លោក អ៊ឹម រតនៈ អ្នកនិពន្ធបទ “ស៊ូឃ្លាត” ប្រាប់ថាបទនេះ លោកនិពន្ធកាលពីជាង៥ឆ្នាំមុន ហើយវាក៏ជារឿងពិតរបស់លោកប៉ុន្តែអ្វីៗបានកន្លងទៅយូរហើយ។
ក្រោយពេលបែកគ្នាជាមួយមិត្តស្រី លោកក៏បាននិពន្ធបទនេះឡើងទុកច្រៀងលេងខ្លួនឯង និងពេលជួបជុំមិត្តភក្តិតែប៉ុណ្ណោះ ហើយ វង្ស តារារតនា ក៏តែងច្រៀងបទនេះជាមួយលោកផងដែរ ៖ “ម្យ៉ាងកាលខ្ញុំគិតថា បទ Original មិនទាន់មានអ្នកណាទទួលស្គាល់ ទើបមិនចាប់អារម្មណ៍ថានឹងល្បីដូចបច្ចុប្បន្នដែរ”។
ក្រោយមក វង្ស តារារតនា បានប្រឡងក្នុងកម្មវិធី The Voice ហើយមានទស្សនិកជនស្គាល់លោកច្រើន។ ម្យ៉ាងជាមិត្តកម្សត់កម្រនឹងគ្នាផងនោះ លោក ក៏បានឲ្យបទចម្រៀងនេះទៅ រតនា ច្រៀងក្នុងនាមជាមិត្តភក្តិមិនដែលនឹកនាថា ពេលបានល្បីនឹងយកលុយកាក់ឡើយ។ នេះបើតាមការលើកឡើងរបស់ លោក អ៊ឹម រតនៈ។
ក្នុងនាមជាអ្នកនិពន្ធឯករាជ្យម្នាក់លោកប្រាប់ថា និពន្ធតែបទ Original ប៉ុណ្ណោះ មកដល់ពេលនេះបានជាង១០បទហើយ ក្នុងនោះបទដែលល្បីនិងមានគេទទួលស្គាល់ខ្លាំងគឺបទ “ខ្លាចឃ្លាត” និង “ស៊ូឃ្លាត” នេះឯង៕
ប្រភព៖ sabay