គ្រាន់តែចូលដល់ដើមឆ្នាំ ២០១៦ ភ្លាម សារ៉ាយ សក្ខណា ដែលបច្ចុប្បន្នកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី បានបង្ហើបប្រាប់ពីសហរដ្ឋអាមេរិកមកថា នាងនឹងមកលេងស្រុកខ្មែរជាលើកទី២ នាខែកុម្ភៈខាងមុខ ដោយមកលើកនេះ គឺមកទាំងគ្រួសារតែម្ដង។
“ខ្ញុំទៅ ៤នាក់កន្លះបង(សើច)!” សក្ខណា ថ្លែងតាមសារអេឡិចត្រូនិក។ អត្តសញ្ញាណអ្នកទាំងនោះមាន ឪពុកម្ដាយក្មេក នាង និងស្វាមី រួមទាំងកូនស្រីរបស់នាង Mataysia Keo ផង ដែលអតីតតារាសម្ដែងរូបនេះ រាប់ថាកន្លះ។
ម្ចាស់ពានអាណាចក្រតារារូបនេះ មិនបង្ហើបប្រាប់ពីកាលបរិច្ឆេទច្បាស់លាស់ដែលនាងនឹងមកដល់ស្រុក ខ្មែរឡើយ តែថា នាងនឹងមកដល់នាដើមខែកុម្ភៈខាងមុខ បើមិនមានអ្វីត្រូវផ្លាស់ប្ដូរ។ ដោយឡែកសម្រាប់រយៈពេលនៃការស្នាក់នៅរបស់នាងនៅលើដីកំណើតវិញ គឺប្រមាណជា១ខែកន្លះ។
សារ៉ាយ សក្ខណា និងស្វាមីលោក កែវ ប៊ុនមេត្រី រួមទាំងកូនស្រី(រូបថត៖ FB សក្ខណា)
សារ៉ាយ សក្ខណា បានចូលរោងការជាមួយអាណិកជនខ្មែរ-អាមេរិកនៅចុងឆ្នាំ២០១៣ ហើយបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកនៅខែមករា ឆ្នាំ២០១៤។ នៅចុងឆ្នាំដដែល នាងបានមកលេងស្រុកម្ដង និងបានឆ្លៀតថតភាពយន្តមួយរឿងទៀត។ ដោយឡែកលើកនេះ នាងមិនទាន់និយាយរឿងនេះទេ៕
ប្រភព៖ sabay