អា​ម៉ាប់ កំពូល​តារា​ក្បាច់គុន​ហុងកុង ប្រឡាក់​ជាប់​ដោយ​រឿងអាស្រូវ​តណ្ហា​

12-January-2016 | ដោយ មួយឡា

លោក Sammo Hung ហៅ អា​ម៉ាប់ អាច​រក្សាបាន​តំណែង​មួយ​ដែល​គ្មាន​អ្នកណា​អាច​ឈោង​ចាប់បាន តែ​លោក​មិនដែល​ត្រូវបាន​គេ​សរសើរ​ពី​ជីវិត​ឯកជន​ដែល​ពោរពេញ​ទៅដោយ​រឿងអាស្រូវ​នោះទេ​។​

​តារា​សម្ដែង​ល្បីឈ្មោះ Sammo Hung ដែលមាន​ឈ្មោះ​ពិត​ថា Hung Kam Bo (​ហុង​គីម​ប៉ៅ​) ហៅ អា​ម៉ាប់ កើត​នៅ​ថ្ងៃទី​០៧ ខែមករា ឆ្នាំ ១៩៥២ នៅ​ទីក្រុង​ហុងកុង នៅក្នុង​គ្រួសារ​ដែលមាន​ទំនៀមទម្លាប់​ក្បាច់គុន​មួយ​។ អាយុ ៩​ឆ្នាំ Sammo ទៅតាម​លោកគ្រូ Yu Jim Yuen ស្នាក់នៅ​សាលា​ល្ខោន​ប៉េកាំង​ដើម្បី​រៀន​ក្បាច់គុន​និង​សម្ដែង​។ នៅទីនេះ​ដែរ​លោក​បានក្លាយ​ជា​សិស្ស​ច្បង​ធំ​របស់​តារា​សម្ដែង​ជួរមុខ ឈិន ឡុង​។ ឡើងដល់​អាយុ ១៤​ឆ្នាំ លោក​បាន​ឈាន​ជើង​ចូល​វិស័យ​សិល្បៈ​ដំបូង​នៅពេល​គេ​ឲ្យ​លោក​ដើរតួ​ជំនួស​នៅក្នុង​ឈុត​គ្រោះថ្នាក់​មួយ​ក្នុង​ភាពយន្ត “Come Drink With Me”​។​

​ដោយសារតែ​ឱកាស​នេះដែរ​បានធ្វើ​ឲ្យ Sammo Hung មាន​អនុស្សាវរីយ៍​មួយ​ដែល​លោក​មិនអាច​ភ្លេច​អស់​មួយជីវិត​នោះ​គឺ​លោក​បាន​ជួប​ជាមួយ​អតីត​កំពូល​តារា​សម្ដែង លី ស៊ា​វ​ឡុង​។ ថ្ងៃមួយ លី ស៊ា​វ​ឡុង​បាន​ឈាង​ចូល​លេង​កន្លែង​ថត​រឿង JitiengHua​ទីតាំង​ដែល Sammo Hung និង​តារា​សម្ដែង​កំប៉ិកកំប៉ុក​មួយចំនួន​ទៀត​កំពុង​ហាត់​សម​នឹង​គ្នា​។ បាន​ជួប​តារា​ក្នុង​ចិត្ត​របស់ខ្លួន​គឺជា​សុភមង្គល​មួយ​ដែល​គ្មានអ្វី​អាច​ប្រៀបធៀប​បាន សម្រាប់​ក្មេងប្រុស​វ័យ​ជំទង់​ម្នាក់​នៅពេលនោះ​។​

​លោក​បាន​រត់​ទៅមុខ លី ស៊ា​វ​ឡុង ហើយ​និយាយថា​៖ “​ពិត​ជាមាន​កិត្តិយស​ខ្លាំងណាស់​ដែល​បាន​ជួប​បង​។ ខ្ញុំ​មើល​រឿង​បង​សម្ដែង​ឃើញថា​បង​បញ្ចេញ​ក្បាច់គុន​បាន​រហ័ស​គ្រាន់បើ​”​។ ស្ដាប់​មកដល់​ត្រឹមនេះ​តារា​ក្បាច់គុន​ស្មានតែ​ក្មេង​ម្នាក់នេះ​ចង់​ប្រកួត​ជាមួយ​ខ្លួន​ក៏បាន​និយាយ​វិញ​ថា​៖ “​ឯង​គិតថា​ឯង​អាច​ស៊ូ​ជាមួយ​ខ្ញុំ​បាន​ប៉ុន្មាន​វិនាទី​?” ហើយ​ពួកគេ​ក៏​ចាប់ផ្ដើម​ការប្រកួត​។​“​ជើង​ខ្ញុំ​លើក​មិនទាន់​ដល់​ត្រគាក​របស់ លី ស៊ា​វ​ឡុង ផង គាត់​បាន​ទាត់​ត្រូវ​ក្បាល​ខ្ញុំ​រួចទៅហើយ ពិតជា​គួរ​ឲ្យ​កោតសរសើរ​ខ្លាំងណាស់​”​។​

​កើតមក​មាន​រាង​ស្គម​ស្ដើង​ដូច​ក្មេងប្រុស​ដទៃទៀត​ដែរ តែ​ដោយសារតែ​រងរបួស​ជើង​ដេក​នៅ​មួយកន្លែង​កាល​អាយុ ១៦ ឆ្នាំ បានធ្វើ​ឲ្យ​លោក​រីក​មាឌ​ពី​ពេល​នោះមក​។ ចាប់ពីពេលនោះ​ទៅ Sammo Hung មាន​រហស្សនាម​មួយទៀត​ថា​អា​មា់​ប់​“​តា​ម៉ាប់​”​។​ អាច​និយាយបានថា Sammo Hung គឺជា​បុគ្គល​មួយរូប​ដែល​បាន​លើកស្ទួយ​វិស័យ​ភាពយន្ត​ហុងកុង​ពី​ទសវត្ស​ឆ្នាំ ១៩៨០ ដល់​១៩៩០​។ នៅក្នុង​កំឡុង​ពេលនេះ Sammo​បាន​សហការ​ជាមួយ​តារា​សម្ដែង​ជួរ​ជាច្រើនរូប​ដូចជា Jackie Chan និង Yeun Biao បង្កើតបាន​ភាពយន្ត​ល្បីឈ្មោះ​ជាច្រើន​។​មិន​ត្រឹមតែ​ជា​តារា​សម្ដែង​ឆ្នើម​ម្នាក់ Sammo Hung ព្រមទាំង​បាន​រ៉ាប់រង​តួនាទី​ផ្សេងៗ​ទៀត​ដូចជា អ្នកដឹកនាំ​រឿង ទទួលបន្ទុក​ក្បាច់គុន​និង​ផលិតករ​។​

​ស្ទីល​ក្បាច់គុន​កុង​ហ្វូ បូករួម​ជាមួយនឹង​ភាព​កំប្លុកកំប្លែង​របស់ Sammo Hung បាន​គេ​វាយតម្លៃថា​ត្រូវ​រង​ឥទ្ធិពល​ខ្លាំង​ពី​សិស្ស​ប្អូន​របស់ខ្លួន​គឺ ឈិន ឡុង​។ បណ្ដាញ​ព័ត៌មាន​ក៏ដូចជា​អ្នកឯកទេស​ខាង​ក្បាច់គុន​ចិន​បានទទួល​ស្គាល់​ថាបើ​និយាយ​ពី​អ្នកក្លាហាន​នៅលើ​កញ្ចក់​ភាពយន្ត​ចិន គឺ​មិន​ខ្វះ​ឈ្មោះ Sammo Hung, លី ស៊ា​វ​ឡុង ឈិន ឡុង លី លាន​ជា និង កុំ​កុំ​បាន​នោះទេ​។​

​ជីវិត​ឯកជន​ពោរពេញ​ទៅដោយ​រឿងអាស្រូវ​៖ ប្រពន្ធ ២ ស្រីក្មេង​រាប់មិនអស់​កាលពី​នៅ​វ័យក្មេង Sammo Hung បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នារី​ជនជាតិ​កូរ៉េ​ម្នាក់​មាន​ឈ្មោះថា Jo Yun Ok​។ ពួកគេ​បាន​មានកូន​ជាមួយគ្នា​ចំនួន ៤ នាក់​។ Jo Yun Ok គឺជា​នារី​ម្នាក់​ដែល​ហ៊ាន​លះបង់​អ្វី​គ្រប់យ៉ាង​ក៏ដូចជា​ស្ម័គ្រចិត្ត​អត់ឱន​រាល់​ទោសកំហុស​របស់​ស្វាមី​ទាំងអស់​ដើម្បី​ឲ្យ​គ្រួសារ​មាន​សុភមង្គល​។ Jo Yun Ok បាន​តស៊ូ​រស់នៅ​ជាមួយ​តារា​សម្ដែង​រូបនេះ​បាន​រយៈពេល ១០ ឆ្នាំ​តែ​ចុងក្រោយ​ស្ត្រី​ម្នាក់នេះ​បាន​លែងលះ​ពេល Sammo Hung ប្ដេជ្ញាចិត្ត​រៀបការ​ជាមួយ​បវរកញ្ញា​ហុងកុង​ឆ្នាំ ១៩៩៤ Gao Si Hong ឲ្យ​ទាល់តែ​បាន​។​

​រយៈពេល​ជួបគ្នា​ជាមួយ​ស្រី​ស្អាត​ហុងកុង​រូបនេះ​Sammo​បានទទួល​នាង​ជា​កូនសិស្ស​របស់ខ្លួន​។ នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ លោក​បាន​និយាយថា​៖ “​មនោសញ្ចេតនា​របស់​ពួកយើង​ទាំង​ពីរបាន​រីកដុះដាល​ឡើង​តាំងពី​ពេលណា​ក៏​មិនដឹង​គឺ​វា​កើតឡើង​យ៉ាង​ធម្មជាតិ​បំផុត​”​។

​បើទោះបីជា​ត្រូវ​អ្នកផង​ជំទាស់​រឿង​ស្នេហា​គ្រូ​និង​សិស្ស​នេះ​ជាខ្លាំង​ក៏ដោយ​តែ​អ្នក​ទាំងពីរ​នៅតែ​ដឹក​ដៃ​បណ្ដើរគ្នា​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​។​នៅពេល​ឯកសារ​លែងលះ​ជាមួយ​ប្រពន្ធដើម​បានរៀបចំ​រួចស្រេច​បាច់​តារា​សម្ដែង​មាឌធំ​នេះ​បាន​រៀប​គម្រោង​រៀបការ​ជាមួយ Si Hong ភ្លាម​មួយ​រំពេច​។​យ៉ាងណាមិញ បច្ចុប្បន្ន​មនុស្ស​ជាច្រើន​បាន​ទម្លាយ​ថា​អតីត​បវរកញ្ញា​រូបនេះ​រស់នៅ​ក៏​គ្មាន​សុភមង្គល​អ្វី​ដែរ​ដោយសារតែ​Sammo Hung មាន​ស្នេហា​ខាងក្រៅ​ជាមួយ​តារា​ស្រីក្មេង​រាប់មិនអស់​។​

​កំឡុង​ឆ្នាំ ២០០០ តារា​សម្ដែង​ជួរមុខ​របស់​ចិន​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​ជាមួយ​តារា​សម្ដែង​ស្រី Fan Bing Bing​។​ស្របពេល​នឹង​គ្នា​នេះដែរ មាន​ប្រភព​មួយ​បាន​ទម្លាយ​ថា​តារា​សម្ដែង​ត្រកូល Fan បាន​លួចលាក់​សម្រាលកូន​នៅ​ស្រុកកំណើត​ខ្លួន​ខេត្ត Qingdao ក្រោយពេល​មាន​ស្នេហា​ជាមួយ​តារា​រៀមច្បង​។​យ៉ាងណា​តារា​ទាំង​ពីររូប​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ​។ ដោយសារ​តែមាន Sammo Hung ជួយ​ជ្រោមជ្រែង តំណែង​នៅក្នុង​សិល្បៈ​របស់ Fan Bing Bing​ក៏​កាន់តែ​រឹងមាំ​ជាង​មុន​។​នៅពេលដែល​នាង​មានឈ្មោះ​ល្បី​បោះ​សំឡេង​គ្រប់គ្រាន់​ហើយ​នេះ​គឺ​វេលា​ដែល​នាង​បែក​គ្នា​ជាមួយ​សង្សារ​ចំណាស់​ម្នាក់​នេះដែរ​។​

​ក្នុង​ឆ្នាំ ២០១២ លោក​ត្រូវបាន​ក្រុម​អ្នកប្រមាញ់​រូបថត​ផ្ដិត​បាន​សកម្មភាព​ចូល​សណ្ឋាគារ​ជាមួយ​តារា​ម៉ូ​ដែល អាយុ​២១ ឆ្នាំ ឈ្មោះ Wang Shen Yi រយៈពេល ៤​ថ្ងៃ​ជាប់ៗ​គ្នា​។ រូបភាព​ទាំងអស់នោះ​ត្រូវបាន​ទស្សនាវដ្ដី Next ចុះផ្សាយ​ហើយ​បាន​បង្ក​ភាពចលាចល​នៅ​ហុងកុង​អស់​មួយរយៈ​វែង​។ ក្នុង​អាយុ ៦៣ ឆ្នាំ Sammo Hung នៅតែ​សប្បាយ​ជាមួយ​ល្បែង​ស្រី​ស្រា​។ ប្រពន្ធ​របស់លោក គឺ​អ្នកស្រី Gao Si Hong បាន​ចេញមក​ការពារ​ប្ដី​ខ្លួន​ថា​គាត់​ដើរលេង​ពិតមែន​ប៉ុន្តែ​ចេះ​គិតគូរ​ដល់​គ្រួសារ​។​

“Sammo Hung ឈ្លក់​វង្វេង​នឹង​ល្បែង​ស្រី​ស្រា​គ្មាន​អ្នកណា​ដែល​មិនដឹង​នោះទេ​។​គ្មាន​អ្នកណា​អាច​បដិសេធ​នូវ​ភាពជោគជ័យ​ដែល​គាត់​ធ្លាប់បាន​សាង​ចំពោះ​វិស័យ​សិល្បៈ​ហុងកុង​នោះទេ​។​ប៉ុន្តែ​ដោយសារ​នឹង​ឈ្លក់​វង្វេង​នឹង​រឿង​តណ្ហា​នេះ​ពេក​កេរ្តិ៍ឈ្មោះ​របស់លោក​គ្មាន​អ្នក​គោរព​នោះទេ​” សារព័ត៌មាន​ចិន Sina​បញ្ចេញមតិ​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    19591937

  • ថ្ងៃនេះ3381
  • ម្សិលមិញ4771
  • សប្តាហ៍នេះ8161
  • ខែនេះ28231
  • ឆ្នាំនេះ364491
  • សរុប19591937