“ចា៎ អូន បងគឺជាអ្នកគាំទ្រកីឡាបាល់ទាត់នេះយ៉ាងងប់ងុល ហើយមានរយៈពេលជាយូរមកហើយ តាំងពីបងរស់នៅជាមួយប៉ាបងមកម្ល៉េះ។” ម្ចាស់បទ “ស្នេហាអាថ៌កំបាំង” ថ្លែង។
តារាចម្រៀងសំឡេង ស្រទន់ មាស សុខសោភា បានប្រាប់ឲ្យដឹងថា នាងជាអ្នកគាំទ្រវិស័យកីឡាជាយូរណាស់មកហើយ ជាពិសេសគឺវិស័យបាល់ទាត់។ នៅក្នុងព្រឹត្តិការណ៍ប្រកួតមិត្តភាពអន្តរជាតិរវាងក្រុម Cambodia All Stars ដែលបានយកឈ្នះក្រុម Buriram នោះគេសង្កេតឃើញកញ្ញា មាស សុខសោភា បានបង្ហាញខ្លួន ក៏ដូចជាស្រែកហ៊ោកញ្ជ្រៀវលើកទឹកចិត្តដល់កីឡាករកម្ពុជាដូច ទស្សនិកជនផ្សេងទៀតដែរ។
តារាស្រីវ័យ ៣២ ឆ្នាំរូបនេះនិយាយបន្តទៀតថា នាងតែងតែទស្សនាការប្រកួតបាល់ទាត់នេះ ដោយពេលខ្លះបានមកទីលាននេះផ្ទាល់ និងពេលខ្លះទៀតបានត្រឹមតែមើលតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ ព្រោះរវល់ជាមួយការងារសិល្បៈរបស់ខ្លួន។
មាស សុខសោភា នាងចូលចិត្តទស្សនាការប្រកួតបាល់ទាត់នេះណាស់ គឺតាំងពីនៅក្មេង តាំងពីពេលដែលរស់នៅជាមួយឪពុកនាង។
គួររំលឹកផងដែរថា ក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិរវាងក្រុម Cambodia All Stars បានយកឈ្នះក្រុម Buriram United របស់ថៃ នាពហុកីឡាដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននោះ មានតារាចម្រៀងប្រុសស្រីបីរូប គឺកញ្ញា មាស សុខសោភា លោក ខេម និង ម៉ានិត បានចូលរួមច្រៀងក្នុងកម្មវិធីសប្បុរសធម៌ដើម្បីយកថវិកាទៅជូន មន្ទីរពេទ្យគន្ធបុប្ផា៕
ប្រភព៖ sabay