ការទំនាក់ទំនងពិតជា មានសារសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា ព្រោះបើខ្វះការទំនាក់ទំនងល្អ នោះការងារអ្វីក៏ដោយក៏មិនងាយនឹងសម្រេចដែរ។ ប៉ុន្តែ មនុស្សខ្លះពិតជា មិនងាយស្រួលក្នុងការនិយាយជាមួយ និង បង្កើតទំនាក់ទំនងល្អបានយូរអង្វែងនោះដែរ។
ខាងក្រោមនេះ គឺជាប្រភេទមនុស្ស៤យ៉ាងដែលអ្នកពិបាកក្នុងការបង្កើតទំនាក់ទំនងល្អជាមួយ៖
១. មនុស្សមានអំនួតខ្ពស់៖ ប្រភេទមនុស្សដែលមាន អំនួតខ្លាំងក្នុងការធ្វើកិច្ចការផ្សេងៗនោះ ពួកគេមិនទុកអ្នកដទៃក្នុងកែវភ្នែកនោះឡើយ។ ដូច្នេះមនុស្សប្រភេទនេះ គឺពិតជាពិបាកក្នុងការបង្កើតទំនាក់ទំនងល្អជាមួយខ្លាំងណាស់។
២. មនុស្សឆាប់ជឿគេពេក៖ សម្រាប់មនុស្សដែលគ្មានជំហរលើខ្លួនឯង ហើយតែងតែទោរទន់នៅពេលមាននរណាម្នាក់ផ្លុំត្រជាក់នោះ គឺជាប្រភេទមនុស្សដែលមិនងាយនឹងសាងទំនាក់ទំនងល្អបានយូរអង្វែង ឡើយ។ ទោបីជាអ្នកជាមនុស្សល្អ ហើយមានបំណងល្អជាមួយមនុស្សប្រភេទនេះក៏ដោយ ក៏ពួកគេនឹងធ្វើឲ្យអ្នកខកចិត្តមិនខាន។
៣. មនុស្សគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន៖ មនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន គឺពិតជាមិនងាយនឹងបង្កើតទំនាក់ទំនងយូរអង្វែងនោះឡើយ ព្រោះអ្វីៗដែលពួកគេធ្វើគឺដើម្បីតែប្រយោជន៍ប៉ុណ្ណោះ ។ ដូច្នេះមិនបាច់ព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយនឹងមនុស្សប្រភេទ នេះឡើយ។
៤. មនុស្សដែលគ្មានការយោគយល់៖ ជាធម្មតា មនុស្សជៀសមិនផុតពីការធ្វើខុសនោះឡើយ ព្រោះគ្មាននរណាម្នាក់មិនចេះខុសទេ។ ប៉ុន្តែបើមនុស្សដែលអ្នករាប់អានជាមួយនោះ ជាមនុស្សដែលមិនចេះយោគយល់ និង អធ្យាស្រ័យទេ នោះទំនាក់ទំនងក៏មិនអាចគង់វង្សបានដែរ៕
ប្រភព៖ www.phrasemix.com , bizkhmer