ភ្នំពេញ៖ ខណៈទីផ្សារទាំងសិល្បៈកំប្លែង សម្ដែងភាពយន្ត និងច្រៀងតាមកម្មវិធីតូចធំនានាកំពុងតែកាក់កបដុល្លារហូរចូល ពេញៗដៃ ក្រុមកំប្លែងនាយពាក់មីថ្មីៗនេះបានរងនូវព្រនង់សម្ដីរិះគន់ ធ្ងន់ៗជុំវិញការលេងកំប្លែងខ្វះសីលធម៌អប់រំ ពិសេសត្រង់ឈុតនាយក្រូចឱបនាងភីមផ្ដេកផ្ដួលពពាក់ពពូនលើឆាក ខណៈនាងជាប្រពន្ធរបស់នាយតាក់ស៊ីក្នុងក្រុមសម្ដែងនោះផងដែរ។
ឆ្លើយតបនឹងការរិះគន់យ៉ាងចាស់ដៃនេះ តារាកំប្លែងនាយពាក់មី ប៉ុន្មាននាទីមុននេះ បានបង្ហោះវីដេអូបកស្រាយពីអារម្មណ៍សមាជិកក្នុងក្រុមកំប្លែងមាន នាយក្រូច នាងភីម និងនាយតាក់ស៊ី ផ្ទាល់តែម្ដង ជុំវិញឈុតសម្ដែងដែលត្រូវបានទស្សនិកជនមួយចំនួនលើកឡើងថាប្រាសចាកសីលធម៌។
ផ្ដើមចេញដោយការនិយាយថា៖ «ជម្រាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដាន និងទស្សនាក្នុង Page របស់ពែកមី។ បាទ គឺថាមួយរយៈខ្លីនេះមានការរិះគន់លើកឡើងពីសំណាក់បងប្អូនទាំងអស់ គ្នាទាក់ទងនឹងបញ្ហានាយក្រូច និងនាងភីម ដែលបងប្អូនគិតថានាយតាក់ស៊ី បានប្រចណ្ឌនាយក្រូច ឬក៏ខឹងនាយក្រូច នៅពេលដែលអ្នកនាងភីម លេងជាមួយនាយក្រូច។ បើអ៊ីចឹងចង់ដឹងថាពួកគាត់ អារម្មណ៍គិតជាមួយគ្នាយ៉ាងណាបាទ សូមជួបជាមួយនាយក្រូច តាក់ស៊ី នាងភីម ដូចតទៅ…»។
ក្នុងវីដេអូរយៈពេលជាង ២នាទី នាយពាក់មី បានសួរទៅកាន់នាយក្រូចថា៖ «បងប្អូនគាត់រិះគន់ថាបងក្រូចឯង និងអ្នកនាងភីមនេះ គឺថាលេងរវល់តែធ្វើបាបចិត្តតាក់ស៊ី តើជារឿងពិត ឬយ៉ាងម៉េច?»។
នាយក្រូចបានតបវិញថា៖ «បាទ ខ្ញុំក៏បានមើលព័ត៌មានហ្នឹងដែរ ប៉ុន្តែជួនកាលប្រហែលជាគាត់យល់ច្រលំ ព្រោះអីគាត់នៅខាងក្រៅ គាត់អត់ដឹងថាអ្នកនៅខាងក្នុងនេះ (ក្រុម) ជាអ្វីទេ។ តាមពិតពួកខ្ញុំទាំងអស់ចាត់ទុកគ្នាដូចបងប្អូនបង្កើតអ៊ីចឹង។ ទាំងអស់គ្នា និយាយរួមក្នុងក្រុមកំប្លែងទាំងអស់ដូចជា បងប្អូនបង្កើតអ៊ីចឹង រាល់ការសម្ដែងទាំងអស់ គ្រាន់តែជាការសម្ដែងដើម្បីឲ្យបងប្អូនបានសើចទេ ហ្នឹងហើយ។ ដល់អ៊ីចឹងទៅពួកគាត់ក៏ប្រចណ្ឌជំនួសបងតាក់ស៊ី ដោយសារឃើញបងតាក់ស៊ីធ្វើមុខទំនងពេក ពេលហ្នឹងមុខគាត់ឃើញទំនងមែន»។
រីឯនាយតាក់ស៊ីវិញក៏បានថ្លែងលាយសំណើចថា៖ «ចំពោះរូបខ្ញុំបាទគឺថាមិនមានការអាក់អន់ស្រពន់ចិត្តអីទេ មិនមានការប្រចណ្ឌក្នុងចិត្តអីទេ។ បាទ ដើម្បីឲ្យពុកម៉ែបងប្អូនបានសើចសប្បាយហ៊ោរលេងតែប៉ុណ្ណោះទេ ហើយពួកខ្ញុំទាំងពីរនាក់ រួមជាមួយក្រុមកំប្លែងទាំងអស់នេះ ក្រុមការងារទាំងអស់ដូចជាបងប្អូនអ៊ីចឹងដែរបាទ»។
ចំពោះនាងភីមវិញ នាងបានអះអាងថា៖ «ចាស នេះគឺជាការសម្ដែងទេ គឺមិនមែនជាធាតុពិតទេ។ សម្ដែងដើម្បីឲ្យពុកម៉ែបងប្អូនបានផ្ទុះសំណើច ពុកម៉ែបងប្អូនយល់ច្រលំថាប្ដីខ្ញុំឯណេះប្រចណ្ឌ។ តាមការពិតពួកខ្ញុំស្រឡាញ់គ្នាដូចបងដូចប្អូនទាំងអស់គ្នាអ៊ីចឹង។ មិនមែនតែនាយក្រូចទេ សូម្បីតែ ពែកមី គ្រឿន និយាយរួមប្រុសៗទាំងអស់ក្នុងក្រុមកំប្លែងនេះគឺបានឱបថើបទាំងអស់ ដើម្បីឲ្យនាយតាក់ស៊ីនេះគាត់ប្រចណ្ឌ។ ខាងក្រៅខ្ញុំប្រពន្ធបងតាក់ស៊ី ហ្នឹងហើយ អ៊ីចឹងទៅឲ្យខាងបងក្រូចណេះធ្វើស្រឡាញ់ខ្ញុំទៅ ឲ្យខាងណេះបងតាក់ស៊ីគាត់ប្រចណ្ឌ បានសើច កុំឲ្យបងប្អូនយល់ច្រលំ»។
មុននោះផងដែរឆ្លើយតបនឹងការរិះគន់នេះ តារាកំប្លែងឡើងកូដមានផ្ទះស្កឹមស្កៃ រថយន្តប្រណីត និងដុល្លារណែនដៃលោក ពែកមី បានសរសេរត្អូញត្អែរលើទំព័រហ្វេសប៊ុក របស់លោកថា៖ «ពិបាកចិត្តណាស់បងប្អូនអើយ។ រាល់ថ្ងៃក្រុមខ្ញុំលេងកំប្លែងឲ្យបងប្អូនបានសប្បាយសើចកម្សាន្ត តែបែរបានមកវិញនូវពាក្យជេរប្រមាថមើលងាយ ខុសខុសខុស តើឲ្យយើងខ្ញុំលេងពីអ្វីទៅ? តើកំប្លែងបែបណាទៅដែលធ្វើឲ្យបងប្អូនសើចត្រូវចិត្តទាំងអស់ អត់ខុសនោះ។ ខ្ញុំចង់ណាស់ តែការនិយាយ ឬកាយវិការឲ្យមនុស្សរាប់លាននាក់សើចរាល់ថ្ងៃមិនឲ្យខុសវាពិបាកណាស់។ តើក្រុមខ្ញុំត្រូវរំសាយ ឬលេងបន្តទៀត។ ពាក្យកំប្លែង បើនិយាយធម្មតាម៉េចនឹងសើចហ៊ឺ!»៕
ប្រភព៖ postkhmer