ប្រពន្ធប្រែថាចំណង ភរិយាប្រែថា ស្រីដែលប្ដីចិញ្ចឹមខ្លួនជាស្រីមានប្ដីហើយ ត្រូវចេះគិតគូរឲ្យបានវែងឆ្ងាយ កុំឆេវឆាវ ងងក់ ដូចក្មេង ក្រែងនៅមិនបានសុខ។ ភរិយាមានតួនាទីដូចខាងក្រោម៖
១. ចាត់ចែងការងារផ្ទះឲ្យបានល្អ រៀបចំទុកដាក់សំលៀកបំពាក់ ចានឆ្នាំង របស់របរប្រើប្រាស់ បោសច្រាស តុបតែងលំអឲ្យបានស្អាតបាតសមរម្យ កុំទុកឲ្យកើតអពមង្គល សរុបមកត្រូវមានមារយាទល្អ។
២. ជួយសង្គ្រោះញាតិទាំងសងខាងលៃលកឲ្យបាន សមរម្យ កុំស្គាល់តែម៉ែឪឯង ញាតិឯង កុំលបលាក់លុយកាត់ កិបកេងក្រោយខ្នងប្តីឡើយ ពេលគេដឹងមិនបានសុខទេ។
៣. កុំក្បត់ចិត្តប្តីមិនត្រូវលបលួចលាក់ មានសហាយស្មន់តាមសម្រែកតណ្ហារបស់ខ្លួនឡើយ ព្រោះវាធ្វើឲ្យខូចពូជពង្សវង្សត្រកូល ខូចអនាគតកូនចៅ ឈ្លោះទាស់ទែងគ្នា រកសុខគ្មានទេ។
៤. រក្សាទ្រព្យឲ្យគង់វង្សលុយកាក់ដែលប្ដី រកមក ត្រូវចេះចាត់ចែងទុកដាក់ សម្រាប់ហូបចុក ប្រើប្រាស់ ឈឺថ្កាត់ ឬមានហេតុការណ៍ណាមួយ ចាយវាយឲ្យចេះប្រមាណ មិនត្រូវខ្ជះខ្ជាយពេកទេ ស្រីខ្លះកញ្ជើធ្លុះ យកលុយលេងល្បែង ចាក់កន្ទុយលេខ ផឹកស្រាធ្វើមារយាទថោកទាប បាត់បង់តម្លៃជាស្ត្រី។
៥. ឆ្លាតវាងវៃ មិនខ្ជិលច្រអូស កុំដេកចាំសំណាងប្តី ចេះលៃលកឆ្លៀតរករបរនេះ របរនោះ កុំឲ្យទំនេរអត់ប្រយោជន៍ កុំខ្ជិលងើបគូទមិនរួច ស្ងាបហាមាត់មួយចំអាម អង្គុយរកចៃមាត់ជណ្ដើរ បាយមិននឹក ទឹកមិនដឹង ហើយត្រូវរវៀសរវៃប្រើបញ្ញាចាត់ចែងការឲ្យបានសព្វគ្រប់។
ខាងលើនេះ គឺជាកាតព្វកិច្ចរបស់ស្ត្រីជាភរិយាខានមិនបាន បើស្រីណាធ្វើបានហៅថា ស្រីគ្រប់លក្ខណ៍ បើស្រីណាធ្វើមិនបាន ហៅថាស្រីខាតលក្ខណ៍៕
ប្រភព៖ rosemag