កាលពីថ្ងៃពុធកន្លងទៅក្រុមហ៊ុន Facebook បានប្រកាសពីរបាយការណ៍ប្រចាំឆ្នាំ២០១៥របស់ខ្លួនដែលបង្ហាញពី ចំណូល និងចំនួនអ្នកប្រើប្រាស់សរុបផងដែរ។ មិនតែប៉ុណ្ណោះក៏បានបង្ហាញអំពីកម្រៃដែលខ្លួនរកបានពីអ្នកប្រើប្រាស់ម្នាក់ៗ។
តាមរយៈតារាងដែលបានបង្ហាញគឺគេបានចែកអ្នកប្រើប្រាស់ជាប្រាំផ្នែកផ្សេងៗគ្នា ដោយកម្រៃបានពីអ្នកប្រើប្រាស់ម្នាក់ៗខុសគ្នាទៅតាមផ្នែកនីមួយៗ។ បើគិតលើអ្នកប្រើប្រាស់សរុបជុំវិញពិភពលោកក្រុមហ៊ុនអាចរកចំណូល បានជាមធ្យម ១១,៩៦ដុល្លារក្នុងឆ្នាំ២០១៥ ពីអ្នកប្រើប្រាស់ម្នាក់។
ប៉ុន្តែបើគិតទៅតាមតំបន់នីមួយៗដូចជាតំបន់អឺរ៉ុបគេអាចរក ចំណូលបានប្រមាណ១៤ដុល្លារពីអ្នកប្រើប្រាស់ម្នាក់ពេញមួយឆ្នាំ។ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកវិញគេអាចរកបានប្រមាណ ៥,៤៥ដុល្លារពីអ្នកប្រើប្រាស់ម្នាក់។
នៅប្រទេសអាមេរិករួមនឹងប្រទេសកាណាដាចំណូលពីអ្នកប្រើប្រាស់ ម្នាក់ៗ មានដល់៤១,៦៥ដុល្លារឯណោះ។ ចំពោះតំបន់ដែលនៅសេសសល់ដទៃទៀតវិញតាមរយៈអ្នកប្រើប្រាស់ម្នាក់ ក្រុមហ៊ុនអាចទាញយកចំណូលបាន៣,៨៦ដុល្លារក្នុងមួយឆ្នាំ។
ប្រិយមិត្តមួយចំនួនអាចមានការងឿងឆ្ងល់ថាបណ្ដាញ Facebook ប្រើប្រាស់បានដោយឥតគិតថ្លៃប៉ុន្តែក្រុមហ៊ុនអាចរកចំណូលពីពួកគេ បានតាមរបៀបណា។ ជាការពិតចំណូលដែលក្រុមហ៊ុនទទួលបានភាគច្រើនបានមកពីការជួល ផ្ទាំងផ្សាយពាណិជ្ជកម្មហើយចំនួនអ្នកប្រើប្រាស់កាន់តែច្រើនធ្វើ ឲ្យក្រុមហ៊ុនរកចំណូលពីការផ្សព្វផ្សាយពាណិជ្ជកម្មបានកាន់តែច្រើន ដូចគ្នា៕
ប្រភព៖ TheGuardian , sabay