ភ្នំពេញ៖ តារាទឹកភ្នែក លី ច័ន្ទសីហា កាលពីពេលថ្មីៗនេះ នាងបានបញ្ចេញធៀបភ្ជាប់ពាក្យ ដែលនឹងប្រព្រឹត្តនៅអំឡុងដើមខែកុម្ភៈ ខាងមុខ ជាមួយបុរសម្នាក់ជាមន្ត្រីយោធាដែលកំពុងបន្តការសិក្សានៅ សហរដ្ឋអាមេរិក ។
តារាទឹកភ្នែក លី ច័ន្ទសីហា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់សម្តែងភាពយន្ត ប៉ុន្តែសម្រាប់រឿងរ៉ាវស្នេហាវិញមិនស្ងប់ស្ងាត់ប៉ុន្មានទេ ។ តារាសម្តែងរូបនេះបានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសម្នាក់ជាមន្ត្រី យោធាដែលកំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិក ។ ព័ត៌មានត្រៀមភ្ជាប់ពាក្យ និងចូលរោងការបញ្ចប់ឈ្មោះជានារីនៅលីវរបស់តារាសម្តែង លី ច័ន្ទសីហា លាតត្រដាងតាមហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងមក ។
ក្នុងពិធីជប់លៀងភ្ជាប់ពាក្យតារាចម្រៀង ធី ណាតា កាលពីពេល ថ្មីៗកន្លងមក កញ្ញាលី ច័ន្ទសីហា ប្រកាសប្រាប់ភ្ញៀវចូលរួមក្នុងកម្មវិធីថា នាងនឹងរៀបចំពិធីភ្ជាប់ពាក្យនៅថ្ងៃទី០៤ ខែកុម្ភៈ ២០១៦នៅផ្ទះនាងក្នុងសង្កាត់ចាក់អង្រែក្រោម ។
កាលពីឆ្នាំ២០១០ លី ច័ន្ទសីហា ខកខានគម្រោងរៀបការម្តងរួចមកហើយជាមួយកូនប្រុសអ្នកជំនួញល្បីនៅ រាជធានីភ្នំពេញ បន្ទាប់ពីភ្ជាប់ពាក្យមិនដល់មួយខែផង ។ សីហា បានប្រកាសជាថ្មីពីគម្រោងភ្ជាប់ពាក្យជាមួយបុរសឈ្មោះ សេង ជាមន្ត្រីយោធា និងកំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិក ។
កញ្ញាលី ច័ន្ទសីហា ជាតារាសម្ដែងធ្លាប់សាងកេរ្តិ៍ឈ្មោះកាលពីពេលកន្លងទៅ ដោយទស្សនិកជនដាក់រហស្សនាមដល់នាងថា ជាតារាទឹកភ្នែកក្នុងខ្សែភាពយន្តរឿង «កតញ្ញូ» និងរឿង «មរណមាតា» ។ មួយរយៈចុងក្រោយនេះ ការងារសម្ដែងរបស់សីហា ហាក់ធ្លាក់ចុះជាបន្តបន្ទាប់ ។ ថ្មីៗនេះសីហាទើបតែទទួលសម្តែងក្នុងខ្សែភាពយន្តខ្នាតធំរឿង «ខ្មោចថតកុន» របស់ផលិតកម្មមហាហង្សដែលនាងរំពឹងថា អាចនឹងបំបែកភាពស្ងប់ស្ងាត់កន្លងមកនោះ ។ ក្រៅតែពីរអាជីពសម្ដែង លី ច័ន្ទសីហា មានអាជីវកម្មផ្ទាល់ខ្លួនមួយទៀត គឺ «សម្អាងការលី ច័ន្ទសីហា» ៕
ប្រភព៖ ann.com.kh