បើតាមសម្ដីលោក លីទូច ភិមាន ជាអ្នករៀបចំកម្មវិធី one ticket one child បានឲ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើង គឺដើម្បីប្រមែប្រមូល និងរៃអង្គាសថវិកាទៅជួយដល់កុមារក្រីក្រនៅសាលាបឋមសិក្សាមួយកន្លែង ក្នុងខេត្តតាកែវ។
លោក ភិមាន បានបន្តទៀតថា ព្រឹត្តិការណ៍ខាងលើនឹងប្រព្រឹត្តឡើងថ្ងៃ សៅរ៍ ទី ៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ចាប់ពីម៉ោង ១ រសៀលតទៅ។ “កម្មវិធីនេះមិនត្រឹមតែជាការរៃអង្គាសថវិកាសម្រាប់ជួយដល់កុមារ ខ្សត់ខ្សោយប៉ុណ្ណោះទេ ថែមទាំងជាការប្រមូលផ្ដុំយុវជនដែលមានសមត្ថភាពមកសម្ដែង និងប្រកួតប្រជែងគ្នា ហើយមួយវិញទៀត គឺចង់ប្រមូលយុវជនដែលសកម្មៗក្នុងសាលាដូចជានៅ IFL ជាដើមចូលរួមធ្វើការសង្គមទាំងអស់គ្នា។”
អ្វីដែលក្រុម One Mission Group ចង់ធ្វើ គឺជួយដល់ក្មេងដែលជួបបញ្ហាខ្វះខាតសម្ភារៈសិក្សាដូចជាកាតាប សៀវភៅ ជាដើម។ Cool leader sell team រូបនេះបានបញ្ជាក់ទៀតថា ប្រាក់ដែលទទួលបានពីកម្មវិធីគឺរៀបចំជាបីផ្នែក ទី១ទិញសម្ភារៈសិក្សាជូនក្មេងៗទាំងនោះ ទី២ ទុកជួយឧបត្ថម្ភលោកគ្រូ អ្នកគ្រូ ទី៣ ទុកជួយដោះស្រាយបញ្ហាបរិស្ថានមួយចំនួនសាលាបឋមសិក្សាពញ្ញាហុក ស្រុកបាទី ខេត្តតាកែវ។
បុរសវ័យ ២១ ឆ្នាំខាងលើ បានបន្តទៀតថា នេះជាលើកទី ៥ ហើយដែលក្រុមលោកបានរៀបចំកម្មវិធីលើកនេះ ហើយលើកនេះក្រុមការងារទាំងមូលសង្ឃឹមថា យ៉ាងហោចណាស់ក៏មានអ្នកចូលរួមជាង ៣០០ នាក់ ដោយឡែកសំបុត្រមានតម្លៃតែ ៥ ដុល្លារប៉ុណ្ណោះ។ លីទូច ភិមាន បានបន្ថែមថាមកដល់ពេលនេះមានបេក្ខជនដាក់ពាក្យប្រឡងប្រហែលជា ២០ នាក់/ក្រុម និងមានការចូលរួមសម្ដែងពីតារាក្នុងដួងចិត្តមិត្តយុវវ័យរួមមាន PyePey Dy ក្រុម SED2R កញ្ញា MIGA BLUECHILLI (Lady Gaga Cambodia) និងតារាៗជាច្រើនរូបទៀត។
ជាចុងក្រោយលោកក៏បានសំណូមពរឲ្យបងប្អូនចូលរួមទស្សនាឲ្យបានច្រើន ដើម្បីជាចំណែកជួយដល់បងប្អូនកុមារតូចៗដែលមិនមានលទ្ធភាព៕
ប្រភព៖ sabay