ក្រុមតារាសាស្ត្របានឲ្យដឹងថាចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ នឹងមានភពចំនួនប្រាំដែលអាចមើលឃើញដោយភ្នែកទទេនាពេលរាត្រីបាន។
ភពចំនួនប្រាំនោះរួមមាន ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ និងភពសៅរ៍ ដោយភពទាំងនេះនឹងអណ្ដែតរូបរាងឡើងច្បាស់មុនពេលថ្ងៃរះ ហើយស្ថិតនៅជាជួរ(ឆ្វេងទៅស្ដាំ)។ នេះជាលើកទីមួយដែលមានបាតុភូតនេះកើតឡើងចាប់តាំងពីឆ្នាំ២០០៥មក។
យោងតាមវិបសាយ EarthSky បានឲ្យដឹងថាភពទាំងប្រាំនេះអាចមើលឃើញដោយមិនត្រូវការឧបករណ៍ ជំនួយ។ ភពដែលរះនៅលើមេឃដំបូងគេគឺ ភពព្រហស្បតិ៍ បន្ទាប់មកគឺ ភពអង្គារ ភពសៅរ៍ ភពសុក្រ និងភពពុធ។
វិបសាយ EarthSky ឲ្យដឹងទៀតថាបើខកខាតព្រឹត្តិការណ៍ដែលភពរត់ត្រង់ជួរគ្នានេះ អ្នកនឹងត្រូវរង់ចាំរយៈពេល១០ឆ្នាំទៀតទើបបាតុភូតនេះកើតឡើងម្ដង ទៀត។
តំបន់ពណ៌លឿងជាតំបន់អឌ្ឍគោលខាងត្បូង
គួរបញ្ជាក់ថាប្រទេសដែលស្ថិតនៅតំបន់អឌ្ឍគោលខាងត្បូងមានឱកាស ក្នុងការមើលឃើញបាតុភូតនេះខ្ពស់ជាងគេ។ យ៉ាងណាក្ដីក្រុមតារាសាស្ត្របាននិយាយថាបាតុភូតនេះនឹងអាចមើលឃើញ នៅជុំវិញពិភពលោកប្រសិនបើគ្មានបញ្ហាអាកាសធាតុទេនោះ៕
ប្រភព៖ TechnoBuffalo , sabay