ស្បែកងាប់ ឬស្បែកស្ងួត គឺជាបញ្ហាដែលឧស្សាហ៍កើតមាន ចំពោះមនុស្សទូទៅ មិនថាប្រុស ឬស្រីនោះទេ។ ស្បែកបាត់បង់សំណើម នៅក្នុងរដូវរងារ ដូច្នេះ ការចេះថែរក្សា និងផ្តល់សំណើមដល់ស្បែក អាចដោះស្រាយបញ្ហានេះបានមួយចំនួនផងដែរ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រធម្មជាតិមួយចំនួន ដែលអ្នកអាចធ្វើវា នៅផ្ទះបានដោយខ្លួនឯង។
ប្រទាលកន្ទុយក្រពើ
អ្នកអាចធ្វើវានៅពេលយប់ ដោយកាត់យកតែជាតិរំអិល របស់ប្រទាលកន្ទុយក្រពើ ដើម្បីយកមកលាប នៅលើស្បែកកែងជើង ឬកន្លែងដែលមានស្នាមប្រេះ។ បន្ទាប់មក ម៉ាស្សាវាថ្នមៗ រួចទុកឲ្យវាស្ងួត រហូតដល់ព្រឹកស្អែក។ អ្នកអាចពាក់ស្រោមជើង គ្របពីលើវាទៀត គឺកាន់តែល្អ។
ទឹកឃ្មុំ
ទឹកឃ្មុំ អាចប្រើបានចំពោះ គ្រប់ប្រភេទស្បែកទាំងអស់។ ទឹកឃ្មុំ ជាអ្នកប្រឆាំងបាក់តេរី និងការពារពពួកមេរោគ និងផ្សិត។ ចូរយកទឹកឃ្មុំ ទៅលើលាបលើកន្លែង ដែលមានបញ្ហា រួចម៉ាស្សាថ្នមៗ ក្នុងរយៈពេល ១៥ នាទី។ បន្ទាប់មក ត្រាំជើងរបស់អ្នក ទៅក្នុងទឹកក្តៅអ៊ុនៗ ហើយលាងចេញ។ មុនចូលគេង អ្នកគួរតែពាក់ស្រោមជើង ឲ្យបានជិតល្អ។
អំបិល Epsom
អំបិលប្រភេទនេះ មានផ្ទុកនូវសារធាតុម៉ាញេស្យូម ដែលជួយធ្វើឲ្យស្បែកស្រស់ស្អាត។ ចូរត្រាំជើង ទៅក្នុងទឹកអំបិល epsom ពីរដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ស្បែកដែលងាប់ និងការពារបញ្ហាប្រេះស្បែក។
ប្រេងដូង
មុនចូលគេង អ្នកអាចលាបប្រេងដូងបន្តិចលើបាតដៃ ហើយលាបទៅលើកន្លែងដែលមានបញ្ហា រួចម៉ាស្សាថ្នមៗ ១៥ នាទី មុននឹងពាក់ស្រោមជើង គ្របឲ្យជិតល្អ៕
ប្រភព៖ health