ខេមរៈ ស្រី​ពៅ លេចដំណឹង​អកុសល​ខណៈ​បងប្រុស​មិន​ភ្ញាក់ផ្អើល​

20-February-2016 | ដោយ មែន កំសត់

​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ កាន់តែ​បែក​ខ្ទរ​ខ្លាំង​នូវ​ព័ត៌មាន​ថា​តារាចម្រៀង​ផលិតកម្ម​សាន់​ដេ កញ្ញា ខេមរៈ ស្រី​ពៅ ដែល​ត្រូវជា ប្អូនស្រី​របស់លោក ខេ​មៈ សិរីមន្ត បានទទួល​មរណភាព​និង​ខ្លះ​ថា​កំពុង​សម្ងំ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​ដោយ សារ​តែ​នាង​ប្រើ​ឡេ​ខុស​។ ប៉ុន្តែ​ឆ្លើយតប​នឹង​បញ្ហា​នេះ បងប្រុស​របស់​នាង​បានប្រកែក ដោយ​អារម្មណ៍​មិន​ភ្ញាក់ផ្អើល​និង​ចាត់ទុកថា​នោះ​គ្រាន់តែ​ជា​រឿង ធម្មតា​របស់​តារា​ល្បី​ម្នាក់​។​
​លោក ខេមរៈ ភា​រុណ ត្រូវជា​បងប្រុស​បាន​អះអាងថា​ប្អូនស្រី​របស់លោក​គឺ​នៅតែមាន សុខភាព​ធម្មតា និង​មិនមាន​បញ្ហា​កើតឡើង​ដូចគ្នា​នឹង​អ្វីដែល​បាន​លេច​ធ្លាយ​នោះ ឡើយ បើទោះជា​តារាចម្រៀង​ខេមរៈ ស្រី​ពៅ មិនមាន​សកម្មភាព​ឡើង​ឆាក​ឬ​ចេញមុខ​ក្នុង​កម្មវិធី​សិល្បៈ​នា ពេល​ចុងក្រោយ​ស្របគ្នា​នឹង​ការលេចឮ​។​
​លោក​និយាយថា​៖ “​ប្អូន​ខ្ញុំ​អត់​មានអី​ណា គេ​ចេះតែ​ថា​ទេ គាត់​នៅតែ​គាត់​តើ ដូចជា​អត់​មានអី​ផង​!”​។​
​យ៉ាងណាក៏ដោយ​លោក​ហាក់​មិន​ចង់​បកស្រាយ​វែងឆ្ងាយ​ពាក់ព័ន្ធ​នឹង ពាក្យ​ចចាមអារ៉ាម​នោះឡើយ ហើយក៏​មិនមាន​ខឹងច្រឡោត​ចំពោះ​អ្វីដែល​បានលើកឡើង​នោះទេ ដោយ​ចាត់ទុកថា​មកពី​ប្អូនស្រី​របស់លោក​ជា​តារា​ល្បី​ម្នាក់ ទើប​ចេះតែមាន​រឿងនេះ​រឿង​នោះ ដែល​នាំ​ឲ្យ​មានការ​ជជែក​តៗ​គ្នា​។

​លោក ខេមរៈ ភា​រុណ ប្រកាស​មិន​ធ្វើការ​បកស្រាយ​នាំ​ឲ្យ​មានរឿង​វែងឆ្ងាយ​នោះទេ ហើយក៏​គ្មាន​ធ្វើ​សន្និសីទ​ឬ​បង្ហាញមុខ​ប្អូនស្រី​ឲ្យ​គេ​បានឃើញ ដើម្បី​បញ្ចប់​ពាក្យ​អកុសល​នោះដែរ​។ លោក​និយាយថា​៖ “​រឿង​ហ្នឹង​សម្រាប់​ខ្ញុំ​អត់​បញ្ហា​ទេ ព្រោះ​ធម្មតា​មនុស្ស​យើង​តែ​ល្បី​គឺ​អញ្ចឹង​ឯង ខ្ញុំ​មិន​ទោះ​ធ្វើ​អី​(​លាងជម្រះ​ព័ត៌មាន​) នាំ​ឲ្យ​វែងឆ្ងាយ​អី​ទេ​!”​។ លោក​ទទូច​កុំ​ឲ្យ​មានការ​បរិយាយ​វែងឆ្ងាយ ដោយ​អះអាងថា​នោះ​ជា​ដំណឹង​អកុសល​មិនមែន​ការពិត​។ លោក​និយាយថា​៖ “​ឥឡូវ​កុំ​វែងឆ្ងាយ​អី គេ​និយាយ​អី​និយាយ​ទៅ ប៉ុន្តែ​សម្រាប់​ខ្ញុំ​មិន​ចង់​បកស្រាយ​អី​ច្រើន​ទេ ព្រោះ​ប្អូន​ខ្ញុំ​គាត់​អត់​មានអី​ទេ​!”​។ លោក​អះអាងថា​ប្អូនស្រី​របស់ខ្លួន​ស្ថិតនៅ​ភ្នំពេញ​និង​កំពុង​រស់ នៅ​ជាមួយ​គ្រួសារ​នៅ​ម្ដុំ​ចម្ការ​ព្រីង​នៅ​ភ្នំពេញ​ជាធម្មតា បើទោះជា​នាង​មិនមាន​ការងារ​ផ្សេង​ក្រៅពី​សិល្បៈ​ដែល​ស្ងប់ ស្ងាត់​នាពេល​ចុងក្រោយ​និង​មិនមាន​រវល់​សិក្សា​ក្រៅពី​នៅផ្ទះ​ដែល នាំ​ឲ្យ​គេ​បានឃើញ​មុខ​នាង​ក្នុងពេល​ផ្ទុះ​ដំណឹង​អកុសល​កើតឡើង​។​
​យោងតាម​ការលេចឮ​គឺ​កញ្ញា ខេមរៈ ស្រី​ពៅ បាន​ប្រទះ​នឹង​បញ្ហា​ប្រតិកម្ម​ជាមួយ​ឡេ​រហូត​បង្ក​ឲ្យ​នាង​មាន បញ្ហា​ធ្ងន់ធ្ងរ​ដល់​ស្បែក​និង​ប្រព័ន្ធ​រន្ធ​ញើស​។  ប្រភព​ដោយឡែក​ពីគ្នា​បាន​អះអាងថា​ដោយសារតែ​នាង​មិនបាន​រួសរាន់​ចេញទៅ ព្យាបាល​ឲ្យ​ទាន់ពេលវេលា ទើប​បណ្ដាល​ឲ្យ​បញ្ហា​ប្រតិកម្ម​នោះ​ឈានដល់​កម្រិត​ធ្ងន់ធ្ងរ ដោយ​ខ្លះ​បានលើកឡើង​ថា​នាង​ស្លាប់បាត់​ទៅហើយ​និង​ខ្លះ​ថា​នាង​ស្ថិត ក្នុងការ​បញ្ជូន​ឲ្យ​ទៅ​ព្យាបាល​នៅក្រៅ​ប្រទេស  ប៉ុន្តែ​ក្រុមគ្រួសារ​ព្យាយាម​លាក់បាំង​ព័ត៌មាន​។ មកទល់ពេលនេះ នៅ​មិនទាន់មាន​ការបញ្ជាក់​ឲ្យ​ច្បាស់​ដើម្បី​លាងជម្រះ ដំណឹង​អកុសល​ដែល​បន្ត​សាយភាយ​នៅឡើយ​ទេ​ក្នុងពេលដែល​ខេមរៈ ស្រី​ពៅ ក៏​មិនឃើញ​បង្ហាញមុខ​លាងជម្រះ​ឲ្យ​គេ​ជឿជាក់​។​
​លោក ឡាយ សុខ​ចំរើន អ្នកចាត់ការ​ទូទៅ​រប​ស់​ផលិតកម្ម​សាន់​ដេ បានបង្ហាញ​ការប៉ាន់ស្មាន​ថា​នោះ​ប្រហែលជា​គ្រាន់តែ​ជា​ពាក្យ​ច​ចាម អា​រ៉ា​ម ច្រើនជាង​រឿង​ពិត​។ លោក​និយាយថា​៖ “​មិន​មានរឿង​អញ្ចឹងទេ បើ​អញ្ចឹង​មែន​ប្រហែលជា​ខ្ញុំ​ដឹង​ដែរ​ហើយ​!”​។ លោក​ទទួលស្គាល់ថា​តារាចម្រៀង​ខេមរៈ ស្រី​ពៅ មិនមាន​វត្តមាន​ចេញ​ថត​បទ​ចម្រៀង​សម្រាប់​ចូលឆ្នាំ​នៅ​ថ្ងៃទី​២៤ កុម្ភៈ​ខាងមុខ​នោះទេ ដោយសារតែ​បទ​ចម្រៀង​ទាំងអស់​ដែល​គ្រោង​ចុះ​ថត មិនមាន​បទ​ចម្រៀងរ​បស់​នាង​សម្រាប់​ឆ្នាំនេះ​។ យ៉ាងណាក៏ដោយ​លោក​ថា​ហេតុផល​ដែល ខេមរៈ ស្រី​ពៅ មិនមាន​បទ​ចម្រៀង​សម្រាប់​ចេញ​ថត​នៅ​ថ្ងៃ​ចូលឆ្នាំ​ដែល​ចុះ​ថត នៅ​សប្ដាហ៍​ក្រោយ​នោះ មិន​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​នោះទេ​។  លោក​និយាយថា​៖ “​ចូលឆ្នាំ​ហ្នឹង​សម្រាប់​ការថត​ថ្ងៃទី​១ (២៤ កុម្ភៈ​) អត់​មាន​បទ​គាត់​(​ខេមរៈ ស្រី​ពៅ​)​ទេ ប៉ុន្តែ​អាចមាន​ការថត​លើក​ទី​២​ក៏​មិនដឹង​ដែរ​ចាំមើល​លោក ភា​រុណ​សិន​”​។  លោក​បញ្ជាក់​បន្ថែមថា​លោក​មិនដែល​បាន​ជួប​លោក​ខេមរៈ ភា​រុណ ប្រមាណ​ជា​កន្លះ​ខែ​មកហើយ ដោយ​ទាក់ទង​គ្នា​តែ​ទូរស័ព្ទ​ប៉ុណ្ណោះ ហើយ​ចំណែក​តារាចម្រៀង​ខេមរៈ ស្រី​ពៅ ក៏​មិនដែល​ឃើញ​មុខ​នោះដែរ ប៉ុន្តែ​លោក​នៅតែ​ជឿជាក់ថា​ដំណឹង​អកុសល​ចំពោះ​តារាចម្រៀង​ស្រី​រូប នេះ គឺ​គ្រាន់តែ​ជា​ចចាមអារ៉ាម​៕

ចំនួនអ្នកទស្សនា

    19633767

  • ថ្ងៃនេះ1311
  • ម្សិលមិញ3791
  • សប្តាហ៍នេះ1311
  • ខែនេះ70061
  • ឆ្នាំនេះ406321
  • សរុប19633767