ពេលវេលា អាចផ្លាស់ប្តូរបាន តែអនុស្សាវរីយ៍មិនអាចផ្តាស់ប្តូរបានទេ ជាក់ស្តែងតារា ចម្រៀង យ៉ែម សំអូន បានថ្លែងទុក្ខសោកស្តីពីការនឹករលឹកកូនស្រីសំណព្វចិត្តតែម្នាក់ ដែលកំពុងរស់នៅម្ខាងម្នាក់ នៃផែនដី ថាលោកនៅតែចាំស្នាមញញឹមរបស់កូនស្រីជានិច្ចទោះបីជាពេលវេលាបានរំកិលទៅមុខ រយៈពេលមួយឆ្នាំទៅហើយក្តី។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក យ៉ែម សំអូន បានរៀបរាប់ថា “ មែ នហើយ ពេលវេលាពិតជាដើរលឿនណាស់ ប៉ុន្តែប៉ាប៉ានៅចាំច្បាស់ ស្នាមញញឹម ដែលមាននៅក្នុង រូបថតមួយសន្លឹកនេះគឺ បញ្ចាក់ថា ប៉ាប៉ាបានបែកពីកូនស្រី រយៈពេលមួយឆ្នាំហើយ ២១/១/២០១៥ រហូតមកដល់ពេលនេះ ប៉ាប៉ាពិតជា នឹកកូនខ្នាំងណាស់ ហើយប៉ាសូមទោសកូនតែប៉ាប៉ា ជឿជាក់ថា ពីរនាក់ប៉ាកូនយើងនិងបានជួបគ្នា ហើយកូនក៏ធ្លាប់បានសន្យានឹងប៉ាហើយ នៅថ្ងៃណាដែលព្រមនិងចង់ជួប ប៉ាប៉ា មិនថាពេលវេលានិងទីកន្លែងឆ្ងាយ យ៉ាងណា ក៏ ប៉ាប៉ានិងទៅជួបកូនភ្លាមហើយប៉ានៅរក្សាជំហរដដែល ប៉ាដែលផ្លាស់ប្ដូរខ្លួនឯង ថាប៉ាមានកូន និងស្រលាញ់កូន ស្មើនិងជីវិតរបស់ប៉ា ផ្លូវនៅវែងឆ្ងាយសំរាប់កូនហើយមានតែពេលវេលាមួយគត់ ដែលអាច បញ្ចាក់អំពីគុណ តំលៃរបស់យើង ហើយថាតើយើងនិងដើរដល់កំរិតណា តែប៉ាប៉ានៅតែមាន សង្ឃឹមនិងមានមោទនៈភាព ចំពោះកូនស្រីដ៏រឹងមាំ របស់ ប៉ាប៉ា❤❤❤❤ប៉ាសូមជូនពរកូនស្រីតែមួយរបស់ប៉ាជួបតែសេចក្ដីសុខ រៀនពួកែ និងសូមអោយកូនក្លាយជាមនុស្សដ៏ល្អសំរាប់អ្នកគ្រប់គ្នាហើយកុំភ្លេចសន្យាជាមួយប៉ាប៉ាផង។ ប៉ាស្រលាញ់និងនឹកកូន ជារៀងរហូត @ronnyyem ”។
ម្ចាស់បទ ចំប៉ាប៉យប៉ែត រូបនេះ មិនទាន់មានពេលវេលាគ្រប់គ្រាន់សម្រាប់ការចេញ ដំណើរទៅកាន់ទឹកដី អូស្ត្រាលីឡើយខណៈដែលការងាររបស់លោករវល់ស្ទើរតែរកពេលសម្រាកគ្មាន ។
ថ្លែងតាមទូរស័ព្ទ លោក យ៉ែម សំអូន បានថ្លែងទាំងសំលេងខ្សឹកខ្សួលថា “ឆ្នាំមុនថ្ងៃនេះ វាជាសុភមង្គលមួយរវាងខ្ញុំនឹងក្រុមគ្រួសារ ថ្ងៃនេះម៉ោងនេះខ្ញុំកូនស្រីនៅប្រទេសថៃ កំពុងតែលេងល្បែងបិទពួនមួយដែលមិនអាចភ្លេចបានក្នុងជីវិត ព្រោះពួកយើងបាននៅជុំគ្នាហើយថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ក្រុមគ្រួសារ ”។
ថ្លែងក្នុងសម្តីមួយៗ លាយឡំនឹងសំលេងអួលដើមករ លោកយ៉ែម សំអូន ហាក់មិនចង់ប្រាប់ពីហេតុផល ដែលលោក កំពុងតែនឹកដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៥ នោះឡើយ។ ប៉ុន្តែគេនៅចាំបានថា នៅថ្ងៃទី២១ មករា ឆ្នាំ២០១៥ គឺជាថ្ងៃកំណើតអតីតភរិយា របស់លោក អ្នកនាង យ៉ាន លីនដា។
នៅថ្ងៃនោះ ក្រុមគ្រួសាររបស់លោក រួមជាមួយនឹង ឪពុក-ម្តាយក្មេក បាននាំគ្នាដើរកម្សាន្តនៅក្រុងបាងកកប្រទេសថៃ។ ជាថ្ងៃកំណើតរបស់ភរិយា គ្រានោះគេនៅចាំថា លោក យ៉ែម សំអូន បានទិញការដូ រួមជាមួយការ Suprise birthday Cake និង កាបូបម៉ាក Chanel តំលៃជិតមួយម៉ឺនដុល្លារអាមេរិកទៀត។
កាលរំលឹកអនុស្សាវរីយ៍ ឡើងវិញ នូវរូបភាពរវាងកូនស្រីសំណព្វចិត្ត និងការនឹករលឹកចង់ជួបមុខកូនស្រីមែនពិត ប៉ុន្តែវាជាកញ្ចក់អាចឆ្លុះបញ្ចាំងថា ថ្ងៃនោះលោក យ៉ែម សំអូន នៅតែនឹកគិតដល់អតីតភរិយារបស់លោកទោះបីជាលោក ព្យាយាមមិននិយាយក្តី។ ពេលដែលយើងព្យាយាម ចង់ដឹងថា ការប្រះឆាររបស់លោក និង អ្នកនាង យ៉ាន លីនដា អាចនឹងផ្សះផ្សារបានឬទេ នោះ លោកបានឆ្លើយថាលោកកំពុងជាប់ប្រជុំជាមួយ នឹងក្រុមការងាររបស់លោក ហើយក៏ចុចទូរស័ព្ទផ្តាច់តែម្តង៕
ប្រភព៖ rasmeinews