ចាងហ្វាង​ផលិតកម្ម LD ដាក់ពាក្យ​ប្ដឹង​ទូរទស្សន៍​ខ្សែកាប​ក្នុងស្រុក​ពីបទ រំលោភ​កម្មសិទ្ធិបញ្ញា​

04-January-2016 | ដោយ មួយឡា

ភ្នំពេញ​៖ ផលិតកម្ម LD Picture កំពុងតែ​ត្រៀម​ប្ដឹង​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​មួយ ដែល​បាន​រំលោភ​កម្មសិទ្ធិបញ្ញា យក​រឿង «​អ្នកលេង​ជើង​ខ្វេរ​» ទៅ​បញ្ចាំង​ក្នុង ស្ថានីយទូរទស្សន៍​រប​ស់​ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត និង​ស្នើសុំ​សិទ្ធិ​បញ្ចាំង​ត្រឹមត្រូវ​នោះឡើយ ។ ផលិតកម្ម LD បាន​រកឃើញថា ស្ថានីយទូរទស្សន៍​ខ្សែកាប​ខាងលើ បាន​បញ្ចាំង​រឿង «​អ្នកលេង​ជើង​ខ្វេរ​» រួចទៅហើយ កាលពីពេល​ថ្មីៗ​នេះ ហើយ​ម្ចាស់​ផលិតកម្ម​បាន​ទៅដល់​ការិយាល័យ​សមត្ថកិច្ច ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដើម្បី​ប្ដឹង​ពី​បញ្ហា​នេះ ជួយ​រក​យុត្តិធម៌ ខណៈ​ផលិតកម្ម​មិនអាច​ទទួលយក​ការរំលោភ​កម្មសិទ្ធិបញ្ញា ពី​សំណាក់​ស្ថា​នី​ទូរទស្សន៍​ខាងលើនេះ​បានឡើយ​។​

លោក លៀក លីដា ជា​ផលិតករ និង​ជា​ចាងហ្វាង​ផលិតកម្ម LD Picture បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ផលិតកម្ម បានធ្វើការ​ព្រមាន​ដល់​ស្ថានីយទូរទស្សន៍​ខ្សែកាប​ខាងលើ ឲ្យ​បញ្ឈប់​ការដាក់​បញ្ចាំងភាពយន្ត «​អ្នកលេង​ជើង​ខ្វេរ​» ជាបន្ទាន់ ប៉ុន្តែ​ស្ថានីយទូរទស្សន៍ ខាងលើ​មិន​ព្រមស្ដាប់​ឬ​ធ្វើតាម​ការស្នើសុំ​របស់​ផលិតកម្ម​ដែលជា​ម្ចាស់​ដើម​នោះទេ​។ ពេលនោះ​លោក​បាន​ទៅរក​សមត្ថកិច្ច នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ទាំងយប់​ដើម្បី​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ដោយ​ចំ​ថ្ងៃ​ដែល​សមត្ថកិច្ច​សំរាក​ទើប​លោក​ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​សមត្ថកិច្ច ចូលធ្វើការ​វិញ​ចាំ​ជួបគ្នា​ឲ្យ​ភាគី​ខាង​ទូរទស្សន៍ ចូលខ្លួន​ដោះស្រាយ​។​

លោក លៀក លីដា និយាយថា «​ខ្ញុំ​បាន​ប្រាប់​ពួកគេ កុំ​ឲ្យ​បញ្ចាំង​តែ​ពួកគេ​មិន​ព្រមស្ដាប់ ខ្ញុំ​ក៏​មករក​សមត្ថកិច្ច​ទាំងយប់ ប៉ុន្តែ​ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​សមត្ថកិច្ច​សម្រាក ពេលនេះ​ខ្ញុំ​កំពុងតែ​រងចាំ​សមត្ថកិច្ច​កោះហៅ​ភាគី​ម្ខាង​ទៀត​មក​ចូលខ្លួន​ដោះស្រាយ ។ តែបើ​ពួកគេ​នៅតែ មិន​ចូលខ្លួន​ដោះស្រាយ​ខ្ញុំ​នឹងដាក់​ពាក្យ​ប្ដឹង​សមត្ថកិច្ច តាមផ្លូវ​ច្បាប់ ពីបទ​រំលោភ​កម្មសិទ្ធិ​បញ្ញា ..»​។​

​ចាងហ្វាង​ផលិតកម្ម​រូបនេះ ក៏បាន​បន្ថែមទៀតថា រឿង​គេ​លួច​យក​ស្នាដៃ​ទៅ​ដាក់​បញ្ចាំង​គឺជា​រឿង​ដែល​លោក​មិនអាច​អន់ឱន​បានឡើយ ព្រោះ​ផលិតកម្ម LD ផលិតឡើង​អស់​ទុន​រាប់ម៉ឺន​ដុល្លារ ហើយ​បែរជា​យកទៅ​បញ្ចាំង ដោយ​គ្មាន​ការអនុញ្ញាត​បែបនេះ​ជាការ​រំលោភសិទ្ធិ​ផលិតកម្ម​ធ្ងន់ធ្ងរ មិនអាច​ទទួលយកបាន​ឡើយ​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20510287

  • ថ្ងៃនេះ2801
  • ម្សិលមិញ15191
  • សប្តាហ៍នេះ45951
  • ខែនេះ67831
  • ឆ្នាំនេះ67831
  • សរុប20510287