកហាងគុយទាវមួយកន្លែង ហើយទទួលបានការគាំទ្រច្រើនពីមិត្តរួមអាជីព ក៏ដូចជាទស្សនិកជនអ្នកគាំទ្រ។
បើនិយាយពីជំនួញផ្ទាល់ខ្លួនវិញប្រពន្ធ ឃុំ ប៉ុណ្ណាដែត បានឲ្យដឹងថា នាង និងគ្រួសារមានជំនួញពីរបី ដូចជាហាងគុយទាវបែបថៃ លក់ផលិតផលតាមអនឡាញ ហើយកំពុងតែរៀបចំបើកជាហាងលក់ផលិតផលកែសម្ផស្សមាន Brand ទទួលបន្តផ្ដាច់មុខពីប្រទេសកូរ៉េ និងថៃទៀតផង។ ចំណែកដើមទុនក្នុងការបើក អ្នកនាងថាមិនច្បាស់ ព្រោះអ្វីៗភាគច្រើនសុទ្ធតែស្វាមីជាអ្នករ៉ាប់រងទាំងអស់។
តែសម្រាប់ហាងលក់ផលិតផលកែសម្ផស្ស យក់ ថិតរដ្ឋា មិនទាន់រួចរាល់នៅឡើយទេ ព្រោះកំពុងតែសាងសង់កន្លែងលក់ និងសិក្សាពីទីផ្សារ៕