ភ្នំពេញ៖ លើកសរសើរកូនស្រី ព្រះកាយ ច័ន្ទ មានមន្តស្នេហ៍ទាក់ទាញបុរសៗតាមស្រឡាញ់ច្រើន ដោយឆ្នាំ២០១៥មុននេះមានអ្នកជំនួញទ្រព្យស្តុកៗវ័យកណ្តាលជិតកន្លះ ឡូមកផ្សងភាសាចែចូវជាមួយលោកផ្ទាល់ដើម្បីសុំរៀបការជាមួយកូន ស្រីពេញច្បាប់នោះ លោក ពៅ ច័ន្ទតារា បានបង្ហើបថា ក្នុងនោះមានបុរសពីរនាក់លោកពេញចិត្តចង់យកមកធ្វើកូនប្រសាដែរ ប៉ុន្តែកូនស្រី ព្រះកាយច័ន្ទ បែរជាបដិសេធ។
មុននេះ នៅរាល់ពេលផ្តល់បទសម្ភាស៍ជាមួយបណ្តាញសារព័ត៌មាន តារាសម្តែង និងពិធីការិនី រាងខ្ពស់ស្រឡះពូកែក្បាច់រាំ គ្រលែងចង្កេះផង កញ្ញា ព្រះកាយ ច័ន្ទ តែងលើកឡើងពីការសម្រេចរឿងជីវិតអនាគត ដោយនាងបញ្ជាក់ថា៖ «នៅគ្រប់រឿង ទុកឲ្យឪពុកម្តាយជាអ្នកសម្រេចជាធំ ពិសេសរឿងជម្រើសវត្តមានបុរស ចូលមកក្នុងខ្សែជីវិតខ្ញុំ សម្រាប់សាងសុភមង្គលគ្រួសារទៅថ្ងៃអនាគត។ បើម្តាយទុកឪពុករៀបចំទុកដាក់ទៅណា ទទួលត្រង់ហ្នឹង»។
ប៉ុន្តែនៅពេលឮសម្ដីលោក ពៅ ច័ន្ទតារា ទម្លាយថា កូនស្រី ព្រះកាយ ច័ន្ទ បែរជាបដិសេធបុរសៗអ្នកជំនួញវ័យកណ្តាលពីរនាក់ ដែលលោកសម្លឹងឃើញចង់បានមកធ្វើកូនប្រសានោះ ក៏មានការបញ្ចេញមតិបាញ់តម្រង់មក ព្រះកាយ ច័ន្ទ ជាកូនស្រីថា៖ «ដូចពាក្យគេថាមែន ចិត្តជាទេវទត្ត មាត់ជាទេវតា។ មុននេះនិយាយមិនដែលជ្រុះមួយមាត់ថា អ្វីៗតាមតែឪពុកម្តាយទុកដាក់ តែពេលគាត់ (ឪពុក) សម្លឹងឃើញហើយ បែរជាធ្វើឲ្យពួកគាត់ខកចិត្តទៅវិញ»។
ទោះយ៉ាងណាក្ដីលោក ពៅ ច័ន្ទតារា នៅតែការពារសម្ដីបដិសេធរបស់កូនស្រីថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់នាង ហើយនាងមិនមែនជាកូនអកតញ្ញូទេ។
លោកប្រាប់ថា៖ «កូនស្រីខ្ញុំ ព្រះកាយ ច័ន្ទ ពិតជាមានអ្នកស្រឡាញ់ច្រើនមែន។ ពិសេសនៅឆ្នាំ២០១៥កន្លងមក តែនាងក៏ដូចជាអភ័ព្វដែរ ព្រោះថា បុរសៗភាគច្រើនមកស្រឡាញ់ និងចង់បានកូនស្រីខ្ញុំធ្វើប្រពន្ធនោះ ច្រើនមានប្រពន្ធ និងមានកូនហើយ»។
ជាមួយសម្ដីលើកឡើងថា «បើសរុបឆ្នាំ២០១៥មកពេលនេះ ទាំងអស់មិនក្រោមប្រាំនាក់ទេ មកស្រឡាញ់កូនស្រីខ្ញុំ ហើយបាននិយាយជាមួយខ្ញុំផ្ទាល់ដែរ» នោះ លោក ពៅ ច័ន្ទតារា បានរៀបរាប់ពីជំនូនសុំភ្ជាប់និស្ស័យពីបុរសទាំងនោះទៀតថា៖ «មានអ្នកខ្លះបានសន្យាជូនកាដូទ្រព្យមានតម្លៃជាថ្នូរនឹងការ សម្រេចរបស់កូនស្រីខ្ញុំ ហើយមានម្នាក់ទៀតក៏សន្យាទិញផ្ទះឲ្យមួយជុងនៅបុរី ហើយអ្នកទាំងពីរនោះ ខ្ញុំក៏មិនបង្ខំកូនដែរទេ ឲ្យកូនខ្ញុំតាមដានសិក្សា តែថាវាមិនអាចទៅរួចទេ»។
ឪពុករបស់តារាសម្ដែង និងពិធីការិនី ព្រះកាយ ចន្ទ លោក ពៅ ចន្ទតារា បានបញ្ជាក់ផងថា៖ «ត្រង់ហ្នឹងហើយដែលថា កូនស្រីខ្ញុំមិនមែនជាកូនអកតញ្ញូដូចពាក្យគេថានោះទេ។ ដ្បិតថាអ្នកខ្លះថាកូនខ្ញុំបដិសេធសំណើ តែខ្ញុំឲ្យផ្លូវនាងដែរ។ នាងសិក្សាទៅឃើញថា បុរសៗកាន់លុយមកបង្ហាញចិត្តបុណ្យនោះ សុទ្ធអ្នកមានចំណងប្រពន្ធកូននៅផ្ទះ»៕
ប្រភព៖ postkhmer