ភ្នំពេញ៖ បន្ថែមពីសញ្ញាសន្តិភាពដ៏ម៉ឺងម៉ាត់បង្ហាញផ្លូវឲ្យតារាចម្រៀងចម្រាញ់ចេញពីកម្មវិធី Cambodian Idol ដ៏មានប្រជាប្រិយភាព លោក ម៉ៅ ហាជី គួរតែបន្ទន់ឥរិយាបថសុំទោសសុំការយោគយល់ពីថៅកែក្រុមហ៊ុនហង្សមាសបញ្ចប់កុងត្រានោះ លោក មាសឫទ្ធី នៅម៉ោងព័ត៌មានពេលព្រឹក ផ្សាយថ្ងៃទី ១៨ ខែមករា លោកប្រកាសថា៖«ក្នុងលក្ខខណ្ឌ ហាជី មិនទៅបញ្ចប់កុងត្រាជាមួយហង្សមាសទៅចុះកុងត្រាជាមួយក្រុមហ៊ុនផ្សេងក្រុមហ៊ុនទទួលចុះកុងត្រាក៏ត្រូវប្រឈមនឹងផ្លូវច្បាប់ជាមួយហង្សមាសដែរ»។
លោក មាស ឫទ្ធី បានបរិយាយថា៖ «ចំណុច ទី ១ហង្សមាសនៅតែរក្សាភាពទន់ភ្លន់រួសរាយរាក់ទាក់នឹង ហាជីតែជំហររឹងមាំចំពោះផ្លូវច្បាប់ដដែល បើសិនជា ហាជីមិនមកចូលខ្លួនដោះស្រាយចំពោះមុខច្បាប់។ ចំណុចទី ២ក្រុមហ៊ុនណាក៏ដោយ បើសិនក្នុងលក្ខណៈកុងត្រាជាមួយ ហាជីតាមផ្លូវច្បាប់ហើយនោះហង្សមាសក៏នឹងត្រូវពិចារណាផ្លូវច្បាប់វិញដែរ។មិនមែនតែសម្រាប់ ហាជី មួយទេ និងចំណុចទី៣ ជម្រើសផ្លូវ ហាជីបើសិនមិនមកដោះស្រាយ បញ្ចប់កុងត្រាជាមួយហង្សមាសចង់ទៅច្រៀងលក្ខណៈឯកជនកន្លែងណាក៏បានលើកលែងតែលក្ខណៈកុងត្រាក្រុមហ៊ុនធំ»។
លោកបានបញ្ជាក់ទៀតថា៖ «ហង្សមាសប្រកាសជំហរផ្លូវច្បាប់មិនមែនតែចំពោះ ហាជី ទេគឺ ក្រុមហ៊ុនកុងត្រាជាមួយ ហាជី ផងដែរ។ព្រោះថា ក្រុមហ៊ុននោះក៏ដឹងដែរថា ហាជីនៅជាប់កុងត្រាជាមួយហង្សមាសដែរ»។
ឆ្លើយតបនឹងសារពីហង្សមាស លោក ម៉ៅ ហាជី ប្រាប់ឲ្យដឹង ថា៖ «មិនមែនខ្ញុំគេចវេសមិនចូលខ្លួនចរចារបញ្ចប់រឿងជាមួយហង្សមាសទេ។ហង្សមាសគឺជាអ្នកមានគុណសម្រាប់ខ្ញុំខ្ញុំមានឈ្មោះលើបញ្ជីសិល្បៈរហូតមានទីផ្សារប៉ុណ្ណេះក៏ព្រោះហង្សមាសដែរ»។
តារាចម្រៀងប្រសូត្រលើទឹកដីរួមនឹងកវីម្ចាស់ស្ទឹងសង្កែលោក គង់ប៊ុនឈឿន រូបនេះលើកឡើងថា៖ «ខ្ញុំបានឲ្យមេធាវីផ្ញើលិខិតទៅក្រុមហ៊ុន ហង្សមាសដើម្បសុំពិនិត្យកុងត្រាជាថ្មីព្រោះពេលដែលខ្ញុំចុះកុងត្រាប្រឡង Cambodian Idol មិនបានពិនិត្យអស់សេចក្ដី។ខ្ញុំក៏មិនមែនជាអ្នកចេះច្បាប់ផង»។
ទាំងពោលថា «ឲ្យតែមានឱកាសប្រឡង គឺអរណាស់ទៅហើយមិនបានគិតលើហេតុផលការងារកុងត្រា» នោះ ម៉ៅ ហាជី បញ្ជាក់ថា៖ «មេធាវីខ្ញុំបានផ្ញើលិខិតទៅក្រុមហ៊ុនហង្សមាសចំនួនពីរលើកហើយស្នើសុំពិនិត្យលើកុងត្រាខ្ញុំចុះមុនប្រឡងនោះហើយហង្សមាសក៏បានស៊ីញ៉េទទួលដែរ តែមិនឃើញឆ្លើយតប។ ខ្ញុំនៅចាំតែការឆ្លើយតបទេ ប៉ុន្តែបើមិនបានពិនិត្យលើកុងត្រានោះឲ្យខ្ញុំចូលទៅចរចាម៉េចកើតទៅ»។
ទាក់ទិននឹងព័ត៌មានល្បីចុះកុងត្រាច្រៀងឲ្យផលិកម្មថោននោះហាជី បានបដិសេធថា៖ «ព័ត៌មាននោះមិនមែនជាការពិតទេ។វាមិនទាន់អាចនិយាយថា ការពិតបានទេ ព័ត៌មាននោះគ្រាន់តែជាពាក្យល្បី»។
ប៉ុន្តែយ៉ាងណា ម៉ៅ ហាជី ទទួលស្គាល់ថាលោកពិតជាមានទំនាក់ទំនងជាមួយផលិតកម្មថោនមែន ដោយលោកថា៖ «ខ្ញុំពិតជាស្គាល់ និងមានទំនាក់ទំនងជាមួយផលិតកម្មថោនតាំងពីអ្នកភ្លេង និងតារាៗហើយក៏ទទួលបានការរាប់អានពីថៅកែផលិតកម្មថោននោះមែនតែមិនមែនខ្ញុំបានកុងត្រាជាមួយឯណា»។
លោកបកស្រាយថា៖ «ដោយការរាប់អាននៅថ្ងៃខួបអាពាហ៍ពិពាហ៍ថៅកែផលិតកម្មថោននោះគាត់ក៏អញ្ជើញខ្ញុំចូលរួមទើបបានជាអ្នកឃើញខ្ញុំនៅជុំក្រុមការងារគិតថា ខ្ញុំចូលផលិតកម្មនេះ។ តែការពិតគ្មានទេ»។
អ្នកចាត់ការទូទៅផលិតកម្មថោន លោក មាស សុខរតនៈ ទទួលស្គាល់ថា ម៉ៅហាជី បានចូលរួមកម្មវិធីឯកជនរបស់ថៅកែខ្លួនមែនតែលោកបដិសេធថា៖ «នៅមិនបានឃើញវត្តមាន ហាជី ចូលមកផលិតកម្មថោនឲ្យក្លាយជាតារាចម្រៀងនៅទីនេះ គ្មានទាន់ឃើញទេព្រោះថាបទចម្រៀងទាំងអស់ត្រូវចេញគឺឆ្លងកាត់ខ្ញុំដែរ»។
ឆ្លើយការប្រកាសប្ដឹងពីក្រុមហ៊ុនហង្សមាសនោះ លោក មាស សុខរតនៈបាននិយាយថា៖ «ខ្ញុំមិនបានខ្វល់នឹងការប្រកាសរកប្តឹងរបស់អ្នកណាទេរឿងនេះជារឿងរបស់គេចង់ប្រកាសម៉េច ក៏ប្រកាសទៅ» ៕
ប្រភព៖ POSTKHMER