តារាសម្តែង និងពិធីការិនី ស៊ីន យូប៊ីន ក្រោយក្តាប់បានតំណែងជាច្រើនក្នុងកម្មវិធីធំៗ និងការថតខ្សែ ភាពយន្តថ្មីៗជាបន្តបន្ទាប់នោះ ធ្វើឲ្យនាងសប្បាយចិត្តនឹងការងារជាច្រើននេះ តែនាងក៏បង្ហាញពីក្តីកង្វល់អំពីការតាមប្រមាញ់ស្នេហ៍ក្រៅឆាក ពិសេសពីសំណាក់បុរសមានទ្រព្យមួយចំនួន។
អតីតជយលាភីលេខ១ក្នុងកម្មវិធី Freshie Girls & Boys ជំនាន់ទី១២ ឆ្នាំ២០១៣ ស៊ីន យូប៊ីន កាន់តែលេចមុខមាត់ខ្លាំងជាមួយនឹងការងារសិល្បៈ បន្ទាប់ពីទទួលបានការគាំទ្រកាន់តែខ្លាំង ពិសេសពីសំណាក់បុរសប្រមាញ់ស្នេហ៍ខាងក្រៅ។
ក្នុងវ័យ១៩ឆ្នាំ ស៊ីន យូប៊ីន ត្រូវបានគេស្គាល់ច្រើនតាមរយៈការងារជាពិធីការិនីក្នុងកម្មវិធី កម្សាន្តមួយចំនួនរបស់ស្ថានីយទូរទស្សន៍ MyTV ពិសេសគ្រាដែលនាងទទួលបានតំណែងតួឯកជាបន្តបន្ទាប់ក្នុងខ្សែភាពយន្ត ខ្នាតធំ និងខ្សែភាពយន្តភាគដែលកំពុងដាក់បញ្ចាំងលើកញ្ចាក់ទូរទស្សន៍។
កន្លងទៅនេះតារាសម្តែងមានមុខដូចតារាកូរ៉េរូបនេះទទួលការងារ ច្រើនតែលើស្ប៉តពាណិជ្ជកម្មក្នុងនោះមានដូចជាស្ប៉តភេស្ជជៈប៉ូវ កម្លាំង M150 ស្ប៉តស្រាបៀរ Angkor Beer និងស្ប៉តពាណិជ្ជកម្មទឹកអនាម័យស្ត្រី PH Care ជាដើម។
អ្វីដែលកាន់តែធ្វើឲ្យកេរ្តិ៍ឈ្មោះនាងអាចហក់ឡើងកាន់តែខ្ពស់គឺ ក្រោយពេលនាងទទួលបានតំណែងតួឯកក្នុងខ្សែភាពយន្តភាគថ្មីរបស់ ស្ថានីយទូរទស្សន៍ CTV 8 HD រឿង បំណុលប្រាក់ជំពាក់ស្នេហ៍។ ក្រៅពីការសប្បាយចិត្តនឹងការងារជាច្រើននេះ នាងក៏បង្ហាញពីក្តីកង្វល់អំពីការតាមប្រមាញ់ស្នេហ៍ក្រៅឆាកពិសេសពី សំណាក់បុរសមានទ្រព្យមួយចំនួន។ នាងទទួលស្គាល់ថា ក្រោយប្រជាប្រិយភាពហក់ឡើង នាងមានបុរសជាច្រើនតាមរំខាន ពិសេសតាមស្នេហ៍ដែលជាញឹកញាប់នាងព្យាយាមគេច ព្រោះតែដឹងថា ស្នេហានេះមិនមែនជាស្នេហាពិតប្រាកដគឺជាការលេងសើច៕
ប្រភព៖ ann.com